ព័ត៌មានទាន់ហេតុការណ៍៖

ស្រីស្អាតម្នាក់​ រួមនឹងមិត្តភក្តិប្រុសស្រី២នាក់ទៀត ចេញពីជប់លៀង បើក​រថយន្តបុកទ្រូងផ្លូវបាក់១កង់

ចែករំលែក៖

ភ្នំពេញ៖ របាំងថ្មក្បាលនាគពុះចែកទ្រូងផ្លូវមួយកង់ បានដាច់ចេញពីគ្នាបាក់ដួលទៅលើថ្នល់ខូចខាត ខណៈដែលស្រីស្រស់ស្អាតម្នាក់​ រួមដំណើរជាមួយនឹងមិត្តភក្តិប្រុសស្រី២នាក់ទៀត បានបើក​រថយន្តមួយគ្រឿងម៉ាកព្រូស ក្នុងល្បឿនយ៉ាងលឿន ទើបត្រឡប់មកពីកម្មវិធីជប់លៀង ក៏ជ្រុលចង្តូតទៅបុកទ្រូងផ្លូវទាំងកំរោល បណ្ដាលឲ្យរថយន្តខូចខាតចំហៀងខាងឆ្វេងបន្តិចបន្តួច ​មិនបង្កឲ្យអ្នកណាម្នាក់របួសនោះទេ ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានកើត​ឡើងកាលពីវេលាម៉ោង៣ទៀបភ្លឺ​ឈានចូលថ្ងៃ​ចន្ទ ៩កើត ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃ​ទី២០ ខែសីហា ឆ្នាំ២០១៨នេះ ត្រង់ចំណុចខាងជើងស្តុបនាង​គង្ហីង​ តាមបណ្ដោយ​ផ្លូវ១៨២ ស្ថិតក្នុងសង្កាត់អូរឬស្សីទី២ ខណ្ឌ៧មករា រាជធានីភ្នំពេញ។

តាមប្រភពព័ត៍មានពីសាក្សីនៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញរថយន្តមួយគ្រឿងម៉ាក តូយ៉ូតាព្រូស មួយគ្រឿង​ ពណ៌ស្ករ បើកបរដោយយុវតីរូបស្រស់ស្អាតម្នាក់​ (មិនស្គាល់អត្តសញ្ញាណ) រួមនឹងមានមិត្តភក្តិប្រុសស្រី២នាក់ទៀត បានធ្វើដំណើរតាមបណ្ដោយផ្លូវលេខ១៨២(ផ្លូវកម្ពុជាក្រោម) ទើបនឹងត្រឡប់មកពីកម្មវិធីជប់លៀង​មិត្តភក្តិ ក្នុងបំណង​ត្រឡប់ទៅផ្ទះវិញ ដោយបើកបរក្នុងល្បឿនលឿន លុះមកដល់ចំណុចកើតហេតុខាងលើ ក៏ជ្រុលចង្តូតទៅបុករបាំងថ្មក្បាលនាគទ្រូងផ្លូវទាំងកំរោល​ បណ្ដាលឲ្យរថយន្តខូចខាតចំហៀងខាងមុខផ្នែកខាងឆ្វេងបន្តិចប៉ុណ្ណោះ រីឯរបាំងថ្មផ្ងារជើងបាក់អស់១កង់ មិនបណ្ដាលឲ្យមនុស្សរបួសនោះឡើយ ។

ក្នុងហេតុការណ៍នោះ ស្រីស្អាតដែលបើករថយន្តបង្ក និងមិត្តភក្តិប្រុសស្រី២នាក់ទៀតដែលរួមដំណើរ ដោយសារមានភាពទទួលខុសត្រូវខ្ពស់​ ពួកគេមិនបានបើករត់ឬគេចខ្លួនឡើយ ដោយសុខចិត្តអង្គុយរង់ចាំសមត្ថកិច្ចមកដល់កន្លែងកើតហេតុ រួចប្រគល់កូនសោរថយន្តឲ្យ​សមត្ថកិច្ច និងព្រមឲ្យ​ដោះស្រាយតាមច្បាប់​ ។ បន្ទាប់មកពួកគេក៏ហៅ​ម៉ូតូឡាំប្រឺតា (Pass App) ឡើងជិះចេញពីកន្លែងកើតហេតុបាត់ទៅ។

ក្រោយកើតហេតុសមត្ថកិច្ចទាក់ទងទៅសមត្តកិច្ចជំនាញចុះមកធ្វើការវាស់វែង និងស្ទូចយករថយន្តបង្កទៅរក្សាទុក នៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីរង់ចាំធ្វើការដោះស្រាយសងការខូចខាតទ្រព្យសម្បត្តិរដ្ឋទៅតាមនិតិវិធី ៕ស រស្មី


ចែករំលែក៖