ព័ត៌មានទាន់ហេតុការណ៍៖

ខ្សឹបដាក់ត្រចៀក៖ សង្វៀនជល់មាន់នៅឃុំអញ្ចើមបើកលេងជាចំហរ

ចែករំលែក៖

អ្នកភូមិកូនថ្មាត ឃុំអញ្ចើម ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ កំពុង​រស់នៅក្នុងសេចក្តីភ័យខ្លាច ដោយសារក្រុមចោរលួច ចោរឆក់ បាននិងកំពុងកើតឡើង​ ។ ចោរលួច ចោរឆក់កើតឡើង ដោយសារតែ​ល្បែងស៊ីសងសង្វៀនជល់មាន់មួយកន្លែងត្រូវបានបើកជាចំហរនៅឃុំអញ្ចើម ស្រុកត្បូងឃ្មូំ ។ អាជ្ញាធរមានសមត្ថកិច្ច​ត្រូវអ្នកភូមិអះអាងថា បានត្រឹមលូកដៃសុំលុយពីថៅកែវង់ល្បែង ឈ្មោះ សាន និងឈ្មោះ ថុន តែប៉ុណ្ណោះ ។ ដូច្នេះការរំពឹងទៅលើអាជ្ញាធរមានសមត្ថកិច្ចថា អាចនឹងបង្ក្រាបវង់ល្បែងស៊ីសងសង្វៀនជល់មាន់ នេះគឺគ្មានប្រយោជន៍ទេ ។

បើតាមសេចក្តីរាយការណ៍បានឲ្យដឹងថា ក្រុមអ្នកញៀនល្បែងជល់មាន់ហ៊ោកញ្ជ្រៀវផ្អើលអ្នកភូមិ​កូនថ្មាត ដោយបានបើកលេងជារៀងរាល់ថ្ងៃ ។ ផលចំណេញ​ពីសង្វៀនជល់មាន់នេះ​ត្រូវបានលោក ថុន និងលោក សាន ចែករំលែក​ឲ្យអាជ្ញាធរមូលដ្ឋាន ក៏ដូចជាអាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ។ វប្បធម៌ចែករំលែករបស់ថៅកែ​សង្វៀន​នេះ​ទើបធ្វើឲ្យពួកគាត់អាចដំណើរការ​បានដោយរលូន ។ សមត្ថកិច្ច​ជិះរថយន្ត ឬម៉ូតូចូលទៅមើលសង្វៀនជល់មាន់នោះ​គឺដើម្បី​បានប្រាក់​គ្រាន់គុយទាវកាហ្វេប៉ុណ្ណោះ ។ រីឯមេៗថ្នាក់លើ ទទួលបានលាភសក្ការច្រើនបង្គួរ ។

គេរាយការណ៍ថា សង្វៀនជល់មាន់មួយនេះ មិនមែនថ្នាក់ដឹកនាំខេត្តត្បូងឃ្មុំមិនដឹងនោះទេ ប៉ុន្តែសមត្ថកិច្ច​ព្យាយាមបិទបាំង និងរាយការណ៍ឲ្យថ្នាក់ដឹកនាំខេត្តថា ជារឿងតូចតាច យូរៗលេងម្តងតែប៉ុណ្ណោះ ។ ប៉ុន្តែការពិត​វា​ជាវង់ល្បែងស៊ីសងដុះស្លែ រាប់ខែ រាប់ឆ្នាំមកហើយ ។ ពួកថៅកែវង់ល្បែងទាំងនោះ មិនញញើត​ការរិះគន់របស់ប្រជា​ពលរដ្ឋ នៅក្នុងមូលដ្ឋានឡើយ ក៏ព្រោះតែពួកគេបានបោះលុយឲ្យមេៗថ្នាក់ខេត្តពេញហោប៉ៅអស់ទៅហើយ ។ ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានឃុំអញ្ចើម យល់ឃើញថា ការរំពឹងទៅលើថ្នាក់ដឹកនាំខេត្ត​ឲ្យបង្ក្រាបសង្វៀនជល់មាន់មួយនេះ មិនអាចទៅរួចទេ ទាល់តែថ្នាក់ជាតិ ទើបមានសង្ឃឹមខ្លះ ៕

 


ចែករំលែក៖