ព័ត៌មានទាន់ហេតុការណ៍៖

យុវជនម្នាក់ ជិះម៉ូតូលឿនបុករបងថ្មដីឡូត៍ទុកចោល បោកក្បាលស្លាប់យ៉ាងអាណោចអាធម៌ នៅខណ្ឌដូនពេញ

ចែករំលែក៖

ភ្នំពេញ៖ យុវជនម្នាក់ បានបោកក្បាលទៅនឹងរបងថ្មដីឡូត៍មួយកន្លែង បណ្ដាលឲ្យដេកស្លាប់យ៉ាងអាណោចអាធម៌ ខណៈដែលរូបគេជិះម៉ូតូមួយគ្រឿងម៉ាកស្កុបពី បោះពួយយ៉ាងលឿន មិនប្រយ័ត្នត្រង់ចំណុចផ្លូវកោងក៏ជ្រុលចង្កូតទៅបុករបងថ្មដីឡូត៍ទាំងកំរោលតែម្តង ។

ករណីគ្រោះថ្នាក់ចរាចរណ៍បង្កឡើងដោយខ្លួនឯងនេះ បានកើតឡើងកាលពីវេលាម៉ោង១ និង៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃ​អង្គារ ១០កើត ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៨ ត្រង់ចំណុចមុខផ្ទះសំណាក់ស្រែលាភ តាមបណ្តោយផ្លូវលេខ១៣២ ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ ព្រុំទល់ជាប់ខណ្ឌទួលគោក ។

សពជនរងគ្រោះមានឈ្មោះ ម៉ក់ អីហុង ភេទប្រុស អាយុ២៥ឆ្នាំ ស្នាក់នៅផ្ទះលេខ១៨ផ្លូវជាតិលេខ២ ភូមិទួលរកា សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ។

តាមប្រភពព័ត៌មានពីសាក្សីនៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញបុរសរងគ្រោះបើកម៉ូតូមួយគ្រឿងម៉ាក ហុងដាស្កុកពី ស៊េរី០១៨ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ1GR-5731 ដោយធ្វើដំណើរតាមបណ្តោយផ្លូវលេខ១៣២ ក្នុងទិសដៅពីត្បូងទៅជើង និងក្នុងល្បឿនយ៉ាងលឿន។ លុះមកដល់ចំណុចកើតហេតុដែលជាផ្លូវកោង មិនព្រមបន្ថយល្បឿងក៏រេចង្កូតទៅខាងស្តាំ ជ្រុលទៅបុករបងថ្មរបស់ដីឡូត៍ទុកចោល បណ្តាលឲ្យជនរងគ្រោះបោកក្បាលទៅនឹងរបងថ្មស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុយ៉ាងអាណោចអាធម៌ ។ រីឯម៉ូតូខូចខាតបែកកាបាំងផ្នែកខាងមុខយ៉ាងដំណំ ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាននិងសមត្ថកិច្ចជំនាញ បានចុះមកដល់ចំណុចកើតហេតុហើយក៏បានទំនាក់ទំនងទៅរកសាច់ញាតិរបស់ជនរងគ្រោះ និងយកម៉ូតូរបស់ជនរងគ្រោះទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបណ្ដោះអាសន្ន ។ចំណែកសពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចប្រគល់ទៅឲ្យក្រុមគ្រួសារដឹកយកទៅធ្វើបុណ្យទៅតាមប្រពៃណី ៕ស តារា


ចែករំលែក៖