ភ្នំពេញ៖ ដំណើរការសំណេរនាថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៨ ដែលជាព្រឹកថ្ងៃទី២ នៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬ បាក់ឌុប បានប្រព្រឹត្តទៅដោយរលូនល្អ មិនមានបាតុភាពមិនប្រក្រតីណាមួយកើតឡើងគួរឲ្យកត់សម្គាល់ឡើយ ។
ហ្វេសប៊ុកផេកផ្លូវការក្រសួងអប់រំ យុវជន និង កីឡា សរសេរថា នៅតាមមណ្ឌលប្រឡងនីមួយៗ បានដំណើរការដោយភាពស្ងប់ស្ងាត់ និងរបៀបរៀបរយល្អ ដោយមានការយកចិត្តទុកដាក់ និងទំនួលខុសត្រូវខ្ពស់ពីគណៈកម្មការមេប្រយោគគ្រប់លំដាប់ថ្នាក់ មន្ត្រី អ្នកសង្កេតការណ៍ អង្គភាពប្រឆាំងអំពើពុករលួយ សហភាពសហព័ន្ធយុវជនកម្ពុជា និងអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ។ ជាទូទៅបេក្ខជនបានគោរពបទប្បញ្ញត្តិនៃការប្រឡងបានយ៉ាងល្អ ដោយពុំមាននាំមកជាមួយនៅសំណៅឯកសារ ឬឧបករណ៍ហាមឃាត់ឡើយ និងប្រឹងប្រែងធ្វើកិច្ចការតាមសមត្ថភាពរៀងៗខ្លួន។
ក្នុងដំណើរការសំណេរនាព្រឹកថ្ងៃទី២នេះ មានបេក្ខជនប្រឡងសរុបចំនួន ១១៥ ២៦៨ នាក់ ស្រី ៥៨ ១៥៨ នាក់ អវត្តមានសរុបចំនួន១ ៨០៦នាក់ ស្រី ៧២៣នាក់។ ដោយឡែកបញ្ហាសុខភាពធ្ងន់ធ្ងរចំនួន ៣១ករណី ក្នុងនោះអនុរក្សមាន២ករណី និងអ្នកសង្កេតស្ម័គ្រចិត្ត ០១ករណី និងបេក្ខជនចំនួន២៨ករណី ប៉ុន្តែអាចដំណើរការប្រឡងបន្តទៀតបាន បន្ទាប់ពីទទួលបានការសង្គ្រោះបឋម ក្នុងនោះ ០៣ករណី ត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យ ហើយអាចត្រឡប់មកបន្តការប្រឡងវិញ ០១ករណី និង ០២ករណី មិនអាចត្រឡប់មកបន្តការប្រឡងបានទៀតឡើយ ។ បុគ្គលិកអប់រំមានកំហុសឆ្គង០៣ករណី ដោយទុកទូរស័ព្ទជាប់ខ្លួនច ត្រូវបានបញ្ឈប់មិនអនុញ្ញាតឲ្យបន្តការងារត្រូវបានបញ្ឈប់មិនអនុញ្ញាតឲ្យបន្តការងារ ។ សម្រាប់អាកាសធាតុនៅតាមមណ្ឌលប្រឡងមួយចំនួននៅតែបន្តមានភ្លៀងធ្លាក់ដូចជា ខេត្តកែប ព្រះសីហនុ រតនគិរី និងខេត្តមណ្ឌលគិរី ប៉ុន្តែមិនប៉ះពាល់ដល់ដំណើរការសំណេររបស់បេក្ខជនឡើយ៕ ចេស្តា