ព័ត៌មានទាន់ហេតុការណ៍៖

បាត់មិនឃើញនៅផ្ទះ២ថ្ងៃក្រោយមកឃើញលង់ទឹកស្លាប់ក្បែរផ្ទះបង្កឲ្យភ្ញាក់ផ្អើលនៅស្រុកមុខកំពូល

ចែករំលែក៖

ខេត្តកណ្ដាលៈ បុរសម្នាក់ដែលមានស្មារតីវង្វេងបានបាត់ពីផ្ទះចំនួន២ថ្ងៃ ក្រោយមកទើបប្រទះឃើស្លាប់ដោយលង់ទឹកទន្លេរក្បែរផ្ទះ បង្កឲ្យមានការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង៨និង១០នាទី ថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៨ ស្ថិតក្នុងភូមិកណ្តាល ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្តាល ។

មន្រ្ដីនគរបាលស្រុកមុខកំពូលបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ឃ្លោក សារិន ភេទប្រុស អាយុ៦៣ឆ្នាំ មុខរបរកសិករ មានទីលំនៅភូមិកណ្តាល ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្តាល ។

ប្រភពដដែលបន្ដថា កន្លងមកជនរងគ្រោះបានបែកបាក់(លែងលះ)ជាយូរណាស់មកហើយ ដោយមករស់នៅជាមួយប្អូនស្រីបង្កើតឈ្មោះ ឃ្លោក ស៊ីណាត នៅភូមិឃុំកើតហេតុ ។ ចាប់តាំងពីឆ្នាំ២០១៦មក ជនរងគ្រោះគឺជាមនុស្សមានជំងឺប្រចាំកាយ(ទឹកនោមផ្អែម ,លើសឈាម ) តែងវង្វេងវង្វាន់ដើរមិនដឹងផ្ទះ ពេលខ្លះបាត់មួយយប់ពីរយប់ទើបមានម៉ូតូអ្នកស្គាល់ឌុបយកមកផ្ទះវិញ ។ លុះមកដល់ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៨ វេលាម៉ោងប្រមាណ៥ ប្អូនស្រីជនរងគ្រោះបានបាត់ជនរងគ្រោះមិនឃើញនៅផ្ទះទេ ហើយប្អូនស្រីជនរងគ្រោះបានស្វែងរកជនរងគ្រោះគ្រប់ទីកន្លែងក៏នៅតែរកពុំឃើញដែរ លុះ២ថ្ងៃក្រោយមក ដល់ថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៨ វេលាម៉ោង៦និង៣០នាទី ប្អូនស្រីជនរងគ្រោះមានកាសង្ស័យខ្លាចជនរងគ្រោះលង់ទឹកទន្លេរក្រោយផ្ទះ ក៏ជួលឲ្យអ្នកជិតខាងចុះរាវរកក្នុងទឹកទន្លេក្បែរផ្ទះ ភ្លាមនោះក៏ស្រាប់តែឃើញសពជនរងគ្រោះនៅក្នុងទឹក រួចក៏ស្រង់យកសាកសពជនរងគ្រោះមកដាក់លើច្រាំងក្រោយផ្ទះ បន្ទាប់មកបានរាយការណ៍ជូនសមត្ថកិច្ចជំនាញស្រុកដើម្បីពិនិត្យកោសល្យវិច្ច័យ ។

បន្ទាប់ពីសមត្ថកិច្ចជំនាញបានទទួលព័ត៌មានភ្លាម សមត្ថកិច្ចបានចុះមកកោសល្យវិច្ច័យទៅលើសាកសព រួចបញ្ជាក់ថាជនរងគ្រោះពិតជាស្លាប់ដោយសារលង់ទឹកប្រាកដមែន ។ ក្រោយពីពិនិត្យចប់សមត្ថកិច្ចក៏ប្រគល់សាកសពទៅឲ្យក្រុមគ្រួសារយកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី ៕ស្អាងជ័យ


ចែករំលែក៖