ព័ត៌មានទាន់ហេតុការណ៍៖

ជនជាតិចិនទៀតហើយ! បើកឡានលឿនដូចហោះទៅបុកម៉ូតូរ៉ឺម៉កកង់៣ពីក្រោយ រងរបួសធ្ងន់ម្នាក់

ចែករំលែក៖

ខេត្តស្វាយរៀង៖ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តបើកបរក្នុងល្បឿនលឿន ខ្វះការប្រុងប្រយត្ន័ទៅបុកម៉ូតូ រ៉ឺម៉កកង់៣យ៉ាងពេញទំហឹង បណ្ដាលឲ្យបុរសម្នាក់រងរបួសធ្ងន់កាលពីវេលាម៉ោង៣និង១០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី ២១ ខែសីហា ឆ្នាំ២០១៨ នៅលើផ្លូវជាតិលេខ១ ត្រង់ចំណុចគីឡូម៉ែត្រលេខ១៦១-១៥៦២ ស្ថិតក្នុងភូមិតាបឹប សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ។

យោងតាមសមត្ថកិច្ចនគរបាលក្រុងបាវិត បានឲ្យនគរវត្តដឹងថា បុរសជាម្ចាស់រ៉ីម៉កកង់៣ ដែលរងរបួសធ្ងន់មានឈ្មោះ ជុំ ដង អាយុ៤០ឆ្នាំ ជនជាតិខ្មែរមុខរបរ រត់ម៉ូតូតុកៗ រស់នៅភូមិតពៅ សង្កាត់បាវិត ក្រុងបាវិត ខណៈម៉ូតូខូចខាតធ្ងន់ ។

ចំណែករថយន្តបង្កហេតុម៉ាក BMW 730d ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ2AW-3135 បើកបរដោយឈ្មោះ ស៊ី អ៊ីពីង ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិចិន មុខរបរបុគ្គលិកកាស៊ីណូ ជីវីន ស្នាក់នៅភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀងត្រូវបានសមត្ថកិច្ចឃាត់ខ្លួនភ្លាមៗបញ្ជូនមកសាកសួរ ។

បើតាមសាក្សីបានឲ្យដឹងថាមុនកើតហេតុគេឃើញមានម៉ូតូកង់បី(តុកៗ)១គ្រឿងម៉ាកហុងដា C125 ពណ៌ខ្មៅ ពាក់ស្លាកលេខស្វាយរៀង1E-0289បើកបរដោយបុរសម្នាក់ ខណៈធ្វើដំណើរពីកើតទៅលិច លើកំណាត់ផ្លូវជាតិលេខ១លុះមកដល់ចំណុចកើតហេតុខាងលើ ស្រាប់តែមានរថយន្តបង្កហេតុម៉ាក BMW 730d ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ2AW-3135បើកបរដោយបុរសជនជាតិចិនក្នុងល្បឿនលឿន ខ្វះការប្រុងប្រយត្ន័ទៅបុកម៉ូតូពីក្រោយយ៉ាងពេញទំហឹងបង្កការភ្ញាក់ផ្អើលដល់អ្នកភូមិតែម្ដង ។

បច្ចុប្បន្ន​ជនរងគ្រោះ ត្រូវបានសមត្ថកិច្ចមូលដ្ឋានដឹកបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យប្រទេសវៀតណាម ដោយមុខរបួសមានសភាពធ្ងន់ធ្ងរ ។

ចំណែករថយន្ត និងម៉ូតូ ត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុនិងធ្វើការវាស់វែង យកមករក្សាទុកនៅអធិការដ្ឋាននគរបាលក្រុងបាវិត ដើម្បីដោះស្រាយពេលក្រោយ ៕ យឹម សុថាន


ចែករំលែក៖