ព័ត៌មានទាន់ហេតុការណ៍៖

ឆ្នាំ២០១៨នេះ កម្ពុជានឹងធ្វើជាប្រទេសកិត្តិយសក្នុងពិព័រណ៌ពាណិជ្ជកម្មចិន-អាស៊ាន នាខែកញ្ញាខាងមុខ

ចែករំលែក៖

ភ្នំពេញ៖ ខណ:ដែលពិព័រណ៌ពាណិជ្ជកម្មចិន-អាស៊ានលើកទី១៥ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៥ ខែកញ្ញាខាងមុខ នៅទីក្រុងណាននីង ខេត្តក្វាងសុី ប្រទេសចិន ក្នុងនោះកម្ពុជានឹងធ្វើជាប្រទេសកិត្តិយស ស្របពេលទំនាក់ទំនងការទូត កម្ពុជា-ចិន នឹងឈានចូលគម្រប់ខួបលើកទី៦០ ក៏ដូចជាគម្រប់ខួបលើកទី១៥ក្នុងការបង្កើតភាពជាដៃគូយុទ្ធសាស្រ្តចិន-អាស៊ាន ។

យោងតាមសេចក្តីប្រកាសព័តមានឲ្យដឹងនៅព្រឹកថ្ងៃ២១ សីហា ឆ្នាំ២០១៨នេះ ក្នុងសន្និសីទសារព័ត៌មាន ស្តីពីពិព័រណ៌ពាណិជ្ជកម្មចិន-អាស៊ាន នៅរាជធានីភ្នំពេញថា ពិព័រណ៌ខាងលើនេះ ជាវេទិកាដ៏សំខាន់មួយក្នុងការជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងនយោបាយការទូតព្រមទាំងវប្បធម៌ រវាងប្រទេសទាំងពីរ ជាពិសេសបង្កើតកានុវត្តភាពវិនិយោគនិងសកម្មភាព ពាណិជ្ជកម្ម ដើម្បីជំរុញសមាហរណកម្មសេដ្ឋកិច្ចក្នុងតំបន់ ក៏ដូចជាពង្រីកគោកដៅទីផ្សារទាំងក្នុងនិងក្រៅប្រទេស ស្របតាមយុទ្ធសាស្រ្តអភិវឌ្ឍន៍គ្រប់ជ្រុងជ្រោយលើវិស័យពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ។

លោក ស៊ាង ថៃ អគ្គនាយកនៃអគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្មនៃក្រសួងពាណិជ្ជកម្ម បានមានប្រសាសន៍ថា ក្រៅពីការតាំងបង្ហាញផលិតផលនិងសេវា យើងនឹងរៀបចំសិក្ខាសាលាផ្សព្វផ្សាយពីគោលនយោបាយវិនិយោគ និងបរិយាកាសធ្វើធុរកិច្ចនៅកម្ពុជា អមដោយពិធីចុះហត្ថលេខាលើគម្រោងវិនិយោគ និងបរិយាកាសធ្វើធុរកិច្ចនៅកម្ពុជា អមដោយពិធីចុះហត្ថលេខាលើគម្រោងវិនិយោគមួយចំនួន ក៏ដូចជារៀបចំវេទិកាវិនិយោគកម្ពុជា-ចិនលើកទី៣ និងកម្មវិធីទស្សនកិច្ចរបស់ពាណិជ្ជករកម្ពុជាទៅកាន់ប្រទេសចិន ដើម្បីស្វែងរកដៃគូធ្វើអាជីវកម្ម ។

សម្រាប់កម្មវិធីពិព័រណ៌ពាណិជ្ជកម្មចិន-អាស៊ាន ជារៀងរាល់ឆ្នាំកម្ពុជាតែងតែរៀបចំពន្លាជាតិដើម្បីបង្ហាញពីកិត្តិនាមរបស់ប្រទេសដល់អ្នកចូលរួមឲ្យបានស្គាល់កាន់តែច្បាស់ពីប្រទេសកម្ពុជា ។ សម្រាប់ឆ្នាំ២០១៨នេះ កម្ពុជានឹងរៀបចំជាពន្លាជាតិមួយ ដោយយកប្រាសាទសំបូរព្រៃគុកក្នុងខេត្តកំពង់ធំធ្វើជាទីក្រុងស្រស់ប្រិមប្រិយ និងមានអគារមួយទំហំ ៤៥X៦០ម៉ែត្រ ដែលអាចរៀបចំបាន១៤៦ស្តង់ សម្រាប់បង្ហាញផលិតផលនិងសេវារបស់ប្រទេសផងដែរ ៕ ស តារា


ចែករំលែក៖