ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានប្រកាសកាលពីថ្ងៃទី២១ ខែសីហាថា អាមេរិកនឹងដំឡើងពន្ធ២៥ភាគរយដល់រថយន្តនាំចូលពីអឺរ៉ុប។ ប្រធានាធិបតី ត្រាំ បានប្រកាសពេលចូលរួមព្រឹត្តិការណ៍នៅទីក្រុង West Virginia កាលពីរសៀលថ្ងៃ ទី២១ ខែសីហាថា យើងនឹងដំឡើងពន្ធ ២៥ភាគរយ ដល់រថយន្តនីមួយៗនាំចូលពីអឺរ៉ុបមកទឹកដីអាមេរិក។
ការប្រកាសខាងលើកើតឡើងក្រោយពេលប៉ុន្មានម៉ោងដែលសារព័ត៌មាន Wall Street Journal ផ្សាយថា រដ្ឋមន្ត្រីក្រសួង ពាណិជ្ជកម្មអាមេរិក លោក Wilbur Ross បានផ្អាកប្រគល់របាយការណ៍ស្តីពីពន្ធនាំចូលរថយន្ត។ លោកក៏មិនប្រាកដថា របាយការណ៍ស្តីពីពន្ធនៅក្នុងខែសីហានេះ នឹងត្រូវបានប្រកាសដែរឬទេ។ មូលហេតុដែលពន្យារការផ្តល់របាយការណ៍ដោយសារតែគណៈកម្មការ អឺរ៉ុប មិុចស៊ីកូ និង កាណាដា កំពុងតែធ្វើឡើង។
លោក Wilbur Ross បានបញ្ជាក់ថា ឯកសាររបស់ក្រុមអ្នកផលិតរថយន្តដែលផ្តល់មក គឺយឺតយ៉ាវជាងការគ្រោងទុក។ ភាគច្រើនក្រុមហ៊ុនរថយន្តបានប្រឆាំង នឹងពន្ធនាំចូល ក៏ដូចជាការដំឡើងថ្លៃដល់អ្នកប្រើប្រាស់។
លោក ត្រាំ បានព្រមានដំឡើងពន្ធ ពី ២០-២៥ភាគរយដល់រថយន្តនាំចូល។ កាលពីខែឧសភា លោក ត្រាំ បានស្នើដល់ក្រសួងពាណិជ្ជកម្មស្រាវជ្រាវពីសកម្មភាពនាំចូលរថយន្ត មានគំរាមកំហែងដល់សន្តិសុខជាតិដែរឬទេ? លោក ត្រាំ បានយក មូលហេតុសន្តិសុខជាតិ ដើម្បីដំឡើងពន្ធ លើដែកថែប និងអាលុយមីញ៉ូមនាំចូលពីក្រៅប្រទេស។
ជាមួយនឹងការដំឡើងពន្ធរថយន្តនាំ ចូលពីអឺរ៉ុបនិងធ្វើឲ្យទំនាក់ទំនងសម្ពន្ធមិត្តដ៏សំខាន់នេះប្រឈមនឹងការប្រេះឆា នឹងធ្វើឲ្យបាត់បង់សម្ពន្ធមិត្តដ៏សំខាន់បំផុត របស់អាមេរិក។ មិនតែប៉ុណ្ណោះ អាមេរិក នឹងត្រូវប្រឈមនឹងអង្គការពាណិជ្ជកម្ម ពិភពលោក WTO ដោយមានប្រទេស ជាច្រើនដែលរងការដំឡើងពន្ធពីអាមេរិក បានដាក់លិខិតតវ៉ាទៅកាន់អង្គការសំខាន់មួយនេះឲ្យចូលរួមដោះស្រាយ។
កន្លងមក ចិនក៏បានដាក់លិខិតឡើងទៅកាន់អង្គការ WTO ដែរដោយចោទ ប្រកាន់អាមេរិក ថាបានបំពានច្បាប់ ពាណិជ្ជកម្ម។ នៅពេលនេះ ទួរគីក៏បាន ដាក់ពាក្យបណ្តឹងប្រឆាំងអាមេរិកទៅកាន់អង្គការ WTO ផងដែរ។ ជាមួយគ្នានេះអង្គ ការ WTO នឹងចូលរួមដោះស្រាយប្រសិនបើក្នុងរយៈពេល៣ខែប្រទេសជាប់ពាក់ព័ន្ធ មិនអាចរកដំណោះស្រាយឃើញនោះ។
អង្គការ WTO បានប្រកាសកាលពីថ្ងៃទី ២១ ខែសីហាថា ទួរគីបានសម្រេចចិត្ត ដាក់ពាក្យប្ដឹងសហរដ្ឋអាមេរិកទៅកាន់អង្គការពាណិជ្ជកម្មពិភពលោក (WTO) ជុំវិញការដំឡើងពន្ធលើការនាំចូលដែក និង អាលុយមីញ៉ូមរបស់លោក ដូណាល់ ត្រាំ ដែលបានព្រមានថានឹងដាក់ទណ្ឌកម្ម បន្ថែមលើទីក្រុងអង់ការ៉ា។
នៅក្នុងសេចក្ដីថែ្លងការណ៍របស់ខ្លួន ចេញផ្សាយនៅថ្ងៃចន្ទសប្ដាហ៍នេះ (ម៉ោង នៅក្នុងតំបន់) អង្គការ WTO បានឲ្យដឹង ដូច្នេះថា «ទួរគីបានដាក់ពាក្យប្ដឹង និងស្នើ ឲ្យអង្គការ WTO ជួយដោះស្រាយជម្លោះពាណិជ្ជកម្មបច្ចុប្បន្នជាមួយសហរដ្ឋអាមេរិក ជុំវិញការ ដំឡើងពន្ធលើការនាំចូលផលិត ផលដែក និងអាលុយមីញ៉ូមពីសំណាក់ លោក ដូណាល់ ត្រាំ»។
សូមជម្រាបថា លោក ដូណាល់ ត្រាំ នៅក្នុងខែសីហានេះ បានប្រកាសដំឡើងពន្ធលើការនាំចូលដែក២០ភាគរយ និង អាលុយមីញ៉ូម៥០ភាគរយ ពីប្រទេសទួរគី ហើយថែមទាំងព្រមានទៀតថានឹងដាក់ ទណ្ឌកម្មសេដ្ឋកិច្ចបន្ថែម បើទីក្រុងអង់ការ៉ា មិនព្រមដោះលែងអាចារ្យគ្រឹស្ដសាសនាអាមេរិកម្នាក់ឈ្មោះ Andrew Brunson ដែលកំពុងជាប់ឃុំនៅទួរគីទេនោះ៕ ម៉ែវ សាធី