ព័ត៌មានទាន់ហេតុការណ៍៖

ក្រសួងធនធានទឹកប្រកាសថាទឹកស្ទឹងព្រែកត្នោតបានធូរស្រាល​ទាំង​ស្រុងហើយ

ចែករំលែក៖

ភ្នំពេញ ៖ អ្នកនាំពាក្យ​ក្រសួង​ធនធាន​ទឹក និងឧតុនិយមលោក ចាន់ យុត្ថា បាន​ថ្លែង​ឲ្យដឹងថា គិតត្រឹមម៉ោង១រសៀលថ្ងៃ ពុធ ១១កើត ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៨ ស្ថានភាពទឹកជំនន់នៅស្ទឹងព្រែកត្នោត បានធូរ​ស្រាល​​ទាំងស្រុងហើយ មិនមានអ្វី​ដែល​ជា​​ការគំរាមកំហែងដល់ប្រជា​ពលរដ​្​ឋ​ នៅខណ្ឌដង្កោ រាជធានីភ្នំ ពេញ​ទៀត​នោះ​ទេ​។

សម្រាប់ស្ថានភាពធូរស្រាលបែបនេះ ត្រូវបានលោក ចាន់ យុត្ថា ឲ្យដឹងថា ក្រុម​ការងារបច្ចេកទេសនៃក្រសួង​ធនធាន​ទឹក និង​អាជ្ញាធរមូល​ដ្ឋាន​ពាក់ព័ន្ធនៅតែបន្ដតាមដានយ៉ាងយកចិត្តទុកដាក់ជានិច្ច ព្រោះខ្លាចក្រែងជំនន់ទឹកស្ទឹងនេះជន់ឡើងវិញ ។

អ្នកនាំពាក្យរូបនេះបាន​បញ្ជាក​់​យ៉ាង​ដូច្នេះថា ចាប់ព​ី​ម៉ោង​១១​មក​ដល់​ម៉ោង​​​១​រសៀល​នេះទឹក​នៅ​ចំណុច​​ទ្វារ​ទឹក​៧មករា បានស្រក​ចុះ​ចំនួន​២សង់ទីម៉ែត្រ មាន​ន័យថា វាមាន​សញ្ញាណ​ក្នុង​ការធូរស្រាល​ហើយ​ ប៉ុន្តែយើងមិនទាន់អាចបោះបង់ការប្រុងប្រយ័ត្នបាននៅឡើយទេជារួមស្ថានភាពទឹកជំនន់ស្ទឹងព្រែកត្នោតនៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ និងខេត្តកណ្តាល ត្រូវការពេលវេលា​ប្រមាណ១២​ម៉ោង​ទៀ​ត​ ទើបបានធូរ​ស្រាល ។

សូមជម្រាបថា នៅយប់ថ្ងៃទី២១ ខែ​សីហា ឆ្នាំ២០១៨ ជំនន់ទឹក​ស្ទឹង​ព្រែក​ត្នោត​ បានគំរាមកំហែង​កាន់តែខ្លាំង ដល់ប្រជាពលរដ្ឋរស់នៅក្នុងខណ្ឌដង្កោ រាជធានី​ភ្នំ​ពេ​ញ ហើយលោករដ្ឋមន្ដ្រី លឹម គានហោ បានដឹកនាំមន្ដ្រីជំនាញចុះទៅពិនិត្យផ្ទាល់ និង​ដាក់​ ចេញនូវវិធានការភា្លមៗឲ្យក្រុម​ការងារ​​​ដាក់ពង្រាយនៅតាមទំនប់សណ្ដដើម្បី​គ្រប​់គ្រងមួយយប់ទល់ភ្លឺមិនឲ្យសម្រាក​​​​​​ឡើយ ៕ ហេង សូរិយា


ចែករំលែក៖