ភ្នំពេញ ៖ បុរសម្នាក់បានរងរបួសធ្ងន់ ហើយត្រូវប្រជាពលរដ្ឋដឹកយកទៅសង្គ្រោះបន្ទាន់នៅឯមន្ទីរពេទ្យភ្លាមៗ បន្ទាប់ពីត្រូវជនសង្ស័យម្នាក់បានធ្វើសកម្មភាពយកកូនកាំបិតចាក់ពីក្រោយខ្នងបំណងប្លន់យកម៉ូតូ តែមិនបានសម្រេចក៏រត់គេចខ្លួនចូលព្រៃបាត់បង្កការភ្ញាក់ផ្អើលដល់ប្រជាពល រដ្ឋនិងសមត្ថកិច្ចមូលដ្ឋានរួមទាំងមន្រ្តីកងរាជអាវុធហត្ថខណ្ឌដង្កោនៅវេលាម៉ោង ១០និង៣០នាទីព្រឹកថ្ងៃពុធ ១១កើត ខែ ស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៨ តាមបណ្តោយផ្លូវលេខ៦០ម៉ែត្រ ក្បែរផ្លូវ ជាតិលេខ២ ស្ថិតក្នុងសង្កាត់ជើងឯក ខណ្ឌ ដង្កោ រាជធានីភ្នំពេញ ។
យោងតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលឃើញហេតុការណ៍ និងនៅក្បែរ កន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា មុន ពេលកើតហេតុជនរងគ្រោះជាអ្នករត់ម៉ូតូឌុបបានដឹកជនសង្ស័យម្នាក់មិនដឹងមកពីណានោះទេ។ លុះមកដល់កន្លែងកើត ហេតុខាងលើជនសង្ស័យក៏ធ្វើសកម្មភាព ដកកូនកាំបិតមុខស្រួចដែលមានដងឈើចាក់ប្រហារពីក្រោយខ្នងទាំងកំរោលទៅលើអ្នករត់ម៉ូតូឌុបបណ្តាលឲ្យរងរបួសធ្ងន់ ហើយបម្រុងយកម៉ូតូចេញទៅ តែដោយសារផ្លូវ១ខ្សែនេះមានបងប្អូនប្រជាពលរដ្ឋធ្វើដំណើរជាច្រើន ទើបមានការភ្ញាក់ផ្អើលធ្វើឲ្យជនសង្ស័យភ័យរត់គេចចូលគុម្ពព្រៃក្នុងដីឡូមួយកន្លែងក្បែរនោះធ្វើឲ្យសមត្ថ កិច្ចមូលដ្ឋាន និងកម្លាំងកងរាជអាវុធហត្ថ រុករកអស់ជាច្រើនម៉ោងនៅតែរកមិនឃើញ ។
ក្រោយពេលកើតហេតុជនរងគ្រោះត្រូវបានបងប្អូនប្រជាពលរដ្ឋដែលធ្វើដំណើរតាមផ្លូវដឹកតាមម៉ូតូយកទៅ សង្គ្រោះភ្លាមៗនៅមន្ទីរពេទ្យទាន់ពេលវេលាហើយបច្ចុប្បន្នកំពុងសម្រាកព្យាបាលរបួសនៅឯមន្ទីរពេទ្យឯកជនទាំងក្ដីឈឺចាប់ ៕ ភារ៉ា ដង្កោ