ខេត្តបន្ទាយមានជ័យ៖ យុវជនម្នាក់បានបាត់បង់ជីវិត ដោយសារតែទឹកទឹកហូរគួចខ្លាំងរុំជើងជនរងគ្រោះជាប់សំណាញ់ ។
មូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានឲ្យដឹងថា ហេតុការណ៍នេះបានកើតឡើងកាលពីថ្ងៃពុធ ១១កើត ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៨ វេលាម៉ោង ១៣ និង១០នាទី នៅចំណុចអូរខៃដន ស្ថិតក្នុងភូមិសុខសាន្ដ សង្កាត់និមិត្ត ក្រុងប៉ោយប៉េត ខេត្តបន្ទាយមានជ័យ ។
ប្រភពបន្តថា ករណីលង់ទឹកស្លាប់នេះ ជនរងគ្រោះត្រូវបានស្គាល់ ឈ្មោះ វី ភេទប្រុស អាយុ២១ឆ្នាំ រស់នៅភូមិផ្សារកណ្ដាល សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
ប្រភពថា មូលហេតុដំបូង គឺជនរងគ្រោះទៅបង់សំណាញ់ ហើយត្រូវទាក់ជាប់ដៃជាមួយសំណាញ់ ក៏ទាញជនរងគ្រោះធ្លាក់ចូលទៅក្នុងទឹក ដែលកំពុងហូរគួចខ្លាំង ពេលនោះជើងជនរងគ្រោះបានរុំជាប់នឹងសំណាញ់ទៀត ធ្វើឲ្យជនរងគ្រោះ មិនអាចហែលទឹករួចឡើយ ក៏លង់ស្លាប់យ៉ាងអាណោចអាធ័ម ។
សមត្ថកិច្ចបានចុះពិនិត្យធ្វើកោសល្យវិច័យជាក់ស្តែងឃើញថា ពិតជាស្លាប់ដោយលង់ទឹក ពុំពាក់ព័ន្ធអំពើឃាតកម្មឡើយ ។
សាកសពជនរងគ្រោះ ត្រូវបានគេរកឃើញនៅវេលាម៉ោង ១៤និង២០នាទី ថ្ងៃខែឆ្នាំដដែល ៕ វណ្ណា