ព័ត៌មានទាន់ហេតុការណ៍៖

ម៉ូតូស៊េរីទំនើបអត់ពន្ធ១០គ្រឿងត្រូវកម្លាំងគយក្រសួងបង្ក្រាបបាន

ចែករំលែក៖

ប៉ោយប៉ែត៖ ម៉ូតូស៊េរីទំនើបៗចំនួន១០គ្រឿងត្រូវកម្លាំងគយក្រសួងបង្ក្រាបកាលពីរសៀលថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៨ ឋិតក្នុងភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។

សមត្ថកិច្ចប្រាប់ថា ការចុះប្រតិបត្តិការនេះ មានការសម្របសម្រួលដោយ លោក មាស ចន្ទ័ពិសិដ្ឋ ព្រះរាជអាជ្ញាសាលាដំបូងខេត្តបន្ទាយមានជ័យ និងកម្លាំងសមត្ថកិច្ចជំនាញជាច្រើនស្ថាប័ន ក្នុងប្រតិបត្តិការនោះដែរ កម្លាំងសមត្ថកិច្ចចម្រុះ ដកហូតបានម៉ូតូស៊េរីទំនើប ដូចជា ម៉ូតូ PCX ចំនួន៤គ្រឿង Zoomex ស៊េរី២០១៨ ចំនួន១គ្រឿង Scopiស៊េរី២០១៧ មួយគ្រឿង និងClik ស៊េរី២០១៨ ចំនួន៤គ្រឿង ។

ម្ចាស់ទីតាំងដែលកម្លាំងគយក្រសួងប្រចាំខេត្តបន្ទាយមានជ័យ ចុះបង្ក្រាបនោះ ត្រូវគេស្គាល់ថា ឈ្មោះ ថន ថាវរ: ភេទប្រុស អាយុ៣៣ឆ្នាំ រស់នៅភូមិកើតហេតុ ។

យោងតាមការសាកសួរម្ចាស់ទីតាំងប្រាប់ថា ម៉ូតូខាងលើនោះគឺជាម៉ូតូគេចពន្ធត្រូវបានគេយកមកឲ្យ ។

ជុំវិញករណីនេះ លោកមាស ចន្ទ័ពិសិដ្ឋ ព្រះរាជអាជ្ញាសាលាដំបូងខេត្តបន្ទាយមានជ័យ បញ្ជាក់ថា លោកគ្រាន់តែសហការឲ្យកម្លាំងចុះឆែកឆេរក្នុងផ្ទះ ដែលមានម៉ូតូអត់ពន្ធតែប៉ុណ្ណោះ ព័ត៌មានបន្ថែម សាកសួរទៅកម្លាំងគយទៅ ។

ករណីនេះដែរ លោកអាត អឿន អនុប្រធានការិយាល័យ និងស្រាវជ្រាវអំពើរត់ពន្ធតំបន់៥ប្រាប់ថា ចំពោះម៉ូតូដែលកម្លាំងចម្រុះចុះបង្ក្រាបនេះ គឺជាម៉ូតូគេចពន្ធ ។

លោកថាម៉ូតូខាងលើនេះចំនួន១០គ្រឿង ក្រោយពីប្រតិបត្តិការ ម៉ូតូទាំងអស់យកទៅថែរក្សាទុក នៅការិយាល័យស្រាវជ្រាវ និងអំពើរត់ពន្ធតំបន់៥ ដើម្បី និងធ្វើកំណត់ហេតុបញ្ជូនទៅអគ្គនាយកដ្ឋានគយ និងរដ្ឋករដើម្បីឲ្យម្ចាស់ចូលទៅបង់ពន្ធនៅទីនោះ ។

គួររំលឹកថា សព្វថ្ងៃម៉ូតូស៊េរីទំនើបគេចពន្ធ ត្រូវគេរាយការណ៍ថា កំពុងនាំចូលតាមច្រករបៀង ក្នុងស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ក្នុងមួយថ្ងៃមិនក្រោយពី៣០គ្រឿងឡើយ ៕ វណ្ណា


ចែករំលែក៖