ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តដឹកធ្យូងថ្មបើកធ្លាក់ផ្លូវក្រឡាប់ តែមិនមានអ្នករងរបួស

ចែករំលែក៖

ខេត្តព្រះសីហនុ៖ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងដោយខ្លួនឯង ដោយរថយន្តធុនធំដឹកធ្យូងថ្មមួយគ្រឿង បើកធ្លាក់ចិញ្ចើមផ្លូវ ពេលបើកបរតាមផ្លូវជាតិលេខ៣ ទិសដៅពីវាលរេញ-កំពត ត្រង់ចន្លោះគីឡូម៉ែត្រ១៨២-១៨៣ នៅភូមិព្រែកសង្កែ ឃុំទឹកថ្លា ស្រុកព្រៃនប់កាលពីម៉ោង២និង៣០នាទីយប់រំលងអធ្រាត្រ ឆ្លងចូលថ្ងៃ១០កើត ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក ត្រូវនឹងថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៨ តែមិនបណ្តាលឱ្យមានអ្នករងរបួសទេ។ រថយន្តនេះម៉ាក ហ៊ីយ៉ាន់ដាយ ពណ៌លឿង សណ្តោងរ៉ឺម៉កពណ៌ខៀវ ស្លាកលេខក្បាលរថយន្ត ភ្នំពេញ៣C ៧៦៦៦.ស្លាកលេខកន្ទុយរ៉ឺម៉ក ព្រះសីហនុ៤A ១១៨៣ ។

ចំណែកអ្នកបើកឈ្មោះផុន សុផល ភេទប្រុស អាយុ២២ឆ្នាំ រស់នៅភូមិក្រសាំងពុល ឃុំមៀនស្រុកព្រៃឈ ខេត្តកំពង់ចាម។ ក្រោយកើតហេតុដោយសាររថយន្តនេះមិនបង្កឱ្យមានគ្រោះថ្នាក់ដល់ទ្រព្យសម្បត្តិរដ្ឋ និងសម្បត្តិឯកជន សមត្ថកិច្ចក៏អនុញ្ញាតឱ្យម្ចាស់ស្ទូចរថយន្តនោះទៅជួសជុល៕ ឆ្លាម សមុទ្រ


ចែករំលែក៖