ព័ត៌មានទាន់ហេតុការណ៍៖

ឆក់ខ្សែកប្លាទីន បានសម្រេចហើយ ជិះរត់គេចទៅបុកម៉ូតូមួយគ្រឿងដួល ត្រូវពលរដ្ឋចាប់បានវាយឡើងទ្រមខ្លួន

ចែករំលែក៖

ភ្នំពេញ ៖ ជនសង្ស័យម្នាក់ ត្រូវកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលទឹកល្អក់ទី១ នៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក បង្រ្កាបបានជាក់ស្ដែង ក្រោយធ្វើសកម្មភាពឆក់ខ្សែកប្លាទីនពីស្រ្តីម្នាក់កំពុងជិះម៉ូតូជាមួយប្តី បានសម្រេចហើយ ព្យាយាមជិះរត់គេចខ្លួន តែអកុសលជនសង្ស័យជ្រុលទៅបុកម៉ូតូអ្នកដំណើរមួយគ្រឿង បណ្ដាលឲ្យដួល ភ្លាមនោះត្រូវពលរដ្ឋចាប់បានវាយឡើងទ្រមខ្លួន ។

ករណីឆក់ខ្សែកខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង៧និង៥៥នាទីយប់ថ្ងៃពុធ ១១កើត ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី ២២ ខែសីហា ឆ្នាំ២០១៨ នៅចំណុចផ្លូវចុះពីស្ពាន៧មករា លើដងផ្លូវកម្ពុជាក្រោម ក្រុម ទី២៥ ភូមិ៧ សង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

ជនសង្ស័យឈ្មោះ សឿន ស៊ីណេង ហៅ ណេង ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ ពុំពិតប្រាកដ ស្នាក់នៅផ្ទះជួលពុំស្គាល់លេខ ផ្លូវបេតុង ភូមិស្លែងរលើង សង្កាត់អូបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។ វត្ថុតាងចាប់យកមាន៖ ខ្សែកលោហធាតុ ពណ៌លឿង ស្លេកមួយខ្សែ មានប្រវែងប្រហែល ៤តឹក កន្លះ ដាច់ពីគ្នា (ជារបស់ជនរងគ្រោះដែលជនសង្ស័យឆក់), ម៉ូតូមួយគ្រឿងម៉ាក Honda C110 (សង់ប៊ិច) ស៊េរី 2012 ពណ៌ខ្មៅ ពាក់ស្លាកលេខ កណ្ដាល 1R-3103 ដែល មានលេខតួ និងលេខម៉ាស៊ីន: 8012577 (ជារបស់ជនសង្ស័យជិះធ្វើសកម្មភាពឆក់ ) ។ ចំណែកជនរងគ្រោះឈ្មោះ យក់ ចន្ធូ ភេទស្រីអាយុ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មការិនី រោងចក្រកាត់ដេរ ស្នាក់នៅផ្ទះជួល ផ្លូវលំ សង្កាត់ ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

យោងតាមមន្រ្តីនគរបាលព្រហ្មទណ្ឌខណ្ឌទួលគោក បានឲ្យដឹងថា នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៨ វេលាម៉ោងប្រហែល ១៩និង៤០នាទី ជនរងគ្រោះឈ្មោះ យក់ ចន្ធូ ភេទស្រី អាយុ២៨ឆ្នាំ ជនជាតិខ្មែរ និងប្ដីឈ្មោះ ស្រី សុខែម ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ បានជិះម៉ូតូមួយគ្រឿងម៉ាក Honda C125ស៊េរី 2014 ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1FE-2442 ចេញពីផ្ទះក្នុងគោលបំណងទៅញាំអាហារ និងដើរលេង នៅមាត់ទន្លេ ដោយឈ្មោះ ស្រី សុខែម ជាប្តីរបស់ជនរងគ្រោះជាអ្នកឌុប ចំណែកជនរងគ្រោះជាអ្នកជិះពីខាងក្រោយ ។ លុះពេលជនរងគ្រោះជិះមកដល់ចំណុចផ្លូវចុះពីលើស្ពាន៧មករា លើដងផ្លូវលេខ១២៨ ក្រុម២៥ ភូមិ៧ សង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ស្រាប់តែមានជនសង្ស័យឈ្មោះ សឿន ស៊ីណេង ហៅ ណេង ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ បានជិះម៉ូតូមួយគ្រឿងម៉ាក Honda C110 (សង់ប៊ិច ) ស៊េរី 2012 ពណ៌ខ្មៅ ពាក់ស្លាកលេខ កណ្ដាល 1R-3103 ជិះមកពីខាងក្រោយ ខាងស្ដាំដៃរបស់ជនរងគ្រោះ រួចជនសង្ស័យបានធ្វើសកម្មភាពឆក់យកខ្សែកពីជនរងគ្រោះបានសម្រេច ហើយជនសង្ស័យព្យាយាមជិះគេចខ្លួន ភ្លាមនោះជនរងគ្រោះបានស្រែកថាចោរៗ ហើយជិះដេញតាមពីខាងក្រោយ ភ្លាមនោះជនសង្ស័យឈ្មោះ សឿន ស៊ីណេង បានជិះម៉ូតូទៅបុកនឹងម៉ូតូរបស់អ្នកដំណើរតាមផ្លូវ បណ្ដាលឲ្យដួលម៉ូតូរបស់ជនសង្ស័យ ភ្លាមនោះជនរងគ្រោះ និងសមត្ថកិច្ចនគរបាលប៉ុស្តិ៍រដ្ឋបាលទឹកល្អក់ទី១ ក៏អន្តរាគមន៍ ឃាត់ខ្លួនជនសង្ស័យរូបនេះនឹងវត្ថុតាង (ខ្សែកលោហធាតុពណ៌លឿងស្លេក ) ដាច់ពីគ្នា រួចបញ្ជូនយកមកកាន់អធិការដ្ឋាននគរបាលខណ្ឌទួលគោក ចាត់ការតាមនីតិវិធីច្បាប់តែម្ដង ។

សមត្ថកិច្ចបន្តទៀតថា បន្ទាប់ពីឃាត់ខ្លួនជនសង្ស័យឈ្មោះ សឿន ស៊ីណេង ហៅ ណេង សមត្ថកិច្ចបានយកទឹកនោមជនសង្ស័យរូបនេះមកធ្វើតេស្តិ៍ស្វែងរកសារធាតុញៀនក្នុងទឹកនោម ជាលទ្ធផល មានភាព អវិជ្ជមាន ។ ចំណែកឯខ្សែកលោហធាតុពណ៌លឿងស្លេក មួយខ្សែមានប្រវែងប្រហែល ៤តឹក កន្លះ ដាច់ពីគ្នា សមត្ថកិច្ចបានធ្វើការប្រគល់ជូនជនរងគ្រោះវិញ តាមការស្នើសុំ ដោយមានការឯកភាពពីលោក តុប ឈុនឡុង ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ។

បច្ចុប្បន្នជនសង្ស័យខាងលើកំពុងឃាត់ខ្លួនជាបណ្ដោះអាសន្ន នៅអធិការដ្ឋាន នគរបាលខណ្ឌទួលគោក ដើម្បី សាកសួរ កសាងសំណុំរឿង និងបញ្ជូនជនសង្ស័យទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមច្បាប់ ៕ ស តារា


ចែករំលែក៖