ព័ត៌មានទាន់ហេតុការណ៍៖

អាជ្ញាធរខណ្ឌច្បារអំពៅប្រើធម៌ក្តៅទៅលើរថយន្តតាក់ស៊ី ដែលបង្កភាពអនាធិបតេយ្យ

ចែករំលែក៖

ភ្នំពេញ៖ ការព្យាយាមរបស់អាជ្ញាធរខណ្ឌក្នុងការអប់រំណែនាំ ទៅលើអ្នកបើកបររថយន្តតាក់ស៊ីកុំឲ្យបង្កភាពអនាធិបតេយ្យនៅលើកំណាត់ ផ្លូវជាតិលេខ១តំបន់គល់ស្ពានព្រះមុនីវង្ស ត្រើយខាងកើត ទៅដល់ព្រំប្រទល់ រវាងសង្កាត់វាលស្បូវ នឹងសង្កាត់និរោធ ខណ្ឌច្បារអំពៅ ហាក់ទទួលបានផលជាវិជ្ជមានតិចតួចណាស់ អ្នកបំពាននៅតែបំពាន អ្នកអនុវត្តតាមការណែនាំ នៅតែអនុវត្តមិនបង្កផលលំបាកដល់អាជ្ញាធរឡើយ ។

ផ្តើមចេញពីទង្វើផ្គើននឹងគោលការណ៍ណែនាំរបស់អាជ្ញាធរខណ្ឌ នៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៨ គណៈបញ្ជាការឯកភាពខណ្ឌបានចុះចាប់រថយន្តតាក់ស៊ីចំនួន៧គ្រឿង ដែលរថយន្តតាក់ស៊ីទាំងអស់នេះរត់ចាប់ម៉ូយប្រសេចប្រសាចនៅលើផ្លូវជាតិលេខ១ ធ្វើឲ្យបាត់បង់សណ្តាប់ធ្នាប់សាធារណៈបង្កទៅជាភាពអនាធិបតេយ្យពេញលើផ្លូវជាតិ ។ មួយផ្នែកទៀត សកម្មភាពរបស់ក្រុមអ្នករត់ចាប់ម៉ូយដាក់រថយន្តនេះគឺជាដើមចមនៃការកើតមានគ្រោះថ្នាក់ចរាចរ ដែលអាចកើតឡើងជាយថាហេតុ ។

សន្តិសុខប្រចាំសាលាខណ្ឌច្បារអំពៅបានប្រាប់ថា ដោយមានការណែនាំពីលោកអភិបាលខណ្ឌ កម្លាំងសន្តិសុខបានចុះចាប់រថយន្តតាក់ស៊ី ដែលធ្វើឲ្យបាត់បង់សណ្តាប់ធ្នាប់នៅលើផ្លូវជាតិលេខ១ចំនួន៧គ្រឿង ។ នេះមិនមែនជាលើកទី១ទេ ដែលគណៈបញ្ជាការឯកភាពខណ្ឌច្បារអំពៅប្រើវិធានការក្តៅទៅលើម្ចាស់រថយន្តតាក់ស៊ី ដែលឈប់ចតនៅតាមចិញ្ចើមផ្លូវជាតិលេខ១ហើយរត់ចាប់ម៉ូយដាក់រថយន្ត ។ វិធានការនេះបានធ្វើជាច្រើនលើកច្រើនសារហើយ ប៉ុន្តែមុននឹងប្រើវិធានការក្តៅ គណៈបញ្ជាការឯកភាពខណ្ឌបានធ្វើការផ្សព្វផ្សាយ និងណែនាំឲ្យម្ចាស់រថយន្តតាក់ស៊ីត្រូវអនុវត្តតាមគោលការបស់អាជ្ញាធរខណ្ឌ និយាយរួមគឺហាមមិនឲ្យរថយន្តតាក់ស៊ីទាំងអស់ឈប់ចតនៅចិញ្ចើមផ្លូវជាតិ លេខ១ហើយរត់ចាប់ម៉ូយប្រសេចប្រសាច នោះឡើយ ដោយតម្រូវឲ្យចូលចតក្នុងបេង ។

ទោះជាមានការណែនាំ និងផ្សព្វផ្សាយពីវិធានការយ៉ាងណា ក៏ដោយ បញ្ហាធ្វើឲ្យបាត់បង់សណ្តាប់នៅគល់ស្ពានព្រះមុនីវង្សនៅតែកើតមានដដែល បង្កឡើងដោយរថយន្តតាក់ស៊ីតែ៥ទៅ៦គ្រឿងប៉ុណ្ណោះ ទើបពេលនេះគណៈបញ្ជាការឯកភាពខណ្ឌចាត់វិធានការក្តៅដោយចាប់រថយន្តយកមករក្សាទុកបណ្តោះអាសន្ននៅសាលាខណ្ឌ៣ទៅ៤ថ្ងៃ ដើម្បីជាការព្រមានកុំឲ្យផ្គើននឹងចំណាត់ការរបស់អាជ្ញាធរខណ្ឌ ៕ សណ្តោស


ចែករំលែក៖