ព័ត៌មានទាន់ហេតុការណ៍៖

កំពុងបើកគោយន្ត ស្រាប់តែដាច់ចង្កូត រេមកខាងឆ្វេងដៃរអិល ធ្លាក់ចូលទឹកទន្លេវ៉ៃគោរងរបួសស្រាល៣នាក់

ចែករំលែក៖

ខេត្តស្វាយរៀង៖ យ៉ាងហោចណាស់បុរស៣នាក់រងរបួសស្រាល និងព្រលឹងចុងសក់ ខណៈដែលកំពុងបើកគោយន្ត ដឹកដែកសរសៃ និងសំណាញ់ដែកនោះ ស្រាប់តែគោយន្តដាច់ចង្កូត រេមកខាងឆ្វេងដៃរអិល ធ្លាក់ចូលទឹកទន្លេវ៉ៃគោកាលពីវេលាម៉ោង៤និង៣៥នាទីរសៀល ថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៨ ស្ថិតនៅខាងលិចស្ពានហាយវេ នៅលើផ្លូវជាតិលេខ១ ភូមិ ស្រះវង់ សង្កាត់ ស្វាយរៀង ក្រុង ស្វាយរៀង ខេត្ត ស្វាយរៀង ។

យោងតាមសមត្ថកិច្ចនគរបាលក្រុងស្វាយរៀងបានឲ្យដឹងថា ជនរងគ្រោះជាអ្នកបើកគោយន្តមាន ឈ្មោះ ញាញ់ អាយុ ២៧ឆ្នាំ មានទីលំនៅ ភូមិ បាយ៉ាប ឃុំ ប្រាសាក់ ស្រុក ស្វាយជ្រំ ខេត្ត ស្វាយរៀង និងអ្នករួមដំណើរ២នាក់មិនត្រូវបានស្គាល់ឈ្មោះនោះទេ ខណៈមានទីលំនៅក្នុងភូមិ ឃុំជាមួយគ្នា។

បើតាមសាក្សីបានឲ្យដឹងថាមុនពេលកើតហេតុ គេឃើញគោយន្តមួយគ្រឿង មានសណ្តោងរ៉ឺម៉ក ដែលដឹកដែកសរសៃ និងសំណាញ់ដែក និងមានអ្នករួម២នាក់ទៀត ដោយធ្វើដំណើរពីលិចមកកើត ខណៈបើកមកដល់ចំណុចខាងលើ មិនដឹងយ៉ាងម៉េចស្រាប់តែគោយន្តរ៉េចង្កូតពេញផ្លូវហើយ ក៏រអិលធ្លាក់មកខាងត្បូងផ្លូវចូលទន្លេវ៉ៃគោ រួចកាច់ផ្ងារជើង បណ្តាលឲ្យអ្នកបើកបរ និងអ្នករួមដំណើរភ័យព្រលឹងចុងសក់រងរបួសស្រាលប៉ុណ្ណោះ ។

ក្រោយមកអ្នករងរបួស ត្រូវបានគេដឹកមកកាន់មន្ទីរពេទ្យបង្អែកខេត្តស្វាយរៀង ខណៈសំណាងហើយមិនបង្កឲ្យមានគ្រោះថ្នាក់ដល់អ្នកធ្វើដំណើរ និងអ្នកលក់ដូរក្បែរនោះ ៕ យឹម សុថាន


ចែករំលែក៖