ភ្នំពេញ៖ តារាចម្រៀងសំនៀងថ្នមសម្បុរស្រអែមស្រស់ កញ្ញា សុខ ស្រីនាងហាក់ស្ងប់ស្ងាត់នឹងបទចម្រៀងដែលអាចផ្ទុះការគាំទ្រខ្លាំងដូចមុន ។ ប៉ុន្តែតារាស្រីរូបនេះទទួលបានឱកាសថតភាពយន្តថ្មីបន្តបន្ទាប់គ្នាពីររឿងឲ្យទូរទស្សន៍ហង្សមាស ។
ក្រោយពីសម្រេចចិត្តចូលជ្រកក្រោមដំបូលផលិតកម្មហង្សមាសជាច្រើនឆ្នាំ សុខ ស្រីនាងហាក់ទទួលបានការយកចិត្តទុកដាក់ច្រើនពីផលិតកម្ម ។ បើទោះបីជាមិនមានបទចម្រៀងថ្មីៗជាច្រើនក៏ដោយប៉ុន្តែមានបទចម្រៀងជាច្រើនបន្តបន្ទាប់ដែលធ្វើឲ្យនាងមិនបាត់ស្ងាត់មុខដូចតារាមួយចំនួនទៀតនោះទេ ។ ម្ចាស់បទ ហត់ទេស្រឡាញ់គេម្នាក់ឯង រូបនេះកន្លងមកនាងក៏ទទួលបានការសម្តែងភាពយន្តភាគគឺរឿង រាជិនីភូមិគ្រឹះ ដែលនាងសម្តែងជាតួឯករួមជាមួយលោក ណុប បាយ៉ារិទ្ធិ ។
បើទោះបីជាភាពយន្តនេះមិនទាន់បានចាក់បញ្ចាំងក្តី ក៏ថ្មីៗនេះនាងទទួលបានឱកាសថ្មីមួយបន្ថែមទៀតពីផលិតកម្មគឺថតភាពយន្តភាគថ្មីមួយទៀត រឿង ខ្ញុំមានញាណលើស ដែលតារាស្រអែមស្រស់នេះត្រូវចាប់ដៃជាមួយតួឯកប្រុស ម្ចាស់ពាន Cambodian Idol រដូវកាលទី៣ លោកគ្រី ថៃពៅ ។ ក្រៅពីម្ចាស់ពានរូបនេះក៏មានការចូលរួមសម្តែងពីតារាចម្រៀងរួមដំបូលជាច្រើនផងដែរគឺតារាចម្រៀង កញ្ញា ប៉ាច គីមមួយ, លោកឆន សុវណ្ណរាជ, ណុប បាយ៉ារិទ្ធ និងសយ រតនៈ ជាដើម ។
មានការបញ្ជាក់ពីសិល្បករដែរថា ការផ្តល់ឱកាសកាន់តំណែងតួឯពីររឿងជាប់ៗគ្នានេះ ព្រោះតែផលិតកម្មពេញចិត្តនឹងការសម្តែងរបស់នាងមិនចាញ់អ្នកសម្តែងជើងចាស់ជាច្រើននោះឡើយ បូករួមទាំងរូបសម្រស់ស្រស់សោភា ស្រាប់គឺជាគុណសម្បត្តិគ្រប់គ្រាន់ ដែលអាចឲ្យតារារូបនេះឆក់បានតំណែងតួឯកជាបន្តបន្ទាប់នេះ ។
ប្រភពថា ការវិវត្តខ្លួនពីច្រៀងមកសម្តែងបានយ៉ាងល្អនេះនឹងកាន់តែធ្វើឲ្យនាងអាចមានឱកាសលេចធ្លោជាងតារាចម្រៀងរួមដំបូលជាច្រើន ខណៈដែល តារាចម្រៀងស្រីខ្លះដែលលេចវត្តមានមុននាងនៅផលិតកម្មនេះ ក៏គ្មានឱកាសឡើងកាន់តំណែងតួឯបាននៅឡើយដែរ៕ វឌ្ឍនា