ខេត្តកំពង់ស្ពឺ៖ បុរសពិការម្នាក់បានរងនូវការកាប់ប្រហារជាច្រើកាំបិតពីសំណាក់ជនដៃដល់មួយរូប ដែលបានលួចនំចំនួន៤កញ្ចប់ យកទៅឲ្យចៅរបស់ខ្លួន តែចៃដន្យជនរងគ្រោះឃើញក៏និយាយថា លួចរបស់គេចឹង ប្រយ័ត្នប្តឹងឲ្យប៉ូលិសចាប់ខ្លួន ។ ព្រោះតែចង់បិទមាត់ និងខ្លាចដឹងដល់សមត្ថកិច្ច និងអ្នកជិតខាង ទើបជនដៃដល់ចង់សម្លាប់ជនរងគ្រោះដើម្បីបំបិទមាត់បែបនេះ។
ករណីប៉ុនប៉ងមនុស្សឃាតនេះ កើតឡើងកាលពីវេលាម៉ោង១៩យប់ ថ្ងៃសុក្រ ១៤កើត ខែស្រាពណ៍ ឆ្នាំច សំរិទ្ធស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៨ នៅភូមិតាមិញ ឃុំសង្កែសាទប ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ បង្កដោយជនសង្ស័យឈ្មោះ យ៉ុង កេន ភេទ ប្រុស អាយុ៦៧ឆ្នាំ នៅភូមិ ឃុំ កើតហេតុខាងលើ។ ជនរងគ្រោះឈ្មោះ សុខ ហុន ភេទប្រុស អាយុ៣៨ឆ្នាំ មានទីលំនៅក្បែរខាងគ្នា ជាមួយជនដៃដល់ និងរងនូវការកាប់ត្រូវចំនួន៦កាំបិតផ្គាក់ ។
អធិការនគរបាលស្រុកឱរ៉ាល់ វរសេនីយ៍ឯក ប៊ុត ប៊ុនធឿន បានឲ្យដឹងថា ករណីមនុស្សឃាតមិនបានសម្រេចមួយកើតឡើងនៅភូមិតាមិញ ឃុំសង្កែសាទប ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ បង្កដោយជនសង្ស័យឈ្មោះ យ៉ុង កេន ភេទ ប្រុស អាយុ៦៧ឆ្នាំ នៅភូមិ ឃុំ កើតហេតុខាងលើ បានធ្វើសកម្មភាពយកកាំបិតផ្គាក់កាប់ទៅលើជនរងគ្រោះឈ្មោះ សុខ ហុន ភេទប្រុស អាយុ៣៨ឆ្នាំ ត្រូវចំនួន៦កាំបិត។
លោកអធិការបន្តថា ពេលនោះប្រពន្ធ ទៅជួយប្តីស្រាប់តែជនសង្ស័យបានកាប់ទៅលើប្រពន្ធឈ្មោះ ញ៉ូញ យីម អាយុ ៤២ឆ្នាំ ត្រូវក្បាលជាច្រើនកាំបិតបណ្ដាលឲ្យរងរបួសធ្ងន់ទាំង២នាក់ប្តីប្រពន្ធតែម្តង ។ ក្រោយកើតហេតុ សាច់ញាតិ និងអ្នកភូមិបានបញ្ជូនទៅព្យាបាលនៅភ្នំពេញ (មិនដឹងពេទ្យណា) ។
ក្រោយបង្ក ជនសង្ស័យក៏ត្រូវបានឃាត់ខ្លួនយកមករក្សាទុកបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលស្រុកដើម្បីកសាងសំណុំរឿងតាមនីតិវិធី ។
ករណីនេះកើតឡើងបណ្តាលមកពីជនសង្ស័យឈ្មោះយ៉ុង កេន មានគំនិតច្រណែនជាមួយគ្រួសារជនរងគ្រោះ(ពិការ) រកសុីមានបានជាងខ្លួន លើសពីនេះ គឺកាលពីថ្ងៃទី២១ ខែសីហា ជនដៃដល់បានលួចនំរបស់ជនរងគ្រោះ ដែលដាក់លក់យកទៅឲ្យចៅរបស់ខ្លួនចំនួន៤កញ្ចប់ ហើយពេលនោះជនរងគ្រោះបានស្តីបន្ទោស និងនិយាយលេងថា ប្តឹងប្តឹងឲ្យប៉ូលិសចាប់ដាក់គុក ទើបជនសង្ស័យ មានគំនិតចង់កាប់ក្នុងគោលបំណងសម្លាប់បំបិទមាត់តែម្តង ។
នៅព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៨ ក្រោយស្តាប់ចម្លើយសារភាពរួចមកកម្លាំងជំនាញបានកសាងសំណុំរឿង បញ្ជូនទៅកាន់ការិយាល័យព្រហ្មទណ្ធដើម្បីចាត់ការបន្ត ៕ សេនាស័ក្តិ