គេរាយការណ៍ថា ប៉ុន្មានថ្ងៃជាប់គ្នានេះ សកម្មភាពនៃការចរាចរណ៍ដឹកជញ្ជូនឈើកំពុងកកស្ទះ យ៉ាងខ្លាំងនៅក្នុងភូមិសាស្ត្រស្រុកភ្នំក្រវាញ ។ ប្រការនេះ ក្រុមអ្នករកស៊ីដឹកឈើនោះទទូចឲ្យអាជ្ញាធរខេត្តពោធិ៍សាត់ដាក់កម្លាំងនគរបាលចរាចរណ៍ទៅជួយរៀបចំសម្រួលចរាចរណ៍ ដើម្បីឲ្យរថយន្តដឹកឈើអាចធ្វើដំណើរបានដោយមិនកកស្ទះផង ។ សកម្មភាពនៃការដឹកជញ្ជូនឈើជាចំហរ ស្ទើរតែបង្កឲ្យមានគ្រោះថ្នាក់ ដូចនៅរាជធានីភ្នំពេញដែរ ។
សេចក្តីរាយការណ៍បានឲ្យដឹងថា រថយន្តកែច្នៃ, គោយន្តកន្ត្រៃ និងរថយន្តធំៗ បានសម្រុកដឹកឈើចេញពីដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ដូចស្រមោច ។ គ្រប់ខ្សែផ្លូវនៅក្នុងស្រុកភ្នំក្រវាញ សុទ្ធតែមានការធ្វើចរាចរណ៍ឈើចេញពីដែនជម្រកសត្វភ្នំឱរ៉ាល់ ។ រថយន្ត ក៏ដូចជាគោយន្តកន្ត្រៃ, គោយន្តកែច្នៃ បានបើកបរប្រជែងគ្នាលើដងផ្លូវ ហាក់ដូចជាប្រញាប់វិលត្រឡប់មកដឹកមួយជើងទៀត ។ ការរកស៊ីដឹកជញ្ជូនឈើនៅស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់បានធ្វើឡើងជាចំហរ ហើយអាជ្ញាធរមានសមត្ថកិច្ចគ្រប់ប្រភេទ បានដាក់ប៉ុស្តិ៍ចាំយកលុយពីរថយន្តដឹកឈើទាំងនោះ ។
អ្នកភូមិនិយាយថា រយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ សកមុ្មភាពនៃការដឹកជញ្ជូនឈើចេញពីដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់បានកើនឡើងគួរឲ្យកត់សម្គាល់ ។ ពោលគឺពួកអ្នករកស៊ីដឹកឈើបានធ្វើឡើងជាចំហរទាំងយប់ ទាំងថ្ងៃ ដោយមិនញញើតច្បាប់ទម្លាប់អ្វីឡើយ ។ អ្នកអនុវត្តច្បាប់ ពោលគឺអាជ្ញាធរមានសមត្ថកិច្ច ចាំតែយកលុយពីរថយន្តដឹកឈើទាំងនោះតែប៉ុណ្ណោះ ។ អ្នកភូមិនិយាយថា វាហាក់ដូចជាយុទ្ធនាការនៃការដឹក ឬការប្រមូលភោគផលកសិកម្ម ត្រឡប់មកផ្ទះយ៉ាងដូច្នោះដែរ ។ គេមិនដឹងថា តើអាជ្ញាធរខេត្តពោធិ៍សាត់ជាអ្នកបើកយុទ្ធនាការឲ្យមានការដឹកជញ្ជូនឈើចេញពីតំបន់ដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ឬយ៉ាងណានោះទេ ៕