ព័ត៌មានទាន់ហេតុការណ៍៖

រថយន្ដ TOYOTA SlENNAបើកបុកម៉ូតូពេញមួយទំហឹងបណ្ដាលឲ្យមនុស្ស២នាក់ស្លាប់យ៉ាងអាណោចអាធ័ម

ចែករំលែក៖

ខេត្តកណ្ដាលៈ មនុស្ស២នាក់ស្លាប់ក្នុងថ្លុកឈាមយ៉ាងអាណោចអាធ័ម ខណៈកំពុងជិះម៉ូតូត្រូវរថយន្ដមួយគ្រឿង ម៉ាកTOYOTA SlENNA បើកបុកចំពីមុខពេញមួយទំហឹង កាលពីវេលាម៉ោង២២និង៥០នាទី ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៨ លើកំណាត់ផ្លូវជាតិលេខ៥ នៅចន្លោះគីឡូម៉ែត្រលេខ៣២-៣៣ ស្ថិតក្នុងភូមិពោធិតូច ឃុំកំពង់លួង ស្រុកពញាឮ ខេត្តកណ្ដាល ។

មន្រ្ដីនគរបាលចរាចរណ៍ស្រុកពញាឮបានឲ្យដឹងថា ជនរងគ្រោះស្លាប់បាត់បង់ជីវិតមានគ្នា២នាក់ ទី១-ឈ្មោះ ប៉ិម ចន្ថា ភេទប្រុស អាយុ២៥ឆ្នាំ ជិះម៉ូតូម៉ាកហុងដាឌ្រីម ធុនសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ កណ្ដាល1J-5371 និងទី២-ឈ្មោះ ចាប គឹមហេង អាយុ១៨ឆ្នាំ (ជាអ្នករួមដំណើរ) ។ ជនរងគ្រោះទាំង២នាក់មានទីលំនៅភូមិធ្យូង ឃុំវិហារលួង ស្រុកពញាឮ ខេត្តកណ្ដាល ។ ចំណែកឯរថយន្ដម៉ាក TOYOTA SlENNA ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ2K-3323 បើកបរដោយជនមិនស្គាល់អត្តសញ្ញាណ រត់គេចខ្លួន ។

ប្រភពដដែលបន្ដថា នៅមុនពេលកើតហេតុ សាក្សីបានឃើញរថយន្ដ TOYOTA SlENNA បើកបរតាមបណ្ដោយផ្លូវជាតិលេខ៥ ក្នុងទិសដៅពីត្បូងទៅជើង លុះជិះមកដល់ចំណុចកើតហេតុ ក៏បានរេចង្កូតជ្រុលទៅបុកជាមួយនឹងម៉ូតូមួយគ្រឿងជិះក្នុងទិសដៅច្រាស់គ្នាចំពីមុខពេញមួយទំហឹង បណ្ដាលឲ្យជនរងគ្រោះទាំង២នាក់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ រីអ្នកបើករថយន្ដបានទុករថយន្ដរបស់ខ្លួនចោល រួចរត់គេចខ្លួនបាត់ស្រមោល ។

ក្រោយពីមានហេតុការណ៍កើតឡើង សមត្ថកិច្ចជំនាញចរាចរណ៍ស្រុក បានចុះទៅដលើកន្លែងកើតហេតុ រួចវាស់វែងនិងកសាងឯកសារដកហូតមធ្យោបាយពាក់ព័ន្ធទាំង២គ្រឿង យកមកអធិការដ្ឋាននគរបាលស្រុកដើម្បីចាត់ការតាមនីតិវិធីច្បាប់ ។ ចំពោះសាកសពជនរងគ្រោះទាំង២នាក់ត្រូវបានសមត្ថកិច្ចជំនាញប្រគល់ទៅឲ្យក្រុមគ្រួសារយកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី ៕ ស្អាងជ័យ


ចែករំលែក៖