ខេត្តបន្ទាយមានជ័យ៖ នៅក្នុងភូមិសាស្ត្រ ឃុំភ្នំ៣ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ កាលពីពេលកន្លងទៅនេះ មានក្រុមហ៊ុនរបស់ប្រទេសចិន បានកសាងប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ ប្រព័ន្ធធារាសាស្ត្រ នៅតំបន់នោះ ប៉ុន្តែមិនបានដាក់បញ្ចូលស្ពាន នៅក្នុងប្លង់គម្រោងទេ។ លុះពេលបញ្ចប់គម្រោង ប្រជាពលរដ្ឋ មានភាពពិបាកក្នុងការធ្វើដំណើរ ដោយត្រូវតែវាងតាមផ្លូវឆ្ងាយ។
ដោយមើលឃើញការលំបាករបស់ប្រជាពលរដ្ឋបែបនេះ លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម ក៏បានចំណាយថវិកាផ្ទាល់ខ្លួន ចំនួន២៤,៦០០ដុល្លារអាមេរិច ដើម្បីសាងសង់ស្ពានមួយនេះ ជូនប្រជាពលរដ្ឋនៅតំបន់នោះ សម្រាប់ធ្វើដំណើរឆ្លងកាត់ ដឹកកសិផល និងធ្វើដំណើរទៅប្រកបការងារ ទៅមន្ទីរពេទ្យ ទៅផ្សារ ជាដើម ឲ្យកាន់តែមានភាពងាយស្រួល។ នេះបើតាមការបញ្ជាក់របស់លោក ចាន់ យុត្ថា អ្នកនាំពាក្យក្រសួងធនធានទឹក និងឧតុនិយម។
បើតាមលោក ចាន់ យុត្ថា នៅព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៨នេះ លោករដ្ឋមន្ត្រី លឹម គានហោ បានចាត់ឲ្យលោក យឹម ប៊ុនរុំ ប្រធានមន្ទីរធនធានទឹក ខេត្តបន្ទាយមានជ័យ និងក្រុមការងារ ដាក់ឲ្យសម្ពោធឲ្យប្រើប្រាស់ ជាផ្លូវការនូវស្ពានថ្មីនេះ ផងដែរ៕