ព័ត៌មានទាន់ហេតុការណ៍៖

ការណ៍ពិតនៅពីក្រោយនៃការដោះលែងមន្ដ្រីអតីតគណបក្សសង្គ្រោះជាតិ

ចែករំលែក៖

ភ្នំពេញ ៖ អ្នកនយោបាយសកម្មជនដី ធ្លីនិងអតីតមន្ដ្រីគណបក្សសង្គ្រោះជាតិជាច្រើននាក់ ត្រូវបានដោះលែងចេញពីពន្ធនាគារជាបន្ដបន្ទាប់ដែលកើតចេញពីនយោបាយបង្រួបបង្រួមជាតិជាប្រវត្តិសាស្ដ្រមួយទៀតរបស់ប្រមុខនៃរាជរដ្ឋាភិបាលសម្ដេច តេជោ ហ៊ុន សែន តាមរយៈការស្នើសុំព្រះរាជទានលើកលែងទោសទៅកាន់ព្រះ មហាក្សត្រជូនអ្នកជាប់ឃុំឃាំងទាំងនោះ។

កាយវិការនៃការបង្រួបបង្រួមខ្មែរតែ មួយដែលសម្ដេចតេជោធ្លាប់ធ្វើដោយជោគជ័យតាំងពីជាមួយក្រុមខ្មែរក្រហមនោះបានលេចចេញជារូបរាងជាថ្មីម្ដងទៀតបន្ទាប់ពីអ្នកជាប់ឃុំឃាំងទាំងនោះបានសរសេរ លិខិតចេញពីបេះដូងពិតៗស្នើសុំទៅសម្ដេចនាយករដ្ឋមន្ដ្រីសុំឲ្យជួយធ្វើអន្ដរាគមន៍ស្នើទៅកាន់ព្រះមហាក្សត្រឲ្យលើកលែងទោសដល់ពួកគេបន្ទាប់ពីបានទទួលស្គាល់ពី ទោសកំហុសនានានៅក្នុងអតីតកាលដែលនាំឲ្យមានការប្ដឹងផ្ដល់ និងចាប់ខ្លួនពួកគេដាក់ពន្ធនាគារយ៉ាងដូច្នេះ ។

ទន្ទឹមនឹងការដោះលែងអ្នកជាប់ឃុំឃាំងទាំងនេះទណ្ឌិត សម រង្ស៊ី កំពុងតែលាក់ខ្លួន នៅបរទេសនៅតែបន្ដវាយប្រហារ និងចាត់ ទុកថា របត់នយោបាយថ្មីនេះរបស់បុរសខ្លាំងកម្ពុជាបានធ្វើឡើងដោយសារតែមានគំនាប និងការដាក់ទណ្ឌកម្មពីសហគមន៍ អន្ដរជាតិមិនទទួលស្គាល់ការណ៍ពិតនោះឡើយចំពោះនយោបាយបង្រួបបង្រួមជាតិរបស់ប្រមុខនៃរាជរដ្ឋាភិបាលនិងពីការសារភាពកំហុសរបស់អ្នកទោសទាំងអស់នោះ។

ដើម្បីលាតត្រដាងការណ៍ពិតដែលនាំឲ្យមានការដោះលែងពួកគេចេញពីពន្ធនាគារកាលពីថ្ងៃចន្ទ ១រោច ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី ២៧ ខែសីហា ឆ្នាំ២០១៨ កាសែតនគរវត្តសូមបង្ហាញលិខិតសុំទោស និងការសារភាព ទាំងស្រុងរបស់អ្នកជាប់ឃុំឃាំងដែលស្នើទៅកាន់សម្ដេចតេជោ ហ៊ុន សែន ក្នុងនោះ រួមមាន អ្នកស្រី ទេព វន្នី សកម្មជនតវ៉ាដីធ្លី បឹងកក់, លោក អ៊ុំ សំអាន អតីតតំណាង រាស្ដ្រគណបក្សប្រឆាំង, លោក សួន សេរី រដ្ឋា អតីតប្រធានគណបក្សអំណាចខ្មែរ, លោក មាជ សុវណ្ណរា អតីតមន្ដ្រីជាន់ខ្ពស់ គណបក្សប្រឆាំង និងសកម្មជនបក្សប្រឆាំង១០នាក់ផ្សេងទៀត ។

ផ្ទុយទៅវិញនៅក្នុងលិខិតសុំលើកលែង ទោសរបស់លោក មាជ សុវណ្ណរា និងសកម្ម ជន១០នាក់ផ្សេងទៀតដែលបានធ្វើរួមគ្នាតាមរយៈការផ្ដិតមេដៃដាក់ជូនសម្ដេចតេជោ ហ៊ុន សែន នោះក៏បានទទួលស្គាល់យ៉ាង ជាក់ច្បាស់ថា ការបោះឆ្នោតជ្រើសតាំង តំណាងរាស្ដ្រកាលពីថ្ងៃទី២៩ ខែកក្កដា

កន្លងទៅគឺរៀបចំឡើងទទួលបានជោគ ជ័យយ៉ាងខ្លាំងក៏ព្រោះតែអ្នកចេញទៅបោះឆ្នោតមានរហូតទៅដល់៨៣,០២ភាគរយ ហើយគណបក្សប្រជាជនកម្ពុជាបានឈ្នះសំឡេងឆ្នោតយ៉ាងភ្លូកទឹកភ្លូកដីទទួលបានអាសនៈនៅក្នុងរដ្ឋសភាទាំង១២៥ទៀត ផង ។

ក្រុមរបស់លោក មាជ សុវណ្ណរា ទាំង១១ នាក់នេះបានប្ដេជ្ញាថា ចាប់ពីពេលនេះតទៅ ពួកគេនឹងមិនចូលរួមបាតុកម្មណាមួយ ឬ ធ្វើសកម្មភាពណាមួយដោយគ្មានការ ពិចារណាបែបនេះឡើយ ហើយនឹងគោរព ច្បាប់រដ្ឋធម្មនុញ្ញនិងច្បាប់នានារបស់ប្រទេសជាតិ ព្រមទាំងចូលរួមការពារនូវសុខសន្ដិភាពដែលសម្ដេចតេជោ ហ៊ុន សែន ខិតខំ កសាងបានយ៉ាងលំបាកមួយនេះឲ្យគង់វង្សជានិច្ចនិរន្ដរ៍ដើម្បីអភិវឌ្ឍប្រទេស ។

នៅក្នុងលិខិតរបស់អ្នកជាប់ឃុំឃាំងទាំងនេះបានសារភាពពីទោសកំហុសរបស់ខ្លួន ដែលបានប្រព្រឹត្តរហូតមានការចាប់ឃាត់ខ្លួននិងការសន្យាមិនប្រព្រឹត្តបទល្មើសមួយនេះតទៅមុខទៀតឡើយ ពោលគឺនៅក្នុងលិខិតរបស់ពួកគេទាំងនេះពុំបានរំលេច មួយម៉ាត់សោះពីគំនាបអន្ដរជាតិពីទណ្ឌ កម្មអន្ដរជាតិដូចដែលមេដឹកនាំរបស់ពួកគេគឺទណ្ឌិតរត់ចោលស្រុក សម រង្ស៊ី កំពុងតែប្រកាសក្ដែងៗពីក្រៅប្រទេសនោះឡើយ ៕ ហេង សូរិយា


ចែករំលែក៖