ព័ត៌មានទាន់ហេតុការណ៍៖

គណៈក​ម្មាធិការ៖ ជំនន់ទឹកភ្លៀងកើតឡើងនៅ៧ខេត្ត, រាំងស្ងួត៨ខេត្ត និងទឹកជំនន់ទន្លេមេគង្គកើតឡើង៦ខេត្ត

ចែករំលែក៖

ភ្នំពេញ ៖ លោក កែវ វី អ្នកនាំពាក្យ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយបានលើកឡើងថា ជំនន់ទឹកភ្លៀងបាន កើតឡើងនៅ៧ខេត្ត។ រីឯគ្រោះរាំងស្ងួត កើតឡើងនៅ៨ខេត្ត និងទឹកជំនន់ទន្លេមេគង្គកើតឡើងនៅ៦ខេត្ត។ ក្នុងនោះជំនន់ទន្លេ មេគង្គគិតត្រឹមថ្ងៃចន្ទ ១រោច ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី ២៧ ខែសីហា ឆ្នាំ២០១៨បានសម្លាប់ មនុស្ស២៥នាក់ ។

ជំនន់ទឹកភ្លៀង៖

ជំនន់ទឹកភ្លៀងបានកើតឡើងនៅ៧ ខេត្តនិង១៧ក្រុង-ស្រុក។ ខេត្តទាំង៧នោះ រួមមាន ខេត្តបាត់ដំបង បន្ទាយមានជ័យ ពោធិ៍សាត់ កំពត រតនគិរី កំពង់ស្ពឺ និង ខេត្តកំពង់ធំ ។

ប៉ះពាល់ប្រជាពលរដ្ឋ៨.៩២៥គ្រួសារ, ផ្ទះខូចខាតមានចំនួន៨ខ្នង, សាលារៀន លិចទឹក៦កន្លែង, ពលរដ្ឋជម្លៀស៥៧៩ គ្រួសារ និងជម្លៀសគោក្របី៦៨៣ក្បាល នៅក្នុងតែខេត្តរតនគិរីមួយទេ។ ជាមួយគ្នា នោះសន្ទូងពង្រោះលិចទឹក១៤.៣៧៣ ហិកតា, ខូច៥.៣៥២ហិកតា, ដំណាំរួមផ្សំលិចទឹកទំហំ១.៦០១ហិកតា ខូច៣១៥ ហិកតា និងលិចផ្លូវលំប្រវែងជាង៤០គីឡូម៉ែត្រ ។

គ្រោះរាំងស្ងួត៖

ចំពោះគ្រោះរាំងស្ងួតនេះត្រូវបានលោក កែវ វី លើកឡើងថា កើតឡើងនៅខេត្ត៨ រួមមាន ខេត្តបាត់ដំបង បន្ទាយមានជ័យ ពោធិ៍សាត់ សៀមរាប កំពង់ស្ពឺ ព្រៃវែង ត្បូងឃ្មុំ និងខេត្តកណ្តាល។ ក្នុងនោះមាន ខេត្តបាត់ដំបង និងខេត្តបន្ទាយមានជ័យ ដែលធ្ងន់ធ្ងរជាងគេ។ ក្រៅពីនោះប៉ះពាល់ តិចតួចដោយយើងបានបើកបញ្ចេញទឹក និងបូមទឹកជួយសង្គ្រោះបាន។ ការប៉ះ ពាល់សន្ទូងពង្រោះសរុប៤៩.៤៦១ហិកតា ខូចខាតចំនួន៣.៤៨៦ ហិកតា ។

ទឹកជំនន់ទន្លេមេគង្គ៖

ទឹកជំនន់ទន្លេមេគង្គគិតត្រឹមថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៨ ត្រូវបានលោក កែវ វី លើកឡើងថា ប៉ះពាល់ដល់ខេត្តចំនួន៦ គឺខេត្តស្ទឹងត្រែង ក្រចេះ ត្បូងឃ្មុំ កំពង់ចាម កណ្តាល និងខេត្តព្រៃវែង ។

ចំនួនប្រជាពលរដ្ឋដែលរងគ្រោះមាន ៩២.៦៦១គ្រួសារ, ជម្លៀសទៅកាន់ទីទួលសុវត្ថិភាព៨.៤៤៩គ្រួសារ, ប្រជាពលរដ្ឋរង គ្រោះស្លាប់២៥នាក់។ ក្នុងនោះនៅខេត្ត កំពង់ចាមស្លាប់១៣នាក់ ត្បូងឃ្មុំស្លាប់ម្នាក់ ក្រចេះស្លាប់៣នាក់ ស្ទឹងត្រែងស្លាប់២នាក់ និងនៅខេត្តព្រៃវែងស្លាប់៦នាក់ និងរង របួស៦នាក់ ។

ផ្ទះដែលត្រូវរុះរើចេញនិងខូចដោយសារ ការបាក់ច្រាំងទន្លេមាន១៤១ខ្នង, សាលា រៀនលិចទឹកមាន២០៧កន្លែង និងខូច១ កន្លែង, វត្តលិចទឹក១១៧កន្លែង, មន្ទីរពេទ្យ លិចទឹក២១កន្លែង, ជម្លៀសគោក្របីទៅ ទីទួលសុវត្ថិភាព២៨.៩៨៧ក្បាល, សន្ទូងពង្រោះលិចទឹកទំហំ៤១.១៣៧ហិកតា ហើយខូច១៥.៨៣៩ហិកតា, ដំណាំរួមផ្សំ លិចទឹក៩.៤៧៧ហិកតា, ខូចខាត២.៧១៤ ហិកតា និងផ្លូវលំលិចទឹកប្រវែង១.១៨៧ គីឡូម៉ែត្រ ។

លោក កែវ វី បានបន្ថែមថា នៅខេត្ត ក្រចេះទឹកជំនន់ទន្លេមេគង្គបានលិចសាលាឃុំ៦ និងប៉ុស្តិ៍នគរបាលរដ្ឋបាលចំនួន៣។ ដោយឡែកនៅរាជធានីភ្នំពេញក៏បានរង ផលប៉ះពាល់តិចតួចដោយទឹកលិចតាម បណ្តាខណ្ឌនៅតាមមាត់ទន្លេដូចជា នៅ ខណ្ឌឫស្សីកែវ និងខណ្ឌច្បារអំពៅ។ តែ អាជ្ញាធររាជធានីភ្នំពេញអាចគ្រប់គ្រង និង ដោះស្រាយបាន ។

លោកបានបន្ថែមទៀតថា ក្រៅពីនោះផលប៉ះពាល់មានលក្ខណៈតិចតួចដោយសារមន្ត្រីជំនាញបានបើកបញ្ចេញទឹក និងបូមទឹកជួយសង្គ្រោះទាន់ពេលវេលា។ ជំនន់ទន្លេមេគង្គគិតត្រឹមថ្ងៃទី២៧ ខែសីហា ឆ្នាំ ២០១៨បានប៉ះពាល់ខេត្តចំនួន៦រងគ្រោះ ប្រជាពលរដ្ឋ៩២.៦៦១គ្រួសារ ជម្លៀស ទៅកាន់ទីទួលសុវត្ថិភាព៨.៤៤៩គ្រួសារ និងស្លាប់មនុស្សចំនួន២៥នាក់ ។

ចំពោះផលដំណាំទឹកជំនន់បានជន់ លិចសន្ទូងពង្រោះ៤១.១៣៧ហិកតា ខូច ខាត១៥.៨៣៩ហិកតា លិចដំណាំរួមផ្សំ ៩.៤៧៧ហិកតា ខូច២.៧១៤ហិកតា និងលិចផ្លូវលំប្រវែង១.១៨៧គីឡូម៉ែត្រ ៕ ហេង សូរិយា


ចែករំលែក៖