ភ្នំពេញ៖ លោកខាំ សុផារី ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី២៩ ខែសីហា នេះ កំពុងសាកសួរស្ត្រីម្នាក់ ពាក់ព័ន្ធករណីផលិតប៊ីចេងក្លែងក្លាយ ។
ស្ត្រីម្នាក់ជាម្ចាស់ទីតាំងវេចខ្ចប់ប៊ីចេង រស់នៅផ្ទះ លេខAB4-5 ផ្លូវ56R សង្កាត់ទួលសង្កែទី២ ខណ្ឌឫស្សីកែវ ឈ្មោះសុខ វួចលីន អាយុ៤១ឆ្នាំ បានត្រូវសមត្ថកិច្ចឃាត់ខ្លួនកាលពីព្រឹកថ្ងៃទី២៧ ខែសីហា ក្នុងប្រតិបត្តិការចុះឆែកឆេរទីតាំងវេចខ្ចប់ប៊ីចេងដែលសមត្ថកិច្ចចោទថាក្លែងក្លាយ។
ក្នុងប្រតិបត្តិការនេះសមត្ថកិច្ចដកហូតភស្តុតាមួយចំនួនមាន ប៊ីចេងបាវសចំនួន ៣៥២បាវ ប៊ីចេងបាវគគីរចំនួន ១២៥បាវ ប៊ីចេងរាយម៉ាកWin winចំនួន ១៤០បាវ ប៊ីចេងច្រករួច(500g)ចំនួន ៣២បាវ ប៊ីចេងច្រករួចម៉ាកGold Cupចំនួន ៤៧កេស ប៊ីចេងរូបវែក(250g) និងប៊ីចេងរាយមិនទាន់វេចខ្ចប់មួយចំនួនទៀតសរុបទំងន់ទាំងអស់ប្រមាណ ១៧តោន ។
ពាក់ព័ន្ធបញ្ហានេះក្រុមគ្រួសារម្ចាស់ទីតាំងវេចខ្ចប់ប៊ីចេងបានបង្ហាញឯកសារដែលបញ្ជាក់ថាទីតាំងវេចខ្ចប់ប៊ីចេងនៅផ្ទះ លេខAB4-5 ផ្លូវ56R សង្កាត់ទួលសង្កែទី២ ខណ្ឌឬស្សីកែវនេះបានត្រូវGS1 CAMBIDIAចេញវិញ្ញាបនប័ត្រចុះថ្ងៃទី៣១ខែតុលាឆ្នាំ២០១៦បញ្ជាក់ថាជាសិប្បកម្មវេចខ្ចប់ប៊ីចេងសុខ វួចលីននិងជាសមាជិកនៃស្ថាប័នGS1 CAMBIDIA។
ក្រុមគ្រួសារដដែលបានអះអាងថាប៊ីចេងម៉ាកGold Cupបានត្រូវក្រសួងពាណិជ្ជកម្មចេញវិញ្ញាបនប័ត្រចុះបញ្ជីម៉ាកកាលពីថ្ងៃទី២៧ខែឧសភាឆ្នាំ២០១៦ត្រឹមត្រូវតាមច្បាប់។ដោយឡែកប៊ីចេងម៉ាកWin winគឺខាងសិប្បកម្មវេចខ្ចប់ប៊ីចេងសុខ វួចលីនទិញពីដេប៉ូចែកចាយតែសេះមាសប៊ីចេងWin winនិងឈ្មោះញ៉េប ហួយដោយមានវិក័យប័ត្របញ្ជាក់ច្បាស់លាស់ពោលគឺប៊ីចេងទាំងអស់នេះមិនមែនក្លែងក្លាយទេ។
ពាក់ព័ន្ធនឹងបញ្ហានេះដែរខាងសមត្ថកិច្ចនគរបាលនិយាយថាការកំណត់បទល្មើសក្លែងក្លាយឬមិនក្លែងក្លាយនោះគឺអាស្រ័យលើសមត្ថកិច្ចរបស់តុលាការដែលកំពុងចាត់ការតាមនីតិវិធីព្រោះផុតដៃសមត្ថកិច្ចនគរបាលហើយ៕ ចេស្តា