ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តធុនធំពីរគ្រឿងបុកគ្នាបណ្ដាលឲ្យមនុស្សម្នាក់ស្លាប់ និង២នាក់រងរបួសធ្ងន់ ស្រាល

ចែករំលែក៖

ប៉ោយប៉ែត៖ រថយន្តធំពីរគ្រឿង បុកគ្នាធ្វើឲ្យមនុស្ស៣នាក់ ម្នាក់ស្លាប់ និង២នាក់ទៀត រងរបួសធ្ងន់ ស្រាលកាលពីវេលាម៉ោង២១និង១៥នាទី ថ្ងៃទី៣០-៨-២០១៨ ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៨ នៅ លើកំណាត់ផ្លូវជាតិលេខ៦ ត្រង់ចំណុចលើស្ពានតាប៉ុន ស្ថិតនៅភូមិតាប៉ុន ឃុំទឹកជោរ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ។

សមត្ថកិច្ចប្រាប់ថា មុនកើតហេតុមានរថយន្ត១គ្រឿង ម៉ាកហ៊ីយ៉ាន់ដាយ ផ្លូវ៥ ពណ៌ស គ្មានស្លាកលេខ បើកបរដោយឈ្មោះ ហុង ភេទប្រុស អាយុ២៦ឆ្នាំ រស់នៅភូមិភ្នៅ ឃុំព្រៃឈរ ស្រុកកំពង់ត្របែក ខេត្តព្រៃវែង បើកបរមកពីទិសខាងលិច ទៅទិសខាងកើត ពេលមកដល់ចំណុចកើតហេតុខាងលើ បានរេចង្កូតមកខាងឆ្វេងដៃ ទៅបុកនឹងរថយន្ត១គ្រឿង ម៉ាកហ៊ីយ៉ាន់ដាយ ផ្លូវ៥ ពណ៌ស ពាក់ស្លាកលេខ តាកែវ 3A 0301 បើកបរដោយឈ្មោះ អូន អុំ ភេទប្រុស អាយុ២៨ឆ្នាំ នៅភូមិត្រពាំងចក ឃុំថើប ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ បើកបរមកពីទិសខាងកើត ទៅទិសខាងលិច បណ្តាលឲ្យបុកចំពីមុខកើតមានគ្រោះថ្នាក់តែម្តង ។

សម្ថកិច្ចបន្ថែមថា អ្នកបើកបររថយន្តឈ្មោះហុងបានស្លាប់នៅនឹងកន្លែងកើតហេតុ ។

ចំណែកអ្នកបើកបររថយន្ត ឈ្មោះអូន អុំ របួសធ្ងន់ បញ្ជូនទៅមន្ទីរពេទ្យបង្អែកស្រុកព្រះនេត្រព្រះ ចំពោះអ្នករួមដំណើរឈ្មោះហៃ ម៉ៅ រងរបួសស្រាលបញ្ជូនទៅមន្ទីរពេទ្យបង្អែកស្រុកព្រះនេត្រព្រះ ។

សមត្ថកិច្ចបញ្ជាក់ថា វត្ថុតាងរថយន្តទាំងពីរគ្រឿងកម្លាំងជំនាញវាស់វែង និងយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកព្រះនេត្រព្រះ ។

ចំពោះសពរងគ្រោះ សមត្ថកិច្ចបានប្រគល់ឲ្យសាច់ញាតិចាត់ចែងតាមប្រពៃណី ៕ វណ្ណា


ចែករំលែក៖