ព័ត៌មានទាន់ហេតុការណ៍៖

ជនជាតិម៉ាឡេស៊ី និងជនជាតិខ្មែរ ឈ្លោះប្រកែក ​ប្រតាយប្រតប់គ្នា​ រឿងជំពាក់លុយក្រុមហ៊ុនឥណទានស៊ុនលី

ចែករំលែក៖

ភ្នំពេញ៖ សមត្ថកិច្ចប៉ុស្តិ៍ទួលទំពូង១ បានឃាត់ខ្លួន ជនជាតិម៉ាឡេស៊ីម្នាក់ និងជនជាតិខ្មែរម្នាក់ ខណៈឈ្លោះប្រកែក ប្រតាយប្រតប់គ្នា​ រឿងជំពាក់លុយក្រុមហ៊ុនឥណទាន ស៊ុនលី ។

ករណីនេះកើតឡើងកាលពីវេលាម៉ោង៤ល្ងាច ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៨ ស្ថិតនៅចំណុចលើផ្លូវ៤៤០ កែង១៦៣ ភូមិ៣ ក្រុមទី១៣ សង្កាត់ទួលទំពូង១ ខណ្ឌចំការមន រាជធានីភ្នំពេញ ។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួនទី១ឈ្មោះ CHIA KARJUN ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិម៉ាឡេស៊ី ស្នាក់នៅផ្ទះជួល លេខ៧៤ ផ្លូវ៣៧១ សង្កាត់បឹងទំពុន២ ខណ្ឌមានជ័យ និងទី២ឈ្មោះ ពៅ ចិន្តា ភេទស្រី អាយុ៤៥ឆ្នាំ មុខរបរលក់ងាវ ស្នាក់នៅផ្ទះលេខ១៧២ ផ្លូវ៣១BT ភូមិសន្សំកុសល១ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ។

បើតាមប្រភពព័ត៌មានសមត្ថកិច្ចបានឲ្យដឹងថា មុនពេលកើតហេតុ ឈ្មោះ CHIA KARJUN ជាជនជាតិម៉ាឡេស៊ីបាននាំគ្នា២នាក់ដើរទារលុយដែលគេជំពាក់លុយក្រុមហ៊ុនឥណទាន ស៊ុនលី ដែលជាប្ដី ឈ្មោះ ពៅ ចិន្តា បានខ្ចីពីក្រុមហ៊ុនឥណទាន ស៊ុន លី ចំនួន ១,១៣១ដុល្លារអាមេរិក កាលពីថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៨ ដោយសន្យាសងឲ្យក្រុមហ៊ុនវិញ ក្នុង​មួយថ្ងៃ៣៩ដុល្លារអាមេរិក ។ ពេកនោះឈ្មោះ ពៅ ចិន្តា បានសងទៅក្រុមហ៊ុនខាងលើ​បានចំនួន៤ថ្ងៃ (ទឹកប្រាក់ចំនួន១៥៦ដុល្លារ)។ ស្រាប់តែពេលនោះ ឈ្មោះ ពៅ ចិន្តា បានចេញមុខជំនួសប្តីថា មិនទាន់មានលុយសងទេ ចាំ៥ទៅ៦ថ្ងៃទៀត ពេលនោះភាគី ជាតំណាងក្រុមហ៊ុនឥណទាន មិនព្រម ដោយប្រាប់​ទៅ ឈ្មោះ ពៅ ចិន្តា ថា មាន៥ដុល្លារ ១០ដុល្លារក៏យកដែរ។ តែ ឈ្មោះ ពៅ ចិន្តា នៅតែមិនមានលុយសង ទើបប៉ះពាល់ ទាស់ពាក្យសម្តីគ្នា​ រហូតឈ្មោះ ស៊ុំ ស្រីហេង (ហៅស្រីម៉ៅ) ភេទស្រី អាយុ៣២ឆ្នាំ ដែលត្រូវជាកូនរបស់​ជន​ឈ្មោះ ពៅ ចិន្តា ស្ទុះមករុញភាគីខាងតំណាងក្រុមហ៊ុនឈ្មោះ ឈឹម សុចិន្តា ឲ្យចេញ ហើយក៏មានការរុញដាក់គ្នា​ទៅវិញទៅមករហូតកើតមានការវាយប្រតាយប្រតប់គ្នា ទើបត្រូវអ្នកលក់ជិតខាងជួយឃាត់ផងដែរ ។ ភ្លាមៗនោះ សមត្ថកិច្ចមូលដ្ឋានបានចុះទៅដល់កន្លែងកើតហេតុ ក៏បាននាំភាគីទាំងសងខាង​មកទីស្នាក់ការ​ប៉ុស្តិ៍ទួលទំពូងទី១ ដើម្បីសាកសួរតែម្តង ។

ក្រោយកើតហេតុ សមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនខ្លួនឈ្មោះ CHIA KARJUN ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិម៉ាឡេស៊ី និងឈ្មោះ ពៅ ចិន្តា ទៅកាន់អធិការដ្ឋាននគរបាលខណ្ឌចំការមន ដើម្បីកសាងសំណុំរឿងបញ្ជូនខ្លួនចាត់ការតាមច្បាប់ ៕ ស រស្មី


ចែករំលែក៖