ព័ត៌មានទាន់ហេតុការណ៍៖

បទល្មើសព្រៃឈើខេត្តពោធិ៍សាត់ហាក់ដូចជាមិនថមថយចុះសោះ

ចែករំលែក៖

ខេត្តពោធិ៍សាត់ ៖ កាលពីពេលថ្មីៗនេះ កម្លាំងកងរាជអាវុធហត្ថស្រុកភ្នំក្រវាញ ខេត្ត ពោធិ៍សាត់សហការជាមួយមន្ត្រីកងរាជ អាវុធហត្ថលើផ្ទៃប្រទេសបានចាប់អ្នកបើករថយន្តធុនធំ២នាក់ដែលដឹកឈើអុសស្រស់៥០ស្ទែរ ដោយសមត្ថកិច្ចចាត់ទុកថា ជា សកម្មភាពពាក់ព័ន្ធនឹងបទល្មើសព្រៃឈើដ៏រង្គាលក្នុងខេត្តពោធិ៍សាត់ ។

នៅគ្រានោះមន្ត្រីកងរាជអាវុធហត្ថលើផ្ទៃប្រទេសបានរាយការណ៍ថា ការងារនេះគឺជាការបង្ក្រាបបទល្មើសដឹកជញ្ជូនផល អនុផលព្រៃឈើនៅលើផ្លូវលេខ៥៥ ក្នុង ឃុំសំរោង ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ដោយឃាត់បានរថយន្ត១គ្រឿងម៉ាកដេវូ ពណ៌ក្រហម ពាក់ស្លាកលេខព្រៃវែង 3A-0793 និងរ៉ឺម៉កសណ្ដោងមួយគ្រឿង ពាក់ ស្លាកលេខភ្នំពេញ 4A-1926 ដែលផ្ទុកពេញ ដោយអុសស្រស់ចំនួន៥០ស្ទែរ ។

បុរសជាអ្នកបើកបររថយន្តទាំង២នាក់នេះឈ្មោះ មាគ វិត អាយុ២៧ឆ្នាំ ជាអ្នកបើក បរ រស់នៅភូមិបឹងឈើទង ឃុំអូរសារ៉ាយ ស្រុកត្រាំកក់ ខេត្តតាកែវ។ ចំណែកម្នាក់ ទៀតឈ្មោះឈីន ចិត្ត អាយុ៣១ឆ្នាំ ជាព្រូ រថយន្ត រស់នៅខេត្តព្រៃវែង ហើយអ្នកទាំង២រួមទាំងរថយន្តដឹកឈើនេះត្រូវបានកង រាជអាវុធហត្ថប្រគល់ឲ្យផ្នែករដ្ឋបាលព្រៃឈើស្រុកភ្នំក្រវាញដើម្បីរៀបចំកសាង សំណុំរឿងបញ្ជូនទៅតុលាការ ។

ករណីចាប់ខ្លួនអ្នកបើកបររថយន្តទាំង២នាក់នេះធ្វើឡើងមួយថ្ងៃក្រោយពីក្រុម មន្ត្រីកងរាជអាវុធហត្ថកាលពីវេលាម៉ោង២ និង៣០នាទីរសៀលថ្ងៃទី១៩ ខែសីហា ឆ្នាំ ២០១៨ បានដកហូតឈើប្រណីតចំនួន ២៣០កំណាត់ស្មើនឹង៩.២០០ម៉ែត្រត្រី គុណនៅក្នុងឃុំប្រមោយ ស្រុកវាលវែង ខេត្ត ពោធិ៍សាត់ដែលអ្នកបើកបររថយន្តដឹកឈើមានតម្លៃនេះត្រូវបានមន្ត្រីកងរាជអាវុធ ហត្ថរាយការណ៍មកថា បានរត់គេចខ្លួនទាំង កណ្តាលថ្ងៃដោយសុវត្ថិភាព ។

យោងតាមរបាយការណ៍នេះបានបង្ហាញឲ្យឃើញថា អ្នកបើករថយន្តទាំង២គ្រឿង នេះ មានវាសនាខុសគ្នាព្រោះពួកគេមានម្ចាស់ខុសគ្នា និងមានអំណាចខុសគ្នាដោយ សារអ្នកបើកបររថយន្តដឹកអុសត្រូវចាប់ ខ្លួន។ រីឯអ្នកដឹកឈើប្រណីតត្រូវរួចខ្លួន ទាំងថ្ងៃ ខណៈឈ្មួញបំផ្លាញព្រៃឈើឬម្ចាស់ រថយន្តដឹកឈើពិតប្រាកដ មិនត្រូវបាន បង្ហាញអត្តសញ្ញាណឡើយ ។

ប្រជាពលរដ្ឋរស់នៅក្នុងស្រុកភ្នំក្រវាញ និងស្រុកវាលវែងដែលជាតំបន់សម្បូរបទល្មើសព្រៃឈើប្រចាំខេត្តពោធិ៍សាត់បានសម្តែងអារម្មណ៍ហួសចិត្តចំពោះសកម្មភាព បង្ក្រាបនេះ ព្រោះពួកគាត់ដឹងច្បាស់ថា រថយន្តដឹកឈើប្រណីតរបស់ក្រុមឈ្មួញដ៏មានឥទ្ធិពលមិនអាចចាប់បានម្តងណា ឡើយ។ ផ្ទុយទៅវិញសមត្ថកិច្ចបែរជាចាប់បានអ្នកបើកបររថយន្តដឹកអុសទៅវិញ ។

ចំណែកយោងតាមសេចក្តីរាយការណ៍ជាច្រើនបានឲ្យដឹងថា ក្នុងរយៈពេលជាង២ សប្តាហ៍កន្លងទៅនេះសកម្មភាពកាប់បំផ្លាញព្រៃឈើបានកក្រើកឡើងវិញនៅតំបន់ភ្នំ ១៥០០ ក្នុងស្រុកវាលវែងដោយពួកឈ្មួញបានអារផ្តួលរំលំប្រភេទឈើធំៗដែលមានមុខកាត់១,៥ម៉ែត្រ-២ម៉ែត្រ និងមានឈើ ខ្លះទៀតមុខកាត់៣ម៉ែត្រ ឬលើសពីនេះ ។

ប្រជាពលរដ្ឋបានរាយការណ៍មកថា ពួកគាត់បានឃើញមនុស្សជាច្រើននាក់នាំគ្នាចូលទៅអាររំលំឈើនៅតំបន់ភ្នំ១៥០០ ក្នុងស្រុកវាលវែង ខេត្តពោធិ៍សាត់ដោយ មានទាំងគ្រឿងចក្រសម្រាប់ឈូសឆាយធ្វើផ្លូវ និងគ្រឿងចក្រសម្រាប់អូសកាយ យកឈើតាមជ្រោះជ្រលងភ្នំថែមទៀតផង ក្នុងនោះឈើដែលពួកឈ្មួញបានអារផ្តួល រំលំមានដូចជាឈើខ្វាវ, ឈើកន្ទុយដំរី, ឈើវល្លិយ៉, ឈើស្នោព្រៃ និងឈើគគីរជា ដើម ។

ពួកគាត់បានឲ្យដឹងទៀតថា សកម្មភាព កាប់ផ្តួលអារឈើល្អៗជាទ្រង់ទ្រាយធំនៅតំបន់ភ្នំ១៥០០នេះដោយមានបុរសម្នាក់ឈ្មោះ ជីវន្ត ដែលគេដឹងជាទូទៅថាជា នាយករដ្ឋបាលក្រុមហ៊ុន MDS គឺជាអ្នក ដឹកនាំធ្វើសកម្មភាពបំផ្លាញធនធានព្រៃឈើនៅក្នុងខេត្តពោធិ៍សាត់ ។

ប្រជាពលរដ្ឋនៅក្នុងតំបន់រងការបំផ្លាញព្រៃឈើនេះបានសម្តែងអារម្មណ៍សោកស្តាយចំពោះឈើធំៗដែលស្ទើរផុតពូជ ព្រោះអាជ្ញាធរមូលដ្ឋាន និងស្ថាប័នពាក់ព័ន្ធ នៅតែបណ្តែតបណ្តោយឲ្យឈ្មួញព្រៃឈើបន្តបំផ្លាញទាំងបំពានច្បាប់ ។

ដោយសារខេត្តពោធិ៍សាត់សម្បូរទៅដោយបទល្មើសព្រៃឈើដែលគេរាយ ការណ៍មកថា ជាស្នាដៃរបស់ក្រុមហ៊ុនMDS ទើបនាពេលកន្លងមកក្រុមអ្នកសារព័ត៌មានក្នុងស្រុកដែលតែងតែប្រមូលផ្តុំគ្នានៅតាមបណ្ដាខេត្តមួយចំនួនក្នុងភូមិភាគឦសានប្រទេសកម្ពុជា ជាពិសេសនៅខេត្តក្រចេះបានប្រកូកប្រកាសលើកគ្នាទៅកាន់ទឹកដីខេត្តពោធិ៍សាត់ បន្ទាប់ពីមានសេចក្តីរាយការណ៍ជាបន្តបន្ទាប់មកថា បទល្មើសព្រៃ ឈើបានកក្រើកឡើងវិញនៅក្នុងស្រុក វាលវែង និងនៅក្នុងស្រុកភ្នំក្រវាញ ។

ការប្រកូកប្រកាសប្រមូលផ្តុំគ្នាក្នុង ចំណោមអ្នកកាសែតនេះកើតឡើងប៉ុន្មានថ្ងៃបន្ទាប់ពីបុគ្គលិកអង្គការក្រៅរដ្ឋាភិបាលក្នុងស្រុកចំនួន១៤នាក់ត្រូវបាននគរបាលស្រុកវាលវែងចាប់ដាក់គុកកាលពីថ្ងៃទី២ ខែឧសភា ឆ្នាំ២០១៨ ដោយចោទប្រកាន់ ថា ពួកគេដាក់កុងត្រូលជជុះដើម្បីស្ទាក់គាប យកប្រាក់ពីរថយន្តដឹកឈើខុសច្បាប់ ។

ក្រុមអ្នកកាសែតទាំងនោះបាននិយាយ និងធ្វើសេចក្តីរាយការណ៍ថា ពួកគេបាន សង្កេតឃើញសកម្មភាពដឹកឈើចូលទៅក្នុងឃ្លាំងមួយកន្លែងនៅក្នុងស្រុកវាលវែង ខេត្តពោធិ៍សាត់ដែលគេសង្ស័យថា ជា ទីតាំងក្រុមហុ៊ន MDS ។

កាលពីពាក់កណ្ដាលខែមករា ឆ្នាំ ២០១៨ មានសេចក្តីរាយការណ៍ឲ្យដឹងថា រថយន្តដឹកឈើធំៗបានសម្រុកដឹកចេញពីស្រុកវាលវែង និងស្រុកភ្នំក្រវាញ ខេត្តពោធិ៍ សាត់ក្នុងមួយយប់ៗមិនក្រោម១០គ្រឿងឡើយ ប៉ុន្តែមន្ត្រីជំនាញរដ្ឋបាលព្រៃឈើ និងសមត្ថកិច្ចពាក់ព័ន្ធមិនហ៊ានប៉ះទេ ៕ ហេង សូរិយា


ចែករំលែក៖