ព័ត៌មានទាន់ហេតុការណ៍៖

របួសធ្ងន់៤នាក់ដោយសារគ្រោះថ្នាក់ចរាចរណ៍នៅស្រុកក្រគរ និងស្រុកបាកាន

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ យ៉ាងហោចមនុស្សចំនួន ៤នាក់បានរងរបួសធ្ងន់ ជាបន្តបន្ទាប់ និងរងការខូចខាតមធ្យោបាយធ្វើដំណើរផងដែរ នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ផ្សេងគ្នា នៅស្រុកក្រគរ និងស្រុកបាកាន ខេត្តពោធិ៍សាត់។

នគរបាលស្រុកបាកានបានឲ្យដឹងថា នៅវេលាម៉ោង៦ និង៤០នាទី ព្រលប់ ថ្ងៃសុក្រ ៥រោច ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៨ នៅលើកំណាត់ផ្លូវជាតិលេខ៥ ត្រង់ចន្លោះបង្គោលគីឡូម៉ែត្រលេខ២០២.២០៣ ស្ថិតក្នុងភូមិក្រោលក្របី ឃុំត្រពាំងជង ស្រុកបាកាន មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង ដោយបុរសម្នាក់ធ្វើដំណើរដោយម៉ូតូ ១គ្រឿងម៉ាក វ៉េវអាល់ហ្វា ពណ៌ក្រហម គ្មានស្លាកលេខ ធ្វើចរាចរណ៍ក្នុងទិសដៅពីលិចឆ្ពោះទៅទិសខាងកើត លុះទៅដល់ចំណុចកើតហេតុបានបុកជាមួយកង់ ខណៈកំពុងធ្វើដំណើរស្របទិសគ្នាបណ្ដាលឲ្យរងរបួសធ្ងន់ទាំងសង់ខាង ត្រូវបានគេចាត់ចែងបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យភ្លាមៗ ចំណែកវត្ថុតាងម៉ូតូ និងកង់បានឃាត់ទុកនៅប៉ុស្ដិ៍នគរបាលរដ្ឋបាលត្រពាំងជង ជាបណ្ដោះអាសន្នរងចាំធ្វើការដោះស្រាយគ្នាជាក្រោយ។

ដោយឡែក៖ លោក វរសេនីយ៍ឯក ឯម រុន អធិការនៃអធិការដ្ឋាននគរបាលស្រុកក្រគរបានឲ្យដឹងដែរថា នៅយប់ថ្ងៃខែដដែលនោះ នៅលើកំណាត់ផ្លូវក្រាលគ្រួសក្រហម ត្រង់ចំណុចស្ពានស្ទឹងជ័យ ស្ថិតក្នុងភូមិត្រពាំងស្នួល ឃុំស្វាយស ស្រុកក្រគរ ក៍មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងផងដែរ ដោយជនរងគ្រោះឈ្មោះ យឿ ភេទប្រុស អាយុ ៥៥ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន(មិនស្គាល់ទីលំនៅ) បានធ្វើដំណើរដោយម៉ូតូ ១គ្រឿងម៉ា វ៉េវអាល់ហ្វា ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1C 3273 ធ្វើដំណើរក្នុងទិសដៅពីកើតឆ្ពោះទៅទិសខាងលិច លុះដល់ចំណុចកើតហេតុបានជ្រុលបុកគោយន្តពីក្រោយពេញទំហឹង បណ្ដាលឲ្យរងរបួសបាក់ភ្លៅទាំងខាង(ធ្ងន់) ត្រូវបានគេចាត់ចែងបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យភ្លាមៗផងដែរ ចំណែកវត្ថុតាងគោយន្ដ និងម៉ូតូរក្សាទុកជាបណ្ដោះអាសន្ននៅប៉ុស្ដិ៍នគរបាលរដ្ឋបាលស្វាយស។

លោក វរសេនីយ៍ឯក ឯម រុន បន្តថា លុះនៅល្ងាចថ្ងៃសៅរ៍ ៦រោច ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០១៨ នៅលើកំណាត់ផ្លូវជាតិលេខ៥ ត្រង់ចន្លោះបង្គោលគីឡូម៉ែត្រលេខ១៣២.១៣៣ ស្ថិតក្នុងភូមិសានសរ ឃុំអន្សាចំបក់ ស្រុកក្រគរ មានករណីគ្រោះថ្នាក់ចរាចរណ៍ម្ដងទៀត បង្កឡើងដោយអ្នកបើកបររថយន្តយីឌុប ភ្លៅ៦ ១គ្រឿងម៉ាក ហុីយ៉ាន់ដាយ ពណ៌ទឹកប៊ិច ពាក់ស្លាកលេខ កំពង់ចាម 3A 6433 ធ្វើដំណើរក្នុងទិសដៅពីកើតឆ្ពោះទៅទិសខាងលិច លុះមកដល់ចំណុចកើតហេតុបានគេចពីមនុស្សសត្តិមិនល្អដែលកំពុងលើផ្លូវ ក៍រេចង្កូតទៅបុករថយន្ត ១គ្រឿងទៀតដែលកំពុងធ្វើចរាចរណ៍បញ្ចាស់ទិសគ្នា បណ្ដាលឲ្យរងរបួស(ស្រាល)ខ្លួនឯងរួចរត់គេចបាត់ បន្សល់នូវរថយន្តរងការខូចខាតដូចគ្នា ហើយបាននគរបាលយកទៅរក្សាទុកជាបណ្ដោះអាសន្ន៕ ប៉ឹម ពិន


ចែករំលែក៖