ព័ត៌មានទាន់ហេតុការណ៍៖

យប់មិញ សមត្ថកិច្ច​ អាជ្ញាធរជំនាញក្នុងខេត្តក្រចេះ​អបអរសាទរ​ក្បួនឡានដឹកឈើរបស់ចែ មុំ ឆ្លងទៅវៀតណាមចំនួន១៥គ្រឿង

ចែករំលែក៖

ខេត្តក្រចេះ៖ រថយន្តសាំយ៉ុង​ចំនួន១៥គ្រឿង ត្រូវបានដឹកឈើពេញប្រៀប ប្រភេទ​ជាឡាំងៗនៃឈើសុក្រំភ្នំ ត្រូវបានចែ មុំ ដឹកចេញពីស្រុកចិត្របុរី និងចេញពីអូរគ្រៀង ឆ្ពោះមកកាន់ស្រុកស្នួល ខេត្តក្រចេះ ឆ្លងទៅប្រទេសវៀតណាម តាម​បន្ទាយទាហាន និងជាកន្លែងចិញ្ចឹមគោរបស់តា ក្រឹង ចំនួន៩គ្រឿង ។ ដោយឡែក រថយន្តសាំយ៉ុង៦គ្រឿងទៀត ត្រូវបានគេរាយការណ៍មកថា ឆ្លងទៅ​ប្រទេសវៀតណាមតាមច្រករបៀងមួយចំនួនក្នុងស្រុកមេមត់ ខេត្តត្បូងឃ្មុំ ។

សកម្មភាពចេញឈើយប់ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៨ គេឃើញ​រថយន្តសាំយ៉ុងដឹកឈើ​បន្តគ្នាដូចហែកឋិននេះ ត្រូវបានប្រជាពលរដ្ឋ​ និងសមត្ថកិច្ចមន្ត្រីរាជការខ្លះមិនពេញចិត្ត​ចំពោះបទល្មើសដឹកជញ្ជូនឈើ បានរិះគន់ដោយ​ចំអក​ធ្ងន់ៗថា អាជ្ញាធរ​ សមត្ថកិច្ចជំនាញពាក់ព័ន្ធ ព្រមទាំងមានការយាមកាមលើកំណាត់ផ្លូវផងនោះ ពួកគាត់ហាក់ដូចជាអបអរសាទរចំពោះក្បួនឡានដឹកឈើ ចែមុំ នោះទៅវិញ ។ ពួកគាត់បន្តថា គិតទៅ​ឲ្យតែលុយ ធ្វើឲ្យមនុស្សបាត់បង់​សេចក្តីថ្លៃថ្នូរ ភ្លេចពីការអនុវត្តតួនាទី ភារកិច្ច ម្នាក់ៗ ទទួលប្រយោជន៍ពីបទល្មើសឈើនេះជាប្រព័ន្ធ នៃអំពើ​ល្មើសច្បាប់ ។

ចែ មុំ ដែលគេល្បីថា ជាមេឈ្មួញឈើដ៏ធំក្នុងខេត្តក្រចេះ ត្រូវបានផ្អាកមួយរយៈមុនបោះឆ្នោត និងក្រោយបោះឆ្នោត ហើយគាត់ ចាប់ផ្តើមដំណើរការវិញក្នុងរយៈពេលប៉ុន្មានថ្ងៃនេះជាប់ៗគ្នា ។ បើទោះជាច្រក​ក្នុងស្រុកស្នួល​ ខេត្តក្រចេះ
មិនអាចចេញឈើទៅវៀតណាម​បានក្នុងរយៈពេលប៉ុន្មានសប្តាហ៍មុន ប៉ុន្តែចែ មុំបានដឹកជញ្ជូនឈើពីខេត្តក្រចេះ​ឆ្លងទៅវៀតណាម តាមស្រុកមេមត់ ខេត្តត្បូងឃ្មុំ នៃច្រករបៀងមួយចំនួនបានយ៉ាងរលូន ។ សមត្ថកិច្ចបានបង្ហើបថា ចែ មុំ គឺជាប្អូនថ្លៃរបស់មេសមត្ថកិច្ច​ក្នុងខេត្តក្រចេះ ឋានៈជាមេបញ្ជាការរងខេត្ត ។ ដូច្នេះ ចែ មុំ មានឱកាសច្រើន រត់ការ ដើម្បីដំណើរការដឹកជញ្ជូនបទល្មើសឈើ ក្នុងនោះ សូម្បីតែបងថ្លៃរបស់ខ្លួន ក៏បានចូលរួមចំណែករត់ការទៅកាន់សមត្ថកិច្ចនានា ជួយសម្រួលឲ្យប្អូនថ្លៃ ដឹកជញ្ជូនបទល្មើសព្រៃឈើដ៏មានឈ្មោះល្បីក្នុងខេត្តក្រចេះមួយនេះ ។

ប្រជាពលរដ្ឋខ្លះបានលើកឡើងថា អស់លោកអាជ្ញាធរ សមត្ថកិច្ច និងជំនាញពាក់ព័ន្ធជាច្រើនស្ថាប័ន ធ្វើការគិតតែប្រឹងរកចំណូលពីបទល្មើសព្រៃឈើនេះ ឬមួយក៏​ដាក់ចិត្តដាក់កាយដើម្បីមនសិការជាតិ? ឬមួយក៏មិនបានប្រយោជន៍ពីបទល្មើសព្រៃឈើនេះ គ្មានអង្ករច្រកឆ្នាំង ឬគ្មានលទ្ធភាពចិញ្ចឹមបីបាច់រក្សាក្រុមគ្រួសារ? ។ ពួកគាត់បន្តថា បទល្មើសព្រៃឈើ មិនមែនផ្តើមឡើងដោយប្រជាពលរដ្ឋនោះទេ ភាគច្រើនអស់លោកជាសមត្ថកិច្ច អាជ្ញាធរ ជំនាញពាក់ព័ន្ធនេះតែម្តង បើកដៃឲ្យឈ្មួញកេណ្ឌប្រមូលប្រជាពលរដ្ឋទៅកាប់បំផ្លាញព្រៃឈើ ដឹកជញ្ជូន ចរាចរណ៍លក់ក្នុងស្រុក និងឆ្លងដែនទៅលក់នៅវៀតណាមជាដើម ។ ផ្ទុយទៅវិញ បើប្រជាពលរដ្ឋ​ក្នុងខេត្តក្រចេះទាំងមូល គាត់​កាប់​អារឈើ ដើម្បីយកមកធ្វើ​ផ្ទះ វិញនោះ គឺ​រាប់រយឆ្នាំទៀត ក៏មិនអស់ឈើនោះដែរ ។ អ្វីដែលគេគិតថា ព្រៃឈើ​ត្រូវបានវិនាសហិនហោច កើតឡើងដោយសារក្រុមឈ្មួញ និងអាជ្ញាធរ សមត្ថកិច្ចពាក់ព័ន្ធ ប្រើប្រាស់គ្រប់រូបភាព ក្នុងមធ្យោបាយធ្វើយ៉ាងណាឲ្យមានការចរាចរណ៍ឈើឆ្លងដែន ។ ដូចជាយប់ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៨នេះជាដើម ចែ មុំ ដឹកឈើតាមឡានសាំយ៉ុងដូចហែកឋិន សមត្ថកិច្ច អាជ្ញាធរ ជំនាញពាក់ព័ន្ធមិនបង្ក្រាប បែរជាអបអរសាទរនៃបទល្មើសនេះ សម្រាប់​ជាសេដ្ឋកិច្ចឆ្នាំងបាយរបស់ពួកគេតែប៉ុណ្ណោះ ៕ សុខ ខេមរា


ចែករំលែក៖