ខេត្តឧត្តរមានជ័យ៖ ប្រភពពីប្រជាពលរដ្ឋនៅក្រុងសំរោង ខេត្តឧត្ដរមានជ័យ បានឲ្យដឹងថា មួយរយៈចុងក្រោយនេះក្រុមឈ្មួញបានសម្រុកកាប់ឈើនិងដឹកជញ្ជូនឈើចេញពីតំបន់សហគមន៍ព្រៃឈើដែនជម្រកសត្វព្រៃសង្ឃរុក្ខវ័ន្ត ដោយគ្មានញញើតអ្វីទាំងអស់ដែលជាហេតុធ្វើឲ្យព្រៃឈើកំពុងប្រឈមនឹងសេចក្ដីវិនាស។ សមាជិកសហគមន៍ព្រៃឈើដែនជម្រកសត្វព្រៃសង្ឃរុក្ខវ័ន្ត បានឲ្យដឹងទៀតថា ឈើល្អៗប្រភេទធ្នង់គគីរ សុក្រំ និងឈើសម្រាប់សំណង់លំនៅដ្ឋានជាច្រើនប្រភេទទៀតកំពុងត្រូវឈ្មួញកាប់រំលំអារច្រៀកនិងដឹកជញ្ជូនចេញពីព្រៃយ៉ាងរលូន ព្រោះគ្មានមន្ត្រីអាជ្ញាធរឬសមត្ថកិច្ចពាក់ព័ន្ធណាចាត់វិធានការទប់ស្កាត់ទេ។ លោក អ៊ឹម សាវរិទ្ធ នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តឧត្ដរមានជ័យ គិតតែពីរឿងប្រមូលផលប្រយោជន៍ផ្ទាល់ខ្លួន ចំណែកលោក ស ថាវី អភិបាលខេត្តឧត្ដរមានជ័យ គិតតែពីរឿងប្រមូលលុយផ្គាប់ចិត្តប្រពន្ធចុងវ័យក្មេងជាជនជាតិយួនដោយមិនខ្វល់ពីការរិះគន់អ្វីទាំងអស់។
តាមសេចក្ដីរាយការណ៍ពីប្រជាពលរដ្ឋក្នុងសង្កាត់សំរោង ក្រុងសំរោង ខេត្តឧត្ដរមានជ័យ បានឲ្យដឹងថា ថ្មីៗនេះពួកគាត់បានឃើញឈ្មួញចូលធ្វើសកម្មភាពកាប់ឈើនិងដឹកជញ្ជូនឈើចេញពីចំណុចតំបន់សហគមន៍ព្រៃឈើដែនជម្រកសត្វព្រៃសង្ឃរុក្ខវ័ន្ត ហើយដឹកជញ្ជូនចេញតាមរថយន្តយីឌុបធុនធំមួយគ្រឿងយកមកដាក់ទុកនៅចំណុច២កន្លែងផ្សេងគ្នាក្នុងភូមិភ្នៀត សង្កាត់សំរោង ក្រុងសំរោង ដើម្បីលក់ចែកចាយបន្ត។ ប្រភពបានឲ្យដឹងទៀតថា បទល្មើសព្រៃឈើនេះមានជាប់ពាក់ព័ន្ធនឹងលោក ខន ខែម នាយផ្នែករដ្ឋបាលព្រៃឈើសំរោង ផងដែរទើបអ្វីៗអាចប្រព្រឹត្តទៅដោយរលូននិងគ្មានសមត្ថកិច្ចណាហ៊ានចាត់វិធានការបង្ក្រាប។ ផ្ទុយទៅវិញមន្ត្រីជំនាញនិងសមត្ថកិច្ចពាក់ព័ន្ធបានឃុបឃិតគ្នាបណ្ដោយឲ្យបទល្មើសកាប់ឈើនិងដឹកជញ្ជូនឈើខុសច្បាប់កើតឡើងយ៉ាងរាលដាលដើម្បីជាថ្នូរនឹងផលប្រយោជន៍ផ្ទាល់ខ្លួនយ៉ាងសុខស្រួលតែម្តង។
ចំណែកសេចក្ដីរាយការណ៍ពីប្រជាពលរដ្ឋនៅក្នុងស្រុកត្រពាំងប្រាសាទ ខេត្តឧត្ដរមានជ័យ ក៏បានឲ្យដឹងដែរថា មកដល់ពេលនេះឈ្មួញឈ្មោះ រិទ្ធ និងឈ្មួញឈ្មោះ ឆាយ នៅតែធ្វើសកម្មភាពប្រមូលទិញឈើហើយដឹកជញ្ជូនឈើចេញពីស្រុកត្រពាំងប្រាសាទ យ៉ាងរាលដាលព្រោះគ្មានមន្ត្រីរដ្ឋបាលព្រៃឈើ មន្ត្រីបរិស្ថាន ឬសមត្ថកិច្ចពាក់ព័ន្ធណាចាត់វិធានការបង្ក្រាបនោះទេ។ ការដែលឈ្មួញឈ្មោះ ឆាយ និងឈ្មួញឈ្មោះ រិទ្ធ ហ៊ានបន្តសកម្មភាពប្រមូលទិញឈើនិងដឹកជញ្ជូនឈើចេញពីស្រុកត្រពាំងប្រាសាទ យ៉ាងគឃ្លើនគឺដោយសារអាងមានលោក អ៊ឹម សាវរិទ្ធ នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តឧត្ដរមានជ័យ ជាបង្អែករឹងមាំនៅពីក្រោយខ្នង។ លើសនេះទៅទៀតឈ្មួញជនជាតិយួនឈ្មោះ ង្វៀង ធីម៉ៃ ហៅយាយម៉ាយ ក៏នៅតែបន្តសកម្មភាពប្រមូលទិញឈើគ្រញូងដឹកចេញពីខេត្តឧត្ដរមានជ័យ យ៉ាងរលូនផងដែរព្រោះមានលោក ស ថាវី អភិបាលខេត្តឧត្ដរមានជ័យ និងលោក អ៊ឹម សាវរិទ្ធ នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តឧត្ដរមានជ័យ ជាអ្នកជួយសម្របសម្រួលបើកផ្លូវប្រកបដោយប្រសិទ្ធភាព៕ ប៉ែន នួន