ខេត្តប៉ៃលិន៖ ស្ត្រីម្នាក់ជាប្រពន្ធលោកអនុប្រធានមន្ទីរសុខាភិបាលខេត្តប៉ៃលិនម្នាក់រងរបួសធ្ងន់ ខណ:ពេលដែលប្រពន្ធលោកបានស្លាប់ ពេលគេបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យខេត្តចាន់បូរី ប្រទេសថៃ បានស្លាប់តាមផ្លូវ មូលហេតុដោយគ្រោះថ្នាក់ចរាចរណ៍ដោយរថយន្តថៃបើកបុកជាមួយនឹងរថយន្តខ្មែរនៅលើទឹកដីប្រទេសថៃ ។ ភ្លាមៗនោះ ខាងភាគីថៃជាអ្នកបើកបររថយន្តបានរងរបួសស្រាលហើយក៏បើកទ្វាររថយន្តបានរត់គេចខ្លួនបាត់ស្រមោល ។
ហេតុការណ៍គ្រោះចរាចរណ៍បានកើតឡើងកាលពីវេលាម៉ោង៨ និង២០នាទីយប់ ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៨ ស្ថិតនៅលើបណ្តោយផ្លូវជាតិ ក្នុងស្រុកពោងណាំរ៉ន ខេត្តចាន់បូរី ប្រទេសថៃ ។
ប្រភពព័ត៌មានបានឲ្យដឹងថា៖ ស្រ្តីរងគ្រោះម្នាក់ដែលគ្រោះថ្នាក់ចរាចរណ៍ មានឈ្មោះ ឃាង ធារ៉ាថន អាយុ៤១ឆ្នាំ ជានាយកស្តីទីចាត់ការហិរញ្ញវត្ថុសាលាខេត្តប៉ៃលិន ប្តី ឈ្មោះ សៀក រតន: អាយុ៥០ឆ្នាំ ជាអនុប្រធានមន្ទីរសុខាភិបាលខេត្តប៉ៃលិន បានរងរបួសធ្ងន់កំពុងសង្គ្រោះនៅមន្ទីរពេទ្យខេត្តចាន់បូរី ។ រីឯរថយន្តម៉ាកCRV ពណ៌ប្រាក់ មិនស្គាល់ស្លាកលេខ ទទួលរងការខូចខាតទាំងស្រុង ។ ចំណែកអ្នកបើកបររថយន្តខាងភាគីថៃមិនស្គាល់អត្តសញ្ញាណនោះទេ ក្រោយ កើតហេតុជននោះក៏បាបើកទ្វាររថយន្តគេចខ្លួនបាត់ ។
ប្រភពព័ត៌មានបន្តទៀតថា៖ នៅមុនពេលកើតហេតុ គេឃើញជនរងគ្រោះទាំងពីរនាក់ប្តីប្រពន្ធ បានបើកបររថយន្តរបស់ខ្លួន ម៉ាក CRV ពណ៌ប្រាក់ ក្នុងទិសដៅពីកើតទៅលិច ដោយឆ្លងព្រំដែនខេត្តប៉ៃលិនឆ្ពោះទៅខេត្តចាន់បូរី ប្រទេសថៃ លុះពេលកំពុងតែធ្វើដំណើរតាមដង ផ្លូវស្រាប់តែមានរថយន្តថៃ១គ្រឿងម៉ាកមីសុយមីស៊ី ពណ៌សបើកបរវាជែងគ្នាក៏ជ្រុលទៅបុករថយន្តជនរងគ្រោះយ៉ាងពេញទំហឹង បណ្តាលឲ្យរងរបួសធ្ងន់ និងស្លាប់តែម្តង ។
ចំណែករថយន្តទាំងពីរគ្រឿងទទួលរងការខូចខាតយ៉ាងធ្ងន់ហើយក៏ត្រូវបានសមត្ថកិច្ចថៃស្ទូចយកចេញពីផ្លូវទៅរក្សាទុក រង់ចាំធ្វើការដោះស្រាយនៅពេលក្រោយ ។
បច្ចុប្បន្នសពស្រ្តីរងគ្រោះ ត្រូវបានសាច់ញាតិទាក់ទងទៅខាងភាគីថៃ ដើម្បីដឹកសពត្រឡប់យក មកខេត្តប៉ៃលិន ដើម្បី រៀបចំធ្វើបុណ្យតាមប្រពៃណី ៕ ស សារ៉េត