ភ្នំពេញ៖ រថយន្តក្រុងដឹកអ្នកដំណើររបស់ក្រុមហ៊ុនពន្លឺអង្គរខ្មែរ សង្ស័យអ្នកបើកបរងោកមួយភាំងរេចង្កូតបុកឡើងលើសួនពុះចែកទ្រូងផ្លូវបុកបង្គោលភ្លើងនិងដើមឈើ សំណាងល្អមិនមានអ្នករងរបួស។
ហេតុការណ៍នេះបានកើតឡើងកាលពីម៉ោងជិត៤ទៀបភ្លឺថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០១៨ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៥ (ខាងមុខសាលាបឋមសិក្សាឫស្សីកែវ) សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។
ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញបុរសម្នាក់បើករថយន្តហ៊ីយ៉ាន់ដាយ ធុនធំ ជាប្រភេទរថយន្តក្រុងដឹកអ្នកដំណើរ របស់ក្រុមហ៊ុនពន្លឺអង្គរខ្មែរ ពណ៌សលាយខៀវ ពាក់ស្លាកលេខ ភ្នំពេញ 3C-7019 បើកតាមបណ្តោយផ្លូវជាតិលេខ៥ ក្នុងទិសដៅពីជើងទៅត្បូង បើកចេញពីប៉ោយប៉ែតមកតាំងពីម៉ោង ៤ល្ងាច លុះមកដល់ចំណុចកើតហេតុសង្ស័យអ្នកបើកបររថយន្តងោកមួយភាំង បានជ្រុលចង្កូតបុកឡើងលើសួនច្បារពុះចែកទ្រូងផ្លូវ ហើយបន្តទៅបុកបង្គោលភ្លើង តែសំណាងល្អដែរមិនបង្កឲ្យមានអ្នករងរបួស ។
បន្ទាប់ពីកើតហេតុ អ្នកបើករថយន្តនិងព្រូរថយន្តបានរត់គេចខ្លួនបាត់ស្រមោល ហើយសមត្ថកិច្ចចុះមកដល់យករថយន្តទៅរក្សាទុកនៅការិយាល័យចរាចរផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំដោះស្រាយទៅតាមនិតិវិធី ៕ ជ្រោយពេជ្រ