ព័ត៌មានទាន់ហេតុការណ៍៖

លោក អធិការ និងក្រុមការងារស្រុកភ្នំក្រវាញយកអំណោយសប្បុរសធម៌ជូនយាយ ១០០ឆ្នាំ

ចែករំលែក៖

ខេត្តពោធិ៍សាត់៖​ នាព្រឹកថ្ងៃសៅរ៍ ៦រោច ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក ​ព​.​សស ២៥៦២ ត្រូវ​នឹង​ថ្ងៃ​ទី១ ខែកញ្ញា ឆ្នាំ​២០១៨​ លោក អធិការនគរបាលស្រុកភ្នំក្រវាញ និងតំណាងដ៏ខ្ពង់ខ្ពស់លោក ឧត្តមសេនីយទោ សារុន ចាន់ធី ស្នងកានគរបាលខេត្តពោធិ៍សាត់រួមដំណើរដោយមន្រ្តីអាជ្ញាធរមូលដ្ឋានច្រើនរូបទៀត និងមានការចូលរួមពីលោក ទី ថានី អនុប្រធានទី១ អាជ្ញាធម៌អគ្គីសនីកម្ពុជា និងជាក្រុមការងារចុះជួយស្រុកភ្នំក្រវាញ ព្រមទាំងក្រុមសយសសអនុសាខាស្រុកភ្នំក្រវាញ និងសប្បុរសជនមួយចំនួនបាននាំយកអំណោយរួមមាន គ្រឿងឧបភោគបរិភោគ ព្រមទាំងថវិការមួយចំនួនទៅជូនលោក យាយ ០២នាក់ ដែលកំពុងតែជួបនូវជីវភាពខ្វះខាត ។

ប្រភពព័ត៌មានពីក្រុមការងារខាងលើបានឲ្យដឹងថា លោក យាយទី១ ឈ្មោះ សែម យ៉ាន ព្រះជន្មាយុ ១០០ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន រស់នៅភូមិប៉ែន ឃុំលាច ស្រុកភ្នំក្រវាញ លោក យាយទី២ ឈ្មោះ ណយ ព្រះជន្មាយុ ៩៨ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន រស់នៅភូមិក្រូចឆ្មា ឃុំលាច ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។

ប្រភពបន្តទៀតថា អំណោយដែលលោកយាយទាំងពីរត្រូវទទួលបានក្នុងមួយគ្រួសារមានដូចជា អង្ករទម្ងន់ ៥០គីឡូ ត្រីខ ០១យួរ មី ០១កេះ ទឹកត្រី ០១យួរ ទឹកស៊ីអ៊ីវ ០១យួរ ព្រមទាំងថវិការចំនួន ១០០០០០រៀលទៀត ក្នុងនោះលោក ទី ធានី អនុប្រធានទី១ អាជ្ញាធម៌អគ្គីសនីកម្ពុជា និងជាក្រុមការងារចុះជួយស្រុកភ្នំក្រវាញ បានចូលរួមឧបត្ថមជូនលោកយាយទាំង០២គ្រួសារខាងលើ ក្នុងមួយគ្រួសារៗទទួលបានអង្ករទម្ងន់ ៥០គីឡូក្រាម និងថវិការ២០០០០០រៀលថែមទៀតផងដែរ ជាចុងក្រោយលោកយាយទាំងពីសូមជូនពរ និងថ្លែងអំណរគុណដល់ក្រុមការងារ និងម្ចាស់អំណោយសប្បុរសជនទាំងអស់ជួបប្រទះតែសិរីសួស្ដី ជ័យមង្គល វិបុលសុខ គ្រប់ប្រការ និងប្រកបដោយ ពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕  បឹុម ពិន


ចែករំលែក៖