ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់ធ្វើអត្តឃាតចោលប្រពន្ធ និងកូន ៥នាក់ សង្ស័យមានជំងឺសសៃប្រសាទ

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ បុរសម្នាក់ម្ដាយប្រទះឃើញចងកធ្វើអត្តឃាតបង្កការភ្ញាក់ផ្អើល បន្សល់នូវម្ដាយចាស់ជរាប្រពន្ធ និងកូនៗចំនួន ៥នាក់ក្នុងបន្ទុកគ្រួសារ ដែលករណីនេះគេសង្ស័យបណ្ដាលមកពីជំងឺសសៃប្រសាទ ។

ហេតុការណ៍ខាងលើបានបង្កការភ្ញាក់ផ្អើលឡើង នៅវេលាម៉ោង៥ និង០០នាទីព្រឹកព្រលឹម ថ្ងៃសុក្រ ៥រោច ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០១៨ ត្រង់ចំណុចធ្នឹមក្នុងផ្ទះ ស្ថិតក្នុងភូមិសំរោង ឃុំក្បាលត្រាច ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។

ប្រភពព័ត៌មានពីនគរបាលប៉ុស្ដិ៍រដ្ឋបាលក្បាលត្រាចប្រាប់ថា ជនរងគ្រោះឈ្មោះ ចាន់ ឡន ភេទប្រុស អាយុ ៤៨ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិ.ឃុំគោខ្ចង់ ស្រុកកំពង់ត្របែក ខេត្តព្រៃវែង មានប្រពន្ធ និងកូនៗប្រុសស្រីចំនួន ៥នាក់ក្នុងបន្ទុកគ្រួសារ បច្ចុប្បន្ន ស្នាក់នៅភូមិ.ឃុំកើតហេតុខាងលើ ។

ប្រភពព័ត៌មានខាងលើបន្តថា ក្រោយទទួលបានព័ត៌មាននេះចុះទៅពិនិត្យ និងស្រាវជ្រាវ ជនរងគ្រោះដាក់តុតូចមួយដើម្បីចងកព្យួទៅធ្នឹមក្នុងផ្ទះដោយក្រម៉ាពណ៌ក្រឡេក្រឡា ម្ដាយចាស់ជរាដែលនៅតែ ២នាក់កូនរងគ្រោះ(ចងព្យួក)ប្រាប់នគរបាលថា ក្នុងចន្លោះម៉ោងជាង ៤ទៀបភ្លឺគាត់ឮសំឡេងប្រាវដែរ ប៉ុន្តែគាត់ងើបមិនរួចដោយស្មានថាកូនគាត់អូសតុ លុះនៅម៉ោងខាងលើថ្ងៃរះចាំងឃើញព្រាលៗក៍ហៅអ្នកក្បែខាងអាឡនចងកស្លាប់ហើយ ក៍បង្កការភ្ញាក់ផ្អើលឆោឡោកើតឡើងតែម្ដង ។

ប្រភពដដែលបន្តទៀតថា សាកសពគ្មានស្លាកស្នាមអ្វីគួរឲ្យសង្ស័យក្នុងករណីឃាតកម្មនោះទេ ជនរងគ្រោះអាចស្លាប់បណ្ដាលមកពីចងព្យួកធ្វើអត្តឃាតពិតប្រាកដ ក៍បានធ្វើកំណត់ហេតុប្រគល់សាកសពជូនក្រុមគ្រួសារ ដើម្បីទទួលយកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី៕ ប៉ឹម ពិន


ចែករំលែក៖