ភ្នំពេញ៖ ពាក់ព័ន្ធសុខុមាលភាពប្រជាពលរដ្ឋផ្លូវ ទឹក ភ្លើង ជាបញ្ហា ដែលអាជ្ញាធររាជធានីភ្នំពេញបាននឹងកំពុងយកចិត្តទុកដាក់ជាចំបង ដោយវាជាការចង់បានរបស់បងប្អូនប្រជាពលរដ្ឋរាល់ថ្ងៃមិនអាចខ្វះបាន ។
ជាក់ស្តែងនៅព្រឹកថ្ងៃទី០១ កញ្ញា២០១៨នេះ លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានដឹកនាំអាជ្ញាធរ និងមន្ត្រីជំនាញចុះពិនិត្យមើលស្ថានភាព ផ្លូវលេខ ១២៣CC ស្ថិតនៅក្នុងភូមិថ្មគោលទី២សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ ខណៈ ដែលផ្លូវមួយខ្សែនេះបានទទូលរងការខូចខាត ពិបាកក្នុងការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ ។ កំណត់ផ្លូវ ដែលត្រូវស្ថាបនាថ្មីឡើងវិញនេះ រដ្ឋបាលរាជធានីភ្នំពេញនឹងសាងសង់ជាផ្លូវ បេតុងមានប្រវែង ៩៧០ម៉ែត្រ និង ទទឹងប្រវែង ៦ម៉ែត្រ ជាមួយនោះរដ្ឋបាលរាជធានីក៏នឹងធ្វើការរៀបចំដាក់បណ្តាញលូផងដែរ ។
ពាក់ព័ន្ធ និងការបើកការដ្ឋានធ្វើផ្លូវ និងប្រព័ន្ធលូ ខាងលើនេះ លោកអភិបាលរាជធានីភ្នំពេញក៏បានសូមការយោគយល់ពីប្រជាពលរដ្ឋផងដែរជុំវិញផលប៉ះពាល់ និងការរំខាននៅពេលការដ្ឋានចាប់ផ្តើមដំណើរការ ។
ក្រោយពីបញ្ចប់ការពិនិត្យមើលស្ថានភាព ផ្លូវលេខ ១២៣CC នេះហើយនោះ លោកឃួង ស្រេង ក៏បានបន្តដំណើរចុះសួរសុខ ទុក្ខ និងពិនិត្យមើលការចាត់ចែងការដឹកទឹកម៉ាស៊ីនចែកចាយជូនប្រជាពលរដ្ឋនៅភូមិទួលកី សង្កាត់ភ្លើងឆេះរទេះខណ្ឌពោធិ៍សែន ជ័យបន្តទៀត ។
លោកឃួង ស្រេង ក្នុងឱកាសនោះបានបញ្ជាក់ថា ការចុះមកសួរសុខ ទុក្ខ និងពិនិត្យមើលការចាត់ចែងការដឹកទឹកម៉ាស៊ីនចែកចាយជូនប្រជាពលរដ្ឋនេះ គឺលោកចង់ដឹង និងមើលឲ្យឃើញពីស្ថានភាពការរស់នៅ ការខ្វះខាត និងការចង់បានរបស់បងប្អូនប្រជាពលរដ្ឋជាក់ស្តែង ។ នៅពេលដឹងពីការចង់បានរបស់ប្រជាពលរដ្ឋហើយ ក្នុងនាមរដ្ឋបាលរាជធានីភ្នំពេញ ដែលជាម៉ែជាឪរបស់ប្រជាពលរដ្ឋ ចុះជួយផ្តល់ជូនប្រជាពលរដ្ឋតែម្តង ។ ជាក់ស្តែងនៅភូមិទួលកី សង្កាត់ភ្លើងឆេះរទេះ ខណ្ឌពោធិ៍សែនជ័យ ប្រជាពលរដ្ឋនៅក្នុងភូមិនេះបាន និងកំពុងមានបញ្ហា ប្រឈមនឹងការអត់ទឹកម៉ាស៊ីនប្រើប្រាស់ ទើបរដ្ឋបាលរាជធានីភ្នំពេញ បង្កើតឲ្យមានរថយន្តដឹកទឹកជូនប្រជាពលរដ្ឋដល់តាមខ្នងផ្ទះតែម្តង ជាមួយនឹងតំលៃរដ្ឋ ។
ក្នុងឱកាសនោះដែរ លោកឃួង ស្រេងក៏បានជម្រុញឲ្យអាជ្ញាធរខណ្ឌពោធិ៍សែន ជ័យ ពិសេសមន្ត្រី ដែលអនុវត្តលើការងារនេះបន្ថែមជើងរថយន្តក្នុងការដឹកទឹកចែកចាយជូនប្រជាពលរដ្ឋ ។ លោកឃួង ស្រេងក៏បានបញ្ជាក់ផងដែរថា នៅរដូវប្រាំងខាងមុខនេះ អាជ្ញាធរ និងបន្ថែមរថយន្តដឹកទឹកនេះបន្ថែមទៀត ពោលគឺទាំង៨ភូមិ ដែលមិនមានទឹកម៉ាស៊ីនប្រើប្រាស់ អាច១ភូមិមានរថយន្តដឹកទឹក១គ្រឿង ដើម្បីដឹកទឹកចែកចាយឲ្យទាន់ចិត្តប្រជាពលរដ្ឋ៕ សំរិត