ខេត្តស្វាយរៀង៖ យ៉ាងហោចណាស់រយះពេល២ថ្ងៃ មានមនុស្សប្រុស ស្រី២នាក់ បានបាត់បង់ជីវិត ដោយសារករណីលង់ទឹក២ករណី ក្នុងស្រុកផ្សេងគ្នា ខណៈបុរសម្នាក់មានជំងឺប្រកាច់ បន្ទាប់ពីទៅដាក់មងយកត្រីរអិលធ្លាក់ស្រះ និងស្ត្រីម្នាក់ទៀត ស្រវឹងស្រាជិះកង់ធ្លាក់ទឹកប្រឡាយ ។
យោងតាមសមត្ថកិច្ចនគរបាល ខេត្តស្វាយរៀងបានឲ្យកាសែតនគរវត្តដឹងថា ករណីទី១ បានកើតឡើងកាលពីថ្ងៃសុក្រ ៥រោច ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិសក័ ព.ស. ២៥៦២ វេលាម៉ោង៣ និង៣០នាទីរសៀល ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៨ នៅត្រង់ចំណុចអូរខាងជើងចម្ងាយប្រមាណ៣០០ម៉ែត្រ ក្នុងភូមិខ្ពបត្រាច ឃុំជ្រៃធំ ស្រុករមាសហែក ខេត្តស្វាយរៀង មានករណីប្រទះឃើញមនុស្សលង់ទឹក ទើបបង្កការភ្ញាក់ផ្អើល និងរាយការណ៍មកសមត្ថកិច្ចមូលដ្ឋានភ្លាមៗតែម្ដង ។
ប្រភពបន្តថា បុរសដែលគេប្រទះឃើញមានឈ្មោះ ឃួន សារ៉ុន អាយុ២៣ឆ្នាំ មុខរបរកសិករ រស់ក្នុងភូមិខ្ពបត្រាច ឃុំជ្រៃធំ ស្រុករមាសហែក ខេត្តស្វាយរៀង ។
តាមក្រុមគ្រួសារបានប្រាប់សមត្ថកិច្ចថា កូនប្រុសគាត់មានជំងឺប្រកាច់យូរឆ្នាំមកហើយ ខណៈយកទៅព្យាបាលនៅមន្ទីរពេទ្យដែរ ប៉ុន្តែមិនធូរស្រាលសោះ ដោយនៅថ្ងៃកើតហេតុ បានដើរទៅដាក់មងយកត្រីនៅប្រឡាយដូចសព្វដង ស្រាប់តែជំងឺធ្វើទុក្ខរើឡើងក៏ប្រកាច់ធ្លាក់ចូលទឹកឈ្លក់ មិនមានអ្នកដឹងតែម្ដង ។
ករណីទី២ បានកើតឡើងកាលពីថ្ងែទី១ ខែកញ្ញា ឆ្នាំ២០១៨ វេលាម៉ោង៦និង៣០នាទីព្រឹក នៅភូមិព្រៃទទឹងឃុំសំបួរ ស្រុកស្វាយទាប ដោយជនរងគ្រោះមានឈ្មោះ រៀម លាប ភេទស្រី អាយុ៧៣ឆ្នាំ មុខរបរកសិករ មានទីលំនៅកន្លែងកើតហេតុ ខណៈដែល ស្រវឹងស្រាហើយបាន ជិះកង់យកម្ហូបឲ្យបងស្រីរបស់ខ្លួន ហេីយបានជ្រុលចង្កូតជិះធ្លាក់ចូលក្នុងទឹកប្រឡាយជាប់ថ្នល់ បណ្ដាលឲ្យឈ្លក់ទឹកស្លាប់តែម្តង ។
បច្ចុប្បន្នសាកសពទាំង២ករណីត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុ និងពិនិត្យជាមួយសមត្ថកិច្ចជំនាញ និងគ្រូពេទ្យរួចមកក៏បានប្រគល់ឲ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណីផងដែរ ៕ យឹម សុថាន