ភ្នំពេញ៖ ធនាគារ ស្ថាបនា បានប្រកាសអំពីកិច្ចព្រមព្រៀងមួយ ជាមួយក្រុមហ៊ុនផាយផេ (Pi Pay) ដែលផ្តល់កម្មវិធីទូទាត់ប្រាក់ មិនប្រើក្រដាសប្រាក់ ដើម្បីផ្តល់ជូនអតិថិជននូវសេវាផ្ទេរប្រាក់ងាយស្រួល រវាងគណនីធនាគារស្ថាបនា នឹងគណនី ផាយផេ (Pi Pay) តាមរយៈកម្មវិធីក្នុងទូរស័ព្ទដៃរបស់ធនាគារ ស្ថាបនា និងក្រុមហ៊ុនផាយផេ (Pi Pay) ។
ភាពជាដៃគូ ដែលត្រូវបានប្រកាស និងរៀបចំជាផ្លូវការជាមួយនឹងពិធីចុះហត្ថលេខា ដែលធ្វើឡើងកាលពីថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០១៨ នៅផ្សារទំនើប AEON Mall នៅខណ្ឌសែនសុខ និងអនុញ្ញាតឲ្យអតិថិជនរបស់ធនាគារស្ថាបនា ទទួលបានអត្ថប្រយោជន៍យ៉ាងពេញលេញពីក្រុមហ៊ុនផាយផេ (Pi Pay) ខណៈដែលអ្នកប្រើប្រាស់កម្មវិធី ផាយផេ (Pi Pay) អាចផ្ទេរប្រាក់ទៅគណនីធនាគារស្ថាបនាណាមួយ ក៏បាននៅទូទាំងប្រទេស ។
លោក ណូរីហ៊ីកូកាតូ (Norihiko Kato) នាយកប្រតិបត្តិធនាគារស្ថាបនាបានមានប្រសាសន៍ថា៖ “ការសហការជាមួយក្រុមហ៊ុន ផាយផេ (Pi Pay) គឺជាជម្រើសដ៏ងាយស្រួល ដោយពួកគេពិតជាមានបច្ចេកវិទ្យាទំនើបចុងក្រោយបង្អស់ នៃបដិវត្តន៍ ឌីជីថល សម្រាប់សេវាហិរញ្ញវត្ថុ ។
ការ ដែលធ្វើឲ្យអតិថិជនរបស់យើង អាចប្រើប្រាស់កម្មវិធី ផាយផេ បានដោយងាយស្រួលតាមរយៈកម្មវិធីសេវាធនាគារក្នុងទូរស័ព្ទដៃSathapana Mobile ថ្មីនេះ នឹងបង្ហាញពួកគាត់ឲ្យឃើញភ្លាមៗតែម្តង អំពីវិធីប្រើសេវាធនាគារ និងការផ្ទេរប្រាក់ក្នុងពិភពឌីជីថល នាពេលសព្វថ្ងៃ ដែលមានសុវត្ថិភាពជាងមុន រហ័សជាងមុន និងងាយស្រួលជាងមុន ។
លោក Kato បានប្រកាសថា៖ “នេះគឺជាផ្នែកដ៏សំខាន់មួយ នៃបេសកកម្មរបស់ធនាគារ ស្ថាបនា ក្នុងការនាំយកសេវាធនាគារដ៏ទំនើប មកជូនដល់អតិថិជនរបស់យើង នៅគ្រប់ទីកន្លែង ដែលពួកគេស្ថិតនៅក្នុងប្រទេសកម្ពុជា ។ ដោយបានផ្ដល់សេវាជូនអតិថិជនជាច្រើនតាមរយៈបណ្ដាញធនាគារដ៏ធំជាងគេ លំដាប់ទីពីរនៅកម្ពុជា ដែលមានសាខាចំនួន១៦៩កន្លែង ក្នុង២៥ខេត្ត-ក្រុង យើងមានក្តីរំភើបរីករាយ ដែលអាចផ្ដល់សេវាកម្មជូនអតិថិជនបានកាន់តែច្រើននាក់ នៅតាមកន្លែងកាន់ជាច្រើនតាមរយៈទូរស័ព្ទដៃ ដែលអាចប្រើកម្មវិធីសេវាធនាគារតាមទូរស័ព្ទដៃថ្មីរបស់យើង ដែលបានដាក់ឲ្យដំណើរការនាពេលថ្មីៗនេះ ” ។
លោក ថូម៉ាស ផូកូនី នាយកប្រតិបត្តិក្រុមហ៊ុន ផាយផេ (Pi Pay) បានមានប្រសាសន៍ថា៖“យើងមានសេចក្តីសោមនស្សរីករាយយ៉ាងខ្លាំង ដោយបានស្វាគមន៍ធនាគារ ស្ថាបនា ឲ្យមកចូលរួមក្នុងក្រុមគ្រួសារ ផាយផេ ហើយពួកយើងទន្ទឹងរង់ចាំផ្តល់ភាពងាយស្រួលនៃសេវាទូទាត់ប្រាក់ ដែលមិនប្រើក្រដាសប្រាក់ ជូនដល់អតិថិជនរបស់ពួកគាត់ជារៀងរាល់ថ្ងៃ ។ ភាពជាដៃគូក្នុងកម្រិតនេះ និងលើសពីនេះ ដែលយើងនឹងប្រកាសនៅប៉ុន្មានថ្ងៃខាងមុខនេះ នឹងអនុញ្ញាតឲ្យអតិថិជនរបស់ធនាគារ ដែលជាដៃគូរបស់យើង អាចបញ្ចូលទឹកប្រាក់ ក្នុងគណនី ផាយផេ របស់ពួកគាត់បាន ហើយធនាគារជាដៃគូរបស់យើង ក៏នឹងអនុញ្ញាតឲ្យអតិថិជនរបស់ ផាយផេ អាចផ្ញើប្រាក់ទៅកាន់ក្រុមគ្រួសាររបស់ពួកគាត់ នៅតាមបណ្តាខេត្ដនានា ពីទូរស័ព្ទដៃរបស់ពួកគាត់ដោយផ្ទាល់តែម្តង” ។
លោក ផូកូនី បានបន្ថែមទៀតថា៖ “ យើងក៏ដឹងផងដែរថា ភាពជាដៃគូទាំងនេះ លើកទឹកចិត្តដល់អ្នកប្រើប្រាស់កម្មវិធី ផាយផេ ឲ្យបើកគណនីធនាគារ ដែលនឹងជួយនាំយកពួកគាត់ឲ្យចូលទៅក្នុងវិស័យហិរញ្ញវត្ថុផ្លូវការ ដោយផ្ទាល់តែម្តង ដែលនេះគឺជាអ្វី ដែលផ្តល់ផលប្រយោជន៍ដល់មនុស្សគ្រប់គ្នា” ៕ វឌ្ឍនា