ភ្នំពេញ៖ សហគ្រិនឆ្នើម និងជាអ្នកគ្រប់គ្រងមុខរបរលេចធ្លោចំនួន៧ ក្នុងចំណោម៥០ នៅជុំវិញប្រទេសកម្ពុជា ត្រូវបានប្រកាសទទួលពានរង្វាន់ជាផ្លូវការ ក្នុងកម្មវិធីគម្រោង “ផ្លូវទៅស្រុកវគ្គ២” (RoadHome2) ដែលផ្ដោតលើប្រធានបទសហគ្រិនភាព និងមានឈ្មោះថា “របរគេ របរយើង” ។ ការប្រកាសប្រគល់ពានរង្វាន់ជាផ្លូវការ បានធ្វើឡើងកាលពីព្រឹកថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០១៨ ក្នុង “ពិព័រណ៍អាជីវកម្មខ្នាតតូច និងមធ្យម” លើកដំបូងនៅកោះពេជ្រ ក្រុងភ្នំពេញ ។
កម្មវិធីនេះ មានការអញ្ជើញចូលរួមជាសាក្សី និងអធិបតីភាពពីលោក ហេង សុខគង់ រដ្ឋលេខាធិការក្រសួងឧស្សាហកម្ម និងសិប្បកម្ម និងតំណាងម្ចាស់ឧបត្ថម្ភធំជាច្រើន ។
ក្រោយដំណើរការអស់រយៈពេលជាង៥ខែ គម្រោង “ផ្លូវទៅស្រុកវគ្គ២” (RoadHome2) បានរកឃើញសហគ្រិនកម្ពុជា ដែលពុះពារបង្កើត ពង្រឹងមុខរបរក្នុងស្រុកដោយខ្លួនឯង និងស័ក្ដិសមក្នុងការទទួលពានរង្វាន់ចំនួន៧រូបហើយ ។ សហគ្រិនទាំងនោះ រួមមានទី១ អ្នកស្រី សូ សម្បត្តិ ម្ចាស់សិប្បកម្មកំប្លោកភ្នំក្រោមខេត្តសៀមរាប ។ ទី២ លោក ឈឹម ប៊ុនហេន ម្ចាស់មុខរបរអ្នកបើកទូកដឹកភ្ញៀវទេសចរខេត្តស្ទឹងត្រែង ។ ទី៣ លោក គឹម ចាន់ សិប្បកម្មឆ្នាំងចាន ខេត្តកំពង់ចាម ។ ទី៤ លោក ថៃ វ៉ាន់ថា អាជីវកម្មហាងថតរូប @homePhotography ភ្នំពេញ ។ ទី៥ លោកស្រី លឹម លីម៉ា ម្ចាស់ក្រុមហ៊ុន LM Lima Angkor Food ខេត្តសៀមរាប ។ ទី៦ លោក ចាន់ សេងគង់ សិប្បកម្មផលិតឥដ្ឋការ៉ូខ្មែរ ខេត្តសៀមរាប និងទី៧ អ្នកស្រី ដាំ មុំ ម្ចាស់សិប្បកម្មតម្បាញសូត្រ ខេត្តបន្ទាយមានជ័យ ។
លោក វ៉េង រចនា អ្នកគ្រប់គ្រងផ្នែកទំនាក់ទំនងសាធារណៈប្រចាំក្រុមហ៊ុន Sabay Digital Plus បានលើកឡើងថា៖ “ពាក្យសហគ្រិនមិនមែនជាពាក្យថ្មីឡើយសម្រាប់ប្រទេសកម្ពុជា ។ យើងមានសហគ្រិនជាច្រើនហើយពួកគាត់ទាំងអស់បានរួមចំណែកយ៉ាងខ្លាំង ទៅលើការអភិវឌ្ឍសេដ្ឋកិច្ចរបស់ប្រទេសជាតិយើងកន្លងមក” ។
លោកបានលើកភស្តុតាងខ្លះៗ តាមរបាយការណ៍របស់អង្គការ សហគ្រិនភាព ពិភពលោក ឬ Global Enterprises ថា តំបន់អាស៊ី ជាកន្លែងដែលមានសហគ្រិនកើនឡើង គួរឲ្យកត់សម្គាល់ ។ ក្នុងនោះ មានការប៉ាន់ប្រមាណថា នៅកម្ពុជា មានសហគ្រិនប្រហែល៥០ម៉ឺននាក់ជាង ខណៈរបាយការណ៍ World Bank បាននិយាយដែរថា កម្ពុជាជាប្រទេសមួយដែលមានអត្រាអ្នកអត់ការងារធ្វើតិចបំផុត នៅលើពិភពលោក ពោលគឺមានត្រឹមតែ០.២% ប៉ុណ្ណោះ គិតត្រឹមឆ្នាំ២០១៧ ។
លោកយល់ថា អត្រាដ៏ទាបនេះ បានមកពីការចូលរួមរបស់សហគ្រិនខ្មែរសព្វថ្ងៃ ដូច្នេះហើយទើប Sabay បានជ្រើសយកប្រធានបទពីសហគ្រិនភាពសម្រាប់បន្តដំណើរគម្រោង “ផ្លូវទៅស្រុកវគ្គ២” (RoadHome2) ។ លោកថា គម្រោង “ផ្លូវទៅស្រុកវគ្គ២” បានផ្សព្វផ្សាយពីអាជីវកម្មរបស់សហគ្រិនខ្មែរចំនួន៥០រូប តាមរយៈការចេញផ្សាយជាអត្ថបទលើគេហទំព័រឈានមុនគេនៅកម្ពុជា បូករួមជាមួយវីដេអូ ដែលទទួលបានការគាំទ្រខ្លាំង ។ វីដេអូខ្លះ មានអ្នកចូលទស្សនាជាង៦០ម៉ឺនដង ឯអត្ថបទវិញ មិនតិចជាង១២ម៉ឺនដងឡើយ ហើយចំនួននេះ គឺកើនឡើងជារៀងរាល់ថ្ងៃបន្ថែមទៀត ។
គួរបញ្ជាក់ដែរថា គម្រោង “ផ្លូវទៅស្រុកវគ្គ២” (RoadHome2) បានចាប់ផ្ដើមពីខែតុលា ឆ្នាំ២០១៧ ដល់ខែមីនា ឆ្នាំ២០១៨ ។ ក្នុងខេត្តនីមួយៗ ក្រុមការងារបានចម្រាញ់យកមុខរបរចំនួន០២ជារបរមានលក្ខណៈពិសេស និងច្នៃប្រឌិតជាងគេ៕ វឌ្ឍនា