ខេត្តស្វាយរៀង៖ យ៉ាងហោចណាស់មនុស្ស៤នាក់ បានរងរបួសធ្ងន់ ស្រាល ដោយសារករណីគ្រោះថ្នាក់ចរាចរណ៍គួរឲ្យរន្ធត់ រវាងម៉ូតូ២គ្រឿង បុកបញ្ច្រាសទិសគ្នាពេញទំហឹង បង្កការភ្ញាក់ផ្អើលដល់អ្នកភូមិ កាលពីវេលាម៉ោង១១យប់ ថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០១៨ នៅត្រង់ចំណុចភូមិឫស្សីព្រៃ ឃុំកំពង់ចំឡង ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ។
យោងតាមសមត្ថកិច្ចនគរបាលស្រុកស្វាយជ្រំបានឲ្យដឹងថា ម៉ូតូបង្កហេតុ ម៉ាកហុងដា PCX ស៊េរីឆ្នាំ២០១៨ ពណ៌ស ពាក់ស្លាកលេខ ស្វាយរៀង 1M7356 បើកបរដោយឈ្មោះ រស់ វិសាល ភេទប្រុស អាយុ៣៦ ឆ្នាំ រស់នៅភូមិត្រោក ឃុំកំពង់ចំឡង ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ខណៈរងរបួសធ្ងន់បាក់ដៃខាងឆ្វេងសន្លប់ស្ដូកនឹងកន្លែង ។
ចំណែកភាគីរងគ្រោះ មានឈ្មោះ អ៊ុក ទិត្យយ៉ា ភេទប្រុស អាយុ២៥ឆ្នាំ រស់នៅភូមិតានូ ឃុំចំបក់ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង និងអ្នករួមដំណើរមានគ្នា២នាក់ទៀត មិនត្រូវបានស្គាល់ឈ្មោះរងរបួសស្រាល ដោយជិះម៉ូតូម៉ាកហុងដា C125 ស៊េរីឆ្នាំ២០១៤ ពណ៌ខ្មៅ ពាក់ស្លាកលេខ ស្វាយរៀង 1D5679 ខូចខាតយ៉ាងដំណំ ។
តាមសាក្សីបានឲ្យដឹងថា មុនកើតហេតុ មានបុរសម្នាក់បានជិះម៉ូតូមួយគ្រឿងម៉ាកហុងដាPCX ក្នុងស្ថានភាពស្រវឹងស្រា ស្រាប់តែទៅបុកនឹងម៉ូតូមួយគ្រឿងជិះគ្នា២នាក់ក្នុងទិសដៅបញ្ច្រាសគ្នា ពេញទំហឹងលាន់សូរដូចរន្ទះ បង្កការភ្ញាក់ផ្អើលដល់អ្នកភូមិតែម្ដង ។
ក្រោយមក អ្នកភូមិបានរាយការណ៍ មកសមត្ថកិច្ចមូលដ្ឋាន ចុះមកអន្តរាគមន៍ និងដឹកជនរងគ្រោះទាំងសងខាង បញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តស្វាយរៀង និងវាស់វែង អូសយកមធ្យោបាយម៉ូតូទាំង២គ្រឿង មករក្សានៅប៉ុស្តិ៍រដ្ឋបាលកំពង់ចំឡងដើម្បីដោះស្រាយតាមច្បាប់ ៕ យឹម សុថាន