ព័ត៌មានទាន់ហេតុការណ៍៖

ដាច់ខ្សែរ៉តសំណង់កំពុងសាងសង់ទល់មុខសណ្ឋាគារម្កុដពេជ្រ ប៉ៃលិន ស្លាប់៣នាក់ និងរបួសធ្ងន់២នាក់

ចែករំលែក៖

ខេត្តប៉ៃលិន៖ ដោយសារសង្ស័យបណ្តាលមកពីការធ្វេសប្រហែសពីសំណាក់អ្នកទទួលខុសត្រូវ ទើបបណ្តោយឲ្យមានហេតុការណ៍ដាច់ខ្សែរ៉តធ្លាក់កម្មករសំណង់ស្លាប់៣នាក់ និងរបួសធ្ងន់២នាក់ ។ ករណីនេះអ្នកទទួលខុសត្រូវ ជាពិសេសម្ចាស់សំណង់ដែលកំពុងសាងសង់តែម្តងអាចនឹងប្រឈមមុខចំពោះផ្លូវច្បាប់ ពេលដែលសមត្ថកិច្ចជំនាញស៊ើបអង្កេតចប់សព្វគ្រប់។

សេចក្តីរាយការណ៍ពីខេត្តប៉ៃលិនបានឲ្យដឹងថា កាលវេលាម៉ោង៧ និង១៥ នាទីព្រឹក ថ្ងៃអង្គារ ៩រោច ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០១៨ នៅចំណុចការដ្ឋានសាងសង់សំណង់សណ្ឋាគារមួយកន្លែងនៅទល់មុខសណ្ឋាគារម្កុដពេជ្រចាស់ ស្ថិតនៅភូមិផ្សារព្រំជើង ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន មានករណីដាច់ខ្សែរ៉តយោងមួយកើតឡើង បណ្ដាលឲ្យរបួស២នាក់ និងស្លាប់កម្មករ៣នាក់យ៉ាងរន្ធត់ចិត្តបំផុត។

សេចក្តីរាយការណ៍ឲ្យដឹងទៀតថា ជនរងគ្រោះត្រូវបានគេស្គាល់ ១.ឈ្មោះ ផោន កក ភេទ ប្រុស អាយុ១៩ឆ្នាំ ទីលំនៅភូមិ ស្តុកស្តម ឃុំកកោះស្រុកសន្ទុក ខេត្តកំពងធំ (ស្លាប់ ), ២ .ឈ្មោះ ពឿ សារី ហៅបូរី ភេទ ប្រុស អាយុ ២៣ ឆ្នាំ រស់នៅភូមិជីវភាព ឃុំអណ្តូងពោធិ ស្រុកបារាយណ៍ ខេត្តកំពងធំ(ស្លាប់ ), ៣.ឈ្មោះ ប្រាក់ ឃឿន ភេទ ប្រុស អាយុ ៣៨ ឆ្នាំ រស់នៅខេត្តបន្ទាយមានជ័យ(ស្លាប់ ), ៤.ឈ្មោះ លីម វែង ភេទ ប្រុស អាយុ ១៨ ឆ្នាំ រស់នៅ ស្រុកសន្ទុក ខេត្តកំពងធំ (របួសធ្ងន់) និង៥.ឈ្មោះ តន ភេទ ប្រុស អាយុ ៣២ ឆ្នាំរស់នៅ ស្រុកកំរៀង ខេត្តបាត់ដំបង់ (រងរបួសធ្ងន់)។

សមត្ថកិច្ចជំនាញបានសន្និដ្ឋានមូលហេតុបឋមថា គ្រោះថ្នាក់នេះកើតឡើងដោយសារកន្ត្រកខ្សែរ៉ត ផ្ទុកមនុស្ស និងសម្ភារសំណង់ មានខ្សាច់ និងសន្លឹកពិតាន លើសចំណុះ ទើបបណ្ដាលឲ្យដាច់ខ្សែរ៉តធ្លាក់ក្នុងកម្ពស់ជាង២០ម៉ែត្រស្លាប់ និងរបួសបែបនេះ ។

ក្រោយកើតហេតុ សមត្ថកិច្ច​ជំនាញ​ចុះទៅ​ដល់ធ្វើកំណត់ហេតុ និងកោសល្យវិច័យ​ ហើយបានសន្និដ្ឋានថា ជនរងគ្រោះ​៣នាក់ស្លាប់ និង២នាក់ទៀត​រងរបួសធ្ងន់ ដោយសារឧបទ្ទវហេតុ​ដាច់ខ្សែរ៉តយោងប្រាកដមែន ។ អ្នករងរបួស​ត្រូវបានដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យ​បង្អែកខេត្តប៉ៃលិន និងអ្នកស្លាប់​ត្រូវបានប្រគល់សពជូនក្រុមគ្រួសារសពយកទៅធ្វើបុណ្យនៅស្រុកកំណើត ៕ ប្រាថ្នា


ចែករំលែក៖