ភ្នំពេញ៖ មានករណីគ្រោះថ្នាក់ចរាចរណ៍ដ៏ភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋមួយ បានកើតឡើង បន្ទាប់ពីបុរសម្នាក់ស្រវឹងស្រាជោកជាំ បើករថយន្តម៉ាក រ៉េហ្វ័រ ទៅបុករថយន្ត២គ្រឿង បន្តបន្ទុយគ្នា បណ្ដាលឲ្យរងការខូចខាត និងបង្កហិង្សា ត្រូវសមត្ថកិច្ចចាប់វាយខ្នោះដឹកយកទៅសួរនាំនៅប៉ុស្តិ៍នគរបាលរដ្ធបាលបឹងកក់ទី២ភ្លាមៗ ។
ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង៨និង៣០នាទីយប់ ថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៨ តាមបណ្ដោយផ្លូវ៥៩៨(ម្ដុំត្រឡោកបែក ) ស្ថិតក្នុងសង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា ដំបូងរថយន្តមួយគ្រឿងម៉ាក រ៉េហ្វ័រ ពណ៌ខ្មៅ ស្លាក់លេខ ភ្នំពេញ 2Q- 0349 បើកបរដោយបុរសម្នាក់ក្នុងស្ថានភាពស្រវឹងស្រា ធ្វើដំណើរតាមបណ្ដោយផ្លូវលេខ៥៩៨ ទិសដៅពីត្បូងទៅជើង លុះមកដល់ចំណុចកើតហេតុ ស្រាប់តែបុកចំគូទរថយន្តមួយគ្រឿង ម៉ាក ម៉ាស្ដា ពណ៌សរ ពាក់ស្លាកលេខ ភ្នំពេញ 2AU- 9223 បណ្ដាលឲ្យរថយន្តម៉ាស្ដាជ្រុលទៅបុកគូទរថយន្តមួយគ្រឿងទៀតម៉ាក ហ្វ័ររេនន័រ ពណ៍ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2AC -9762 ខណៈដែលកំពុងឈប់រង់ចាំភ្លើងសញ្ញាចរាចរណ៍ បណ្ដាលឲ្យរងការខូចខាតរថយន្តទាំង៣គ្រឿង ។
ប្រភពដដែលបានឲ្យដឹងទៀតថា នៅពេលនោះម្ចាស់រថយន្តរងគ្រោះបានចុះពីរថយន្តដើម្បីចរចាវែកញែករកខុសរកត្រូវ ដោយសារតែភាគីបង្កស្រវឹងស្រាខ្លាំងពេកនិយាយមិនត្រូវរូវគ្នា ទើបភាគីខាងម្ចាស់រថយន្តរងគ្រោះបានទំនាក់ទំនងទៅសម្ថកិច្ចមូលដ្ធានដើម្បីអោយជួយដោះស្រាយ ។ ពេលសមត្ថកិច្ចចុះមកដល់ទីតាំងកើតហេតុ ក៏បានសួរនាំបុរសជាម្ចាស់រថយន្តបង្ក តែបុរសនោះនៅតែមិនព្រមស្ដាប់ថែមទាំងចង់រករឿង និងដើរចេញមិនចង់ដោះស្រាយទៀត ដោយសមត្ថកិច្ចឃាត់ច្រើនដងហើយនៅតែអត់ស្ដាប់ ក៏ចាប់បុរសនោះដាក់ខ្នោះដឹកយកទៅប៉ុស្តិ៍បឹងកក់ទី២ដើម្បីដោះស្រាយ ។
ក្រោយកើតហេតុ សមត្ថកិច្ចចរាចរណ៍ជើងគោកបានចុះមកវាស់វែងរថយន្តបង្ក និងរថយន្តរងគ្រោះខាងលើ យកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញដើម្បីចាត់ការតាមច្បាប់៕ ភារ៉ា ដង្កោ