ព័ត៌មានទាន់ហេតុការណ៍៖

ស្ត្រីម្នាក់តែងខ្លួនជាមនុស្សប្រុស ឡើងជិះលើម៉ូតូគេចតទុកចោល ស្មានតែចោរ ចាប់វាយទ្រមខ្លួន

ចែករំលែក៖

ភ្នំពេញ៖​ ប្រជាពលរដ្ឋបាននាំគ្នាចាប់ស្ត្រីម្នាក់វាយទ្រមខ្លួន ហើយប្រគល់ឲ្យអាជ្ញាធរកាលពីវេលាម៉ោង៦ព្រឹក ថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០១៨ នៅតាមផ្លូវជាតិលេខ៤ មុខផ្សារជម្ពូវ័ន សង្កាត់ចោមចៅ៣ ខណ្ឌពោធិសែនជ័យខណះស្ត្រីរូបនោះស្លៀកពាក់ ហើយកាត់សក់ធ្វើដូចមនុស្សប្រុស បានឡើងជិះលើម៉ូតូរបស់គេ ដែលចតទុកចោលនៅតាមចិញ្ចើមផ្លូវ រួចស្រែកថា ចោរៗ ។

សមត្ថកិច្ចបានឲ្យដឹងថា​ មុនពេលកើតហេតុ ប្រជាពលរដ្ឋបានចតម៉ូតូមួយគ្រឿងនៅចិញ្ចើមផ្លូវ ស្រាប់តែមានជនសង្ស័យម្នាក់ស្លៀកពាក់ និងកាត់សក់ដូចមនុស្សប្រុសហើយបានឡើងជិះពីលើម្ចាស់ឃើញ ដូចនេះក៏ស្រែកថា ចោរៗទើបបង្កការភ្ញាក់ផ្អើលដល់អ្នកជិតខាងនាំគ្នាវាយទ្រមខ្លួន ។

សមត្ថកិច្ច បានបន្តទៀតថា ស្ត្រីខាងលើ មានសតិមិនគ្រប់ សូម្បីតែឈ្មោះ អាយុ ខ្លួនឯងក៏មិនដឹងដែរ គ្រាន់តែបានប្រាប់ថា ធ្លាប់មានប្តីម្តងហើយ និងមានកូនម្នាក់ តែប្តីរត់ចោលបាត់ ទើបរូបគេខឹងពេក ឈប់ធ្វើជាមនុស្សស្រី ហើយមកស្លៀកពាក់ តុបតែងខ្លួន ធ្វើជាមនុស្សប្រុសវិញម្តង ។

ស្ត្រីខាងលើមានស្រុកកំណើត នៅស្រុកពញាឮ ខេត្តកណ្តាល តែគ្មានឪពុក ម្តាយ សាច់ញាតិ បងប្អូនទេ បានមកស៊ីឈ្នួល ដាំកូនឈើ តាមចំការឲ្យគេ នៅឯខេត្តព្រះសីហនុ ច្រើនខែ ឆ្នាំមកហើយ ទើបតែមកលេងភ្នំពេញ តែរូបគេមិនដឹងថា ទៅទីកន្លែងណា ម្ចាស់រថយន្តគេដេញឲ្យចុះ នៅត្រង់ផ្សារជម្ពូវ័ន ហើយបានដេកស្នាក់នៅមុខវត្ត លុះព្រឹកថ្ងៃទី០៥ ខែកញ្ញានេះ រូបគេចង់ទៅ ខេត្តព្រះសីហនុវិញ ទើបជិះច្រឡំ លើម៉ូតូ ស្មានថា រថយន្ត រកម្ចាស់ម៉ូតូមិនឃើញ ក៏ស្រែកថា ចោរលួចម៉ូតូតែម្តងទៅ ។

បន្ទាប់ពីបង្កភាពចលាចល ផ្អើលប្រជាពលរដ្ឋ ស្មានតែរឿងមែនទែន អាជ្ញាធរហៅស្ត្រីខាងលើ នាំទៅសាលាសង្កាត់ចោមចៅ៣ ដើម្បីទំនាក់ទំនងទៅមន្ទីរសង្គមកិច្ច មកទទួលយកទៅមណ្ឌល។

ក្រោយពីនាំទៅសាលាសង្កាត់ចោមចៅ៣ ក្នុងសភាព មានស្មានរបួស លើមុខ ដៃជើង សាកសួរ ស្ត្រីរូបនេះ ពុំដឹងអ្វីទាំងអស់ ឆ្លើយក្នុងសភាព ផ្តេសផ្តាស់ ម្តងថាគេវាយធ្វើបាប ប៉ុនប៉ងរំលោភ ម្តងថាដួលរបួស ពោលសម្តីរបស់ស្ត្រីខាងលើ រកឲ្យប្រាកដមិនឃើញ ៕ សុខាសែនជ័យ


ចែករំលែក៖