ភ្នំពេញ៖ បុរស៣នាក់ត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួន បន្ទាប់ពីផឹកស៊ីជាមួយគ្នាហើយ ក៏បង្កជាហិង្សារងរបួសស្នាម ព្រោះតែរឿងប្រពន្ធមកហៅទៅផ្ទះ ។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោងរំលងអធ្រាត្រថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០១៨ ត្រង់ចំណុចតូបប៉ះកង់ និងលក់ភេសជ្ជ:មួយកន្លែង នៅខាងមុខផ្សារទំនើបAEON តាមបណ្តោយផ្លូវ១០០៣ ស្ថិតក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។
បើតាមសម្តីពីសមត្ថកិច្ចបានឲ្យដឹងថា បុរសដែលផឹកស៊ីស្រវឹងទាំង៣នាក់ ដែលត្រូវសមត្ថកិច្ចឃាត់ខ្លួនខាងលើទី១មានឈ្មោះ សាន រី ភេទប្រុស អាយុ៣៨ឆ្នាំ ជាជាងប៉ះកង់ ស្នាក់នៅកន្លែងកើតហេតុ ជាភាគីខាងម្ចាស់តូបកើតហេតុខាងលើ និងភាគីម្ខាងទៀដែលជាអ្នករត់ម៉ូតូឌុបប្រចាំនៅកន្លែងកើតហេតុហើយស្គាល់គ្នា និងភាគីខាងលើមានឈ្មោះចិន ជើយ អាយុ៣៩ឆ្នាំ ស្នាក់នៅក្បែរកន្លែងកើតហេតុ និងបក្ខម្នាក់ទៀតមិនស្គាល់ឈ្មោះ រួមទាំងដកហូតម៉ូតូចំនួន៣គ្រឿង មួយគ្រឿងម៉ាក សង់កូរ៉េ និង២គ្រឿងទៀតម៉ាក ហុងដាឌ្រីម ស៊េរី០១៧ ថែមទាំងពូថៅមួយទៀតផង ។
បើតាមសម្តីទាំងស្រវឹងពីភាគីខាងម្ចាស់តូបបានឲ្យដឹងថាកាលពីវេលាម៉ោង៨យប់ថ្ងៃកើតហេតុ គាត់ និងអ្នកលក់ដូរតាមរទេះ៣ទៅ៤នាក់ បានអង្គុយផឹកស្រាបៀរនៅតូបរបស់គាត់ដែលជាកន្លែងកើតហេតុ ។ លុះផឹកអស់ស្រាបៀរប្រហែលកន្លះកេស ស្រាប់តែឃើញបុរសខាងលើដែលជាភាគីម្ខាងទៀតបានជិះម៉ូតូមួយគ្រឿងមិនចាំម៉ាក ដោយក្នុងស្ថានភាពស្រវឹងមកឈប់នៅកន្លែងកើតហេតុ ។ ហើយដោយគាត់គិតថា ជាអ្នកស្គាល់គ្នាឃើញមុខគ្នារាល់ថ្ងៃ គាត់ក៏បានហៅបុរសនោះឲ្យមកចូលរួចក្នុងវង្វង់ផឹកស៊ីជាមួយពួកគាត់ ។ មួយស្ទុះក្រោយមកស្រាប់តែប្រពន្ធរបស់បុរសខាងលើ បានមកហៅបុរសខាងលើឲ្យត្រឡប់ទៅផ្ទះ តែបុរសរូបនោះមិនព្រមទៅនោះទេ ក៏បង្កជាការឈ្លោះប្រកែកគ្នារវាងបុរសខាងលើ និងប្រពន្ធរបស់គេ ។ ពេលនោះគាត់ក៏ប្រាប់បុរសនោះឲ្យត្រឡប់ទៅផ្ទះជាមួយប្រពន្ធទៅកុំមកឈ្លោះគ្នានៅទីនោះអី រួចគាត់ក៏បានយកស្រាបៀរ២កំប៉ុងដែលនៅសល់បោះចោលទៅដីដើម្បីបញ្ចប់ការផឹកស៊ី ហើយក៏បានបែកផ្លូវគ្នាទៅដេកអស់ទៅ ។
លុះដល់វេលាកើតហេតុស្រាប់តែបុរសខាងលើដែលជាភាគីម្ខាងទៀតបាននាំបក្ខពួក៥ទៅ៦នាក់ ជិះម៉ូតូ៣គ្រឿងខាងលើ មករករឿងគាត់ថែមទាំងវាយគាត់២ទៅ៣ដៃចំមុខទៀតផង ។ រួចក៏កើតជាការប្រតាយប្រតបគ្នា ភ្លាមៗនេះក៏មានសន្តិសុខដែលយាមកាមនៅបុរីពិភពថ្មីនៅក្បែរនោះបាននាំគ្នីគ្នាប្រមាណជាង១០នាក់មកជួយឃាត់ និងចាប់បានបុរសខាងលើរួមទាំងបក្ខពួកម្នាក់ដែលរងរបួសបែកក្បាល ចំណែកឯបក្ខពួកឯទៀតបានរត់គេចខ្លួនបាត់ស្រមោល ។
បើតាមសម្តីទាំងក្នុងស្ថានភាពស្រវឹងពីភាគីខាងអ្នករត់ម៉ូតូឌុបបានឲ្យដឹងថា នៅមុនពេលកើតហេតុគាត់បានជិះម៉ូតូមកកន្លែងកើតហេតុបំណងទិញស្រាទៅផឹកនៅឯផ្ទះរបស់ខ្លួនវិញ ហើយខណ:ពេលមកដល់ក៏ត្រូវភាគីខាងម្ចាស់តូបហៅឲ្យចូលផឹកជាមួយ ។ បន្ទាប់មកប្រពន្ធរបស់គាត់ក៏បានមកហៅគាត់ទៅផ្ទះ រួចគាត់ក៏បានដេញប្រពន្ធរបស់គាត់ឲ្យទៅផ្ទះមុនគាត់ទៅ ។ ខណ:ពេលនោះស្រាប់តែបុរសដែលជាភាគីខាងម្ចាស់តូប ដេញគាត់ឲ្យទៅផ្ទះ និងដៀលគាត់ថា អន់ណាស់ផឹកស៊ីប្រពន្ធមកហៅ ហើយថែមទាំងយកស្រាបៀរ២កំប៉ុងកប់ត្រូវក្បាលគាត់ថែមទៀតផង ហើយក៏បង្កជាហិង្សាវាយគ្នាតែម្តង ។
ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់កន្លែងកើតហេតុ ហើយបាននាំខ្លួនបុរសទាំង៣នាក់ខាងលើរួមទាំងវត្ថុតាងត្រូវទៅសាកសួរនាំនៅ និងឃុំខ្លួនបណ្តោះអាសន្ននៅខណ្ឌសែនសុខដើម្បីរង់ចាំចាត់ការបន្តនៅពេលក្រោយ៕ អារុណរះ