ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តរ៉េងរ៉ូវើលពាក់ស្លាកលេខភ្នំពេញ 2Y-5161 ឆ្លងប្រព័ន្ធភ្លើងឆាបឆេះផ្អើលកណ្ដាលអធ្រាត្រ

ចែករំលែក៖

ភ្នំពេញ៖ រថយន្តសេរីទំនើបមួយគ្រឿងម៉ាករ៉េងរ៉ូវើល កំពុងតែបើកសុខៗ ក៏ឆ្លងប្រព័ន្ធភ្លើងឆាបឆេះផ្អើល ប្រជាពលរដ្ឋដែលកំពុងធ្វើដំណើរតាមផ្លូវនាំគ្នាចោមរោមមើល និងអ្នកខ្លះនាំគ្នាជួយអន្តរាគមន៍បាញ់ពន្លត់ផងដែរ ។

ហេតុការណ៏ខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង២និង២០នាទីយប់រំលងអធ្រាត្រ ឈានចូលថ្ងៃពុធ ១០រោច ខែស្រាពណ៍ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី ៥ ខែកញ្ញា ឆ្នាំ២០១៨ ស្ថិតនៅតាមបណ្តោយផ្លូវព្រះសីហនុ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញរថយន្តស៊េរីទំនើបមួយគ្រឿងម៉ាក រ៉េងរ៉ូវើល ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2Y-5161 បានបើកមកដល់មុខខ្លោងទ្វារណាហ្គាវើល ហើយឈប់មួយសន្ទុះ ស្រាប់តែមានផ្សែងហ៊ុយចេញពីខាងមុខរថយន្ត បណ្តាលឲ្យមានអណ្តាតភ្លើងឆេះទ្បើង ផ្អើលដល់សន្តិសុខ និងប្រជាពលរដ្ឋភ្ញាក់ផ្អើលនាំគ្នាជួយអន្តរាគមន៍បាញ់ពន្លត់ ដោយប្រើប្រាស់បំពង់បាញ់ពន្លត់អគ្គិភ័យអស់ប្រហែលជាង២០បំពង់ តែនៅមិនរលត់ ទើបខាងពន្លត់អគ្គិភ័យរបស់ណាហ្គាវើល បានទាញទុយយោទឹកបាញ់មួយសន្ទុះទើបរលត់ទៅវិញ ។

ក្រោយកើតហេតុម្ចាស់រថយន្តរងគ្រោះ បានហៅរថយន្តស្ទូចយករថយន្តទៅជួសជុលដោយខ្លួនឯង ៕ ស រស្មី


ចែករំលែក៖