ខេត្តកំពង់ស្ពឺ៖ កម្មករសំណង់១ក្រុម ក្រោយពីសម្រាកពីការងារ ក៏បបួលគ្នាព័ទ្ធវង់ផឹកសុីតាំងពីក្បាលព្រលប់រហូតយប់ជ្រៅ ស្រវឹងធ្លាក់ភ្នែក បានបង្កជម្លោះពាក្យសម្តីរហូតក្លាយជាអំពើហិង្សា បណ្តាលឲ្យយុវជនម្នាក់អត់ធ្មត់លែងបាន ក៏ស្ទុះទាញពូថៅ កាប់យុវជនម្នាក់ទៀតឲ្យរងរបួសធ្ងន់ ។
ហេតុការណ៍ផ្ទុះហិង្សាក្នុងវង់ផឹកនេះ បានកើតឡើងកាលពីម៉ោង១០ និង៣០នាទីយប់ ថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០១៨ ស្ថិតក្នុងការដ្ឋានមួយក្នុងភូមិបុស្សតានៃ ឃុំកាហែង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។
ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា ជនរងគ្រឈ្មោះហ៊ូ សុីញ ភេទប្រុស អាយុ៣៨ឆ្នាំ រស់នៅភូមិក្រាំងស្លែង ឃុំតាំងស្យា ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ។ ចំណែកជនដៃដល់ឈ្មោះស ពេជ្រ ភេទប្រុស អាយុ១៨ឆ្នាំ រស់នៅភូមិគ្រញូង ឃុំមុខដា ស្រុករមាសហែក ខេត្តស្វាយរៀង ។ ពួកគេជាកម្មករសំណង់ ក្នុងការដ្ឋានសាងសង់បុរី ស្ថិតក្នុងភូមិកើតហេតុខាងលើ។
ប្រភពព័ត៌មានពីសមត្ថកិច្ចស្រុកសំរោងទង បានឲ្យដឹងថា មុនឈានដល់ផ្ទុះជម្លោះ កម្មករក្នុងបុរីខាងលើ បានទិញស្រាព័ទ្ធវង់ផឹកសុីជាមួយគ្នា តែងពីក្បាលព្រលប់។លុះឈានដល់ម៉ោងប្រមាណ១០យប់ ទើបបង្កជាជម្លោះពាក្យសម្តីរួចក្លាយជាហិង្សាវាយតប់គ្នាដោយដៃ តែជនដៃដល់ជាក្មេងឈាមរាវ ក៏ស្ទុះទាញពូថៅកាប់លើជនរងគ្រោះ បណ្តាលឲ្យរយះបបូរមាត់ និងលើផ្ទៃមុខ។
ក្រោយកើតហេតុ សមត្ថកិច្ចបានចុះអន្តរាគមន៍រហូតដល់ម៉ោង១១ និង៥០នាទីយប់ថ្ងៃដដែល ទើបចាប់ជនដៃដល់ នៅមកអធិការដ្ឋាន សាកសួរ និងកសាងសំណរឿងចាត់ការតាមច្បាប់ ៕ សេនាស័ក្តិ