ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ ថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨ វេលាម៉ោង ០១ និង ០០នាទីរសៀល កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ដឹកនាំដោយលោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង បានចុះប្រតិបត្តិការបង្រ្កាបករណីជួញដូរសារធាតុញៀនដោយខុសច្បាប់ និងឃាត់ខ្លួនជនសង្ស័យបានចំនួន១នាក់ នៅចំណុចមុខសាលាពីរជាន់ ស្ថិតនៅភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ។

លោកវរសេនីយ៍ត្រី នួន នីណារ៉ូ បានអោយដឹងថា ក្រោយទទួលបានព័ត៌មានពីបណ្តាញផ្តល់ព័ត៌មាន និងដោយទទួលបានការអនុញ្ញាតពីលោក មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត លោកបានដឹកនាំកម្លាំងចុះប្រតិបត្តិការ រហូតឃាត់ខ្លួនជនសង្ស័យបានចំនួន១នាក់ មានឈ្មោះ អ៊ុំ វាសនា ភេទ ប្រុស អាយុ ៣៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ រត់ម៉ូតូឌុប បច្ចុប្បន្នរស់នៅភូមិបាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត និងវត្ថុតាងមួយចំនួនរួមមាន ៖ គ្រឿងញៀនមេតំហ្វេតាមីនទឹកកក ចំនួន ០៨កូនថង់ ស្មើ ២.៦៣ក្រាម ថ្នាំគ្រាប់រាងមូល ពណ៌ផ្កាឈូក ចំនួន ០៣គ្រាប់ ម៉ូតូ ០១គ្រឿង ម៉ាកហុងដាឌ្រីម សេ ១២៥ ស៊េរីឆ្នាំ ២០១៣ ទូរស័ព្ទដៃ ចំនួន ០១គ្រឿង ឧបករណ៍សម្រាប់ច្រកគ្រឿងញៀនមួយចំនួន ។ ក្រោយពីធ្វើការឃាត់ខ្លួន និងសួរចម្លើយរួចមក លោកបានកសាងសំណុំរឿងបញ្ជូនជនសង្ស័យ រួមជាមួយវត្ថុតាង ទៅទីបញ្ជាការកងរាជអាវុធហត្ថខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី ។

ដោយបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ លោកវរសេនីយ៍ឯក ស ប៊ុនសឿង មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន បានចាត់តាំងមន្ត្រីជំនាញ ដើម្បីចាត់ការបន្តតាមនីតិវិធី ។

លោកវរសេនីយ៍ឯក ស ប៊ុនសឿង បានបញ្ជាក់ថា ៖ ក្រោយពីធ្វើការសាកសួរ ជនសង្ស័យបានសារភាពថា ៖ ខ្លួនពិតជាបានជួញដូរគ្រឿងញៀន បានមួយរយៈមកហើយ ដោយទិញពីបុរសម្នាក់ឈ្មោះ ភ័ក្រ្ត ដើម្បីយកមកចែកចាយបន្ត ។

ដោយយោងលើចម្លើយសារភាព ជនសង្ស័យខាងលើអាចត្រូវចោទពីបទ ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន កម្លាំងជំនាញបានកសាងសំណុំបញ្ជូនជនសង្ស័យ រួមជាមួយវត្ថុតាង ទៅតុលាការដើម្បីចាត់ការទៅតាមនីតិវិធី ៕ សសម


ចែករំលែក៖