ខេត្តស្វាយរៀង៖ បុរសសង្ស័យ២នាក់ត្រូវបានសមត្ថកិច្ចមូលដ្ឋាន ឃាត់ខ្លួនបន្ទាប់ពីប្រើហិង្សាយកមួកសុវត្ថិភាពវាយក្បាលជនរងគ្រោះ បណ្ដាលឲ្យរងរបួសធ្ងន់ ដោយគ្រាន់តែមានជម្លោះគ្នាតាមផ្លូវបន្តិចបន្តួចប៉ុណ្ណោះ ។
ការឃាត់ខ្លួននេះ បានធ្វើឡើងកាលពីវេលាម៉ោង៨ព្រឹក ថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៨ ស្ថិតនៅភូមិរកា ឃុំអង្គតាសូ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ។
បើតាមសមត្ថកិច្ចនគរបាលស្រុកស្វាយជ្រំបានឲ្យដឹងថា បុរសសង្ស័យមានឈ្មោះ មឿន សុបៃ ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករសំណង់ មានទីលំនៅភូមិម៉ឺនសាយ ឃុំអង្គតាសូ ស្រុកស្វាយជ្រំ និងឈ្មោះ មឿន សុបិន ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករសំណង់ មានទីលំនៅភូមិ ឃុំជាមួយគ្នា ។ ចំណែកជនរងគ្រោះមានឈ្មោះ ទី ឡា ភេទប្រុស អាយុ២៦ឆ្នាំ មានទីលំនៅភូមិគួយ ឃុំដូនស ស្រុកស្វាយជ្រំ ។
បើតាមជនសង្ស័យបានសារភាពប្រាប់សមត្ថកិច្ចថា មូលហេតុដែលបង្កឲ្យមានហិង្សាខាងលើនេះ កើតឡើងដោយសារតែពួកគេមានជម្លោះទាស់ពាក្សសំដីគ្នា តាមផ្លូវជាមួយជនរងគ្រោះដោយរូបខ្លួនបានជិះម៉ូតូមួយគ្រឿង ម៉ាកហុងដាសង់ សេ ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1Cy1870 ។
ចំណែកជនរងគ្រោះជិះរថយន្តម៉ាកហាយឡេនឌឺតែម្នាក់ឯង ហើយក៏បានចុះដើរមករកដោយស្មានតែមកវាយពួកគេ ដោះមួកសុវត្ថិភាពវាយក្បាលជនរងគ្រោះបង្កការភ្ញាក់ផ្អើលតែម្ដង ។
បច្ចុប្បន្នជនសង្ស័យទាំង២នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនមកសាកសួរនៅនគរបាលរដ្ឋបាលអង្គតាសូ ព្រមទាំងដកហូតយកវត្ថុតាងម៉ូតូមួយគ្រឿងមកដោះស្រាយតាមច្បាប់ ៕ យឹម សុថាន