ព័ត៌មានទាន់ហេតុការណ៍៖

យុវជន៣នាក់ជាប់ចោទរំលោភលើសេចក្តីទុកចិត្ត ចូលលួចទិន្នន័យដីលំនៅឋាន ត្រូវគេឃាត់ខ្លួនប្រគល់ឲ្យនគរបាល

ចែករំលែក៖

ខេត្តព្រះសីហនុ៖ យុវជន៣នាក់ ដែលអះអាងថា ជាក្រុមការងាររបស់ក្រសួងសាធារណការ ផ្នែកបច្ចេកទេសវាស់វែងដីធ្លី ដោយម៉ាសុីន (Total) ត្រូវបានជាប់ចោទពីម្ចាស់ផ្ទះពីបទរំលោភលើសេចក្តីទុកចិត្ត លួចចូលទៅក្នុងរបងដីលំនៅឋាន របស់លោកស្រី វង្ស និមល ដើម្បីលួចយកទិន្នន័យដីលំនៅឋានរបស់អ្នកស្រី ដោយមិនមានការអនុញ្ញាតពីអ្នកស្រី ។

បើតាមការរៀបរាប់របស់អ្នកស្រីបានឲ្យដឹងថា ហេតុការណ៍ខាងលើបានកើតឡើងនៅវេលាម៉ោង១០ និង៣០នាទីព្រឹក ថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៨ នៅក្នុងដីលំនៅឋានរបស់លោកស្រី ដែលមានទីតាំងស្ថិតនៅខាងក្រោយសាលាសង្កាត់លេខ០៣ ស្ថិតក្នុងភូមិ០១ សង្កាត់លេខ០៣ ក្រុង.ខេត្តព្រះសីហនុ ។

លោកស្រីបានបន្តឲ្យដឹងទៀតថា នេះជាសកម្មភាពលួច រំលោភចូលមកក្នុងរបងដី ដែលជាលំនៅឋានរបស់លោកស្រីជាលើកទី០២ លោកស្រីបានបញ្ជាក់ទៀតថា លើកទី០១ នៅល្ងាចថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០១៨ ក្រុមយុវជនខាងលើបានប្រើថ្នាំពណ៌មកបាញ់ជាច្រើនចំណុច នៅក្នុងដីលំនៅឋានខាងលើ ដែលសកម្មភាពនេះ អាចចាត់ទុកថា មានចេតនាគិតទុកជាមុនក្នុងករណីរំលោភលើសេចក្តីទុកចិត្ត ដោយទុច្ចរិត ជាច្រើនករណីផ្សេងទៀត ។

លោកស្រី វង្ស និមលបានបញ្ជាក់ថា លោកស្រី គ្រោងដាក់ពាក្យបណ្តឹងទៅសាលាដំបូងខេត្ត ដើម្បីជាវិធានការណ៍ការពារទុកជាមុន និងដោះស្រាយរកយុត្តិធម៌ទៅតាមច្បាប់ ។

ដោយឡែកយុវជនទាំង៣នាក់ខាងលើ បានសារភាពថា នឹងទទួលកំហុសរបស់ខ្លួនពីសកម្មភាព ដែលខ្លួនគេបានប្រព្រឹត្ត នៅចំពោះមុខនគរបាលប៉ុស្តិ៍រដ្ឋបាលសង្កាត់លេខ៣ និងបានធ្វើកិច្ចសន្យាដោយផ្តិតមេដៃស្តាំទុកជាភស្តុតាងថា នឹងឈប់ចូលមកក្នុងលំនៅឋានរបស់លោកស្រី ឬលំនៅឋានអ្នកដទៃ ដោយមិនមានការអនុញ្ញាតទៀតហើយ ។

បន្ទាប់មកបានលោកព្រំ សេង អនុប្រធានមន្ទីរធនធានទឹក និងឧត្តុនិយមខេត្តព្រះសីហនុបានចេញមុខមកធានាទទួលខុស ត្រូវនៅចំពោះមុខនគរបាលប៉ុស្តិ៍រដ្ឋបាលខាងលើដើម្បីបានរួចខ្លួនពីការចោទប្រកាន់របស់ម្ចាស់លំនៅឋាន ខាងលើ ៕ ឆ្លាម សមុទ្រ


ចែករំលែក៖