ព័ត៌មានទាន់ហេតុការណ៍៖

ចោរ២នាក់ឆក់ទូរស័ព្ទពីចំការមនបានសម្រេចមកជាប់ខ្នោះនៅដូនពេញ

ចែករំលែក៖

ភ្នំពេញ៖ ចោរឆក់២នាក់ ជិះម៉ូតូមួយគ្រឿងមកធ្វើសកម្មភាពឆក់ទូរស័ព្ទពីបុរសម្នាក់កំពុងបើកម៉ូតូតាមផ្លូវ កាន់ទូរស័ព្ទ ​បានសម្រេច ហើយព្យាយាមជិះម៉ូតូគេចខ្លួន​ត្រូវម្ចាស់ដេញតាម​ស្រែក​ចោរៗ ផ្អើលកម្លាំងល្បាតនៅប្រចាំការតាមគោលដៅ​ រហូតដេញឃាត់ខ្លួនបានទាំង២នាក់ ។

ហេតុការណ៍នេះបានកើតឡើងកាលពីម៉ោងជិត៣ទៀបភ្លឺ​ ឈានចូលថ្ងៃទី៨​ ខែកញ្ញា​ ឆ្នាំ​២០១៨នេះ នៅតាមបណ្តោយផ្លូវព្រះសីហនុ ខាងមុខហាងលក់ផ្លែឈើស្រីមុំ សង្កាត់ទួលស្វាយព្រៃ​២ ខណ្ឌចំការមន​​ ​ ហើយព្យាយាមបើកម៉ូតូគេចខ្លួន រហូតឃាត់ខ្លួនបាននៅម្ដុំបឹងកក់ ជិតមន្ទីរពេទ្យកាល់ម៉ែត ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ​ រាជធានីភ្នំពេញ។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យដែលឃាត់ខ្លួនទី១.ឈ្មោះ ​ឃាង​ ម៉េងលី អាយុ២៤ឆ្នាំ​ មុខរបរមិនពិតប្រាកដ មានទីលំនៅ​ក្នុងខេត្តកណ្ដាល ជាម្ចាស់ម៉ូតូ Honda Dream ពណ៌ខ្មៅ​ ពាក់ស្លាកលេខ ភ្នំពេញ​ 1FZ-8433 (ជាអ្នកបើកម៉ូតូ)។ ទី២.ឈ្មោះ ពេជ្រ សុ​កុម្ភ:​​ អាយុ២៨ឆ្នាំ មុខរបរមិនពិតប្រាកដ​ មានទីលំនៅ​ក្នុងស្រុកមុខកំពូល ខេត្តកណ្ដាល (ជាអ្នកធ្វើសកម្មភាព)។

ក្រោយពីសមត្ថកិច្ចឃាត់ខ្លួនបាននោះ​ ជនសង្ស័យទាំង២នាក់ បានរៀបរាប់ប្រាប់ថា​ ទើបតែស្គាល់គ្នា នៅកន្លែងហ្គេមបាញ់ត្រីមួយកន្លែងនៅប្លុកទួលសង្កែ ខណ្ឌឬស្សីកែវ​ ថ្ងៃកើតហេតុនេះទេ​ ដោយសារតែរូបគេទាំង២នាក់​ បាញ់ត្រី​ចាញ់អស់លុយដូចគ្នា ទើបនិយាយ​ត្រូវរ៉ូវ​គ្នា ក៏បបួលគ្នា​ចេញឆក់​ ហើយក៏ប្រទះឃើញ​បុរសរងគ្រោះជិះម៉ូតូកាន់ទូរសព្ទតែឯង ដែលជាឱកាសល្អផង​ ទើបពួកគេជិះតាមពីក្រោយ​ ឆក់ទូរសព្ទ​ Iphone​ 6Plus នោះ​ បានសម្រេច​ តែជិះរត់មិនរួចក៏ត្រូវសមត្ថកិច្ចឃាត់ខ្លួនបានតែម្ដង។

ប្រភពព័ត៌មានពី​ជនរងគ្រោះបានឲ្យដឹងថា នៅមុនកើតហេតុ​ រូបគាត់បានបើកម្នាក់ឯង ធ្វើដំណើរតាមផ្លូវព្រះសីហនុ ក្នុងទិសដៅពីលិចទៅកើត ខណៈមកដល់ជិតវត្តមហាមន្ត្រី​ រូបគាត់បានកាន់ទូរសព្ទយកមកផ្ញើសារជាសំលេងទៅមិត្តភក្តិ ស្រាប់តែមានជនសង្ស័យ២នាក់ ជិះម៉ូតូមួយគ្រឿង​ឌុបគ្នា ​ មកពីក្រោយ ធ្វើសកម្មភាពឆក់យកទូរសព្ទរបស់គាត់ បានសម្រេច ហើយបានព្យាយាមបើកម៉ូតូគេចខ្លួន​ ភ្លាមនោះគាត់បើកម៉ូតូដេញតាមហើយ​ស្រែក​ “ចោរៗ” បង្កឲ្យភ្ញាក់ផ្អើលដល់កម្លាំងល្បាតដែលប្រចាំការតាមគោលដៅពួនស្ទាក់ ដេញតាមរហូតស្ទាក់ចាប់ឃាត់ខ្លួនបានទាំង២នាក់។

បន្ទាប់ពីកើតហេតុដោយសារតែករណីនេះបានកើតឡើងនៅក្នុងមូលដ្ឋានខណ្ឌចំការមន ទើបប៉ុស្តិ៍នគរបាលស្រះចក បានប្រគល់ជនសង្ស័យទៅឲ្យសមត្ថកិច្ចខណ្ឌចំការមន ដើម្បីសួរនាំបន្តតាម​នីតិវិធី៕ ជ្រោយពេជ្រ


ចែករំលែក៖