ខេត្តកំពង់ធំ៖ អាសូរណាស់ កម្មករវ័យក្មេងម្នាក់បានស្លាប់ នៅពេលបញ្ជូនទៅកាន់មន្ទីរពេទ្យបង្អែកស្រុកស្ទោង ហេតុការណ៍នេះកើតឡើង នៅវេលាម៉ោង១០និង២០នាទីព្រឹក ថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០១៨ ខណៈដែលកម្មករកាយអង្កាមចូលតៅ ឡសម្ងួតស្រូវ និងពោតនៅក្រុមហ៊ុន LBN អង្ករកម្ពុជា ដែលត្រូវអង្កាមបាក់សង្កត់គ្របពីលើ បណ្តាលឲ្យស្លាប់ ។
សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះឈ្មោះចន សុភ័ក្រ ភេទប្រុស អាយុ១៦ឆ្នាំ រស់នៅភូមិត្រាច ឃុំកំពង់ចិនជើង ស្រុកស្ទោង ខេត្តកំពង់ធំ ។
តាមការបំភ្លឺពីសាក្សីឈ្មោះ ង៉ែត ងួន ភេទប្រុស អាយុ៤៥ឆ្នាំ ជាកម្មកររោងម៉ាស៊ីនបានបញ្ជាក់ឲ្យដឹងថា: ជនរងគ្រោះបានចុះយកដែកដែលធ្លាក់ចូលក្នុងតៅបង្ហូអង្កាមជម្រៅ250សង្ទីម៉ែត្រ ពេលចុះទៅដល់បាតតៅ ត្រូវអង្កាមដែលនៅលើរអិលបាកចូលសង្កត់ពីលើបាត់ ភ្លាមៗនោះខ្លួនក៏បានហៅកម្មករនៅក្បែរៗនោះជាច្រើននាក់មកជួយកាយអង្កាមយកជនរងគ្រោះ ប្រហែលជាង20នាទី ទើបយកជនរងគ្រោះបានតែជនរងគ្រោះបានសន្លប់បាត់ស្មារតីហើយ ក៏បានយកជនរងគ្រោះទៅមន្ទីរពេទ្យស្រុកស្ទោង ពេលដល់ពេទ្យគ្រូពេទ្យបានប្រាប់ថា ជនរងគ្រោះស្លាប់បាត់ទៅហើយ។
សមត្ថកិច្ចបន្តថា បើយោងតាមការពិនិត្យនៅកន្លែងកើតហេតុ និងសាកសពសន្និដ្ឋានថា ជនរងគ្រោះស្លាប់ដោយការថប់ដង្ហើម សាកសពត្រូវបានប្រគល់ជូនក្រុមគ្រួសារសពយកទៅធ្វើបុណ្យតាមប្រពៃណី ៕ ប៊ុនរិទ្ធី